​រចនា, ​រមទម, ​រងា, ​ឫក, ​រ៉ាំរ៉ៃ, ​រឭក, ​រម្លឹក, ​រលំ, ​រក្សា, ​រឱសឋាន

375

​រចនា រៈ​ចៈ​ន៉ា សំ​. បា​. ( ន​. ) ការតាក់តែង​; ការធ្វើ​ឲ្យ​វិចិត្រ​ផ្សេងៗ​; ការរៀប​រៀង​ឲ្យ​ត្រូវ របៀប​បែបយ៉ាង​; ការ​តែងសេចក្ដី​ឲ្យ​ចុះ​របៀប​; … ។ ខ្មែរ​ប្រើពាក្យ​នេះ​ជា កិ​. ក៏បាន : រចនា​ឲ្យ​ល្អ​ប្លែក ។ ប្រើ​ជា គុ​. ក៏បាន : ការ​រចនា​, ក្បាច់រចនា ។ សាលា​រចនា សាលា​ដែលមាន​ពួក​គ្រូបង្រៀន​ខាង​ការ​រចនា ផ្សេងៗ (​ឈ្មោះ​សាលារៀន​មួយ​នៅ​ក្រុងភ្នំពេញ ក្នុង​សម័យមុន​, សម័យ​តម​ក​ហៅ សាលា​វិចិត្រសិល្ប​) ។

​រមទម រំទំ សំ​. បា​. ( គុ​. ) (​រម​, រម្យ “​រីករាយ​; ដែល​គួរ​រីករាយ​,…” + ទម “​ទូន្មាន​, បង្វឹក​”) ដែល​ទូន្មាន​ឬ​បង្វឹក​បាន​បទំ​ហើយ​; ស្រគត់ស្រគំ : មនុស្ស​រមទម​, ឫកពា​រមទម​, ចិត្ត​រម្យទម (​សរសេរ​ជា រម្យ​ទំ ឬ រំទំ តាម​ទម្លាប់​ឆ្ងាយ​ពី​ប្រភព​នៃ​ពាក្យ​) ។ រម្យទម​

​រងា ( គុ​. ) ដែលមាន​សម្ផស្ស​ត្រជាក់​ខ្លាំង​បណ្ដាល​ឲ្យ​ជ្រួតជ្រាប​ព្រឺ​សាច់​ព្រឺរោម : ខែរងា​, រដូវរងា ។ កិ​. ទទួល​សម្ផស្ស​ត្រជាក់​ខ្លាំង បណ្ដាល​ឲ្យ​ត្រូវការ​សម្ផស្ស​ក្ដៅ​ជួយ​ការពារ​ឲ្យ​កក់ក្ដៅ : អ្នក​មិនសូវ​រងា​ទេ​ឬ ? ខ្ញុំ​រងា​ណាស់ ។ ព​. ប្រ​. ភ័យ​បារម្ភ​ខ្លាច​សត្រូវ ព្រោះ​ឥត​ទី​ពំនាក់​ឬ​ព្រោះ​មិនមាន​គ្រឿង​ការពារ : តាំងពី​ដួច​រាជ​ការចាត់​ឲ្យ​មាន​មណ្ឌល​នីតិកម្ម​មក​នៅ​ជិត​ភូមិ​យើងៗ បាន​កក់ក្ដៅ​មិន​រងា​ដូច​ពី​ដើម ។ ន​. អាកាស​ដែល​បណ្ដាល​ឲ្យ​ត្រជាក់​ខ្លាំង ព្រឺ​សាច់​ព្រឺរោម : យប់​នេះ​មាន​រងា​ច្រើនជាង​យប់ម្សិល ។

​ឫក ( ន​. ) មារយាទ​; កិរិយា​, អាការកិរិយា​, បែបបទ​, សណ្ដាប់ធ្នាប់ (​របស់​រូប​កាយ​) : ឫកល្អ​, ឫកអាក្រក់​, ឫកសុភាព​, ឫកថ្លៃ​, ឫកថោក​; ធ្វើ​ឫក​, វាយឫក​; ឫកពា​សមរម្យ (​ឫកពា ប្រហែលជា ក្លាយ​មកពី ឫក្សពារ “​ថ្ងៃ​មាន​ឫក្ស​”, ក្រែង​ពួក​បុព្វបុរស​របស់​យើង​ប្រើ​ជា​ពាក្យប្រៀប​ថា “​មនុស្ស​មាន មារយាទ​ដូចជា​ថ្ងៃ​មាន​ឫក្ស​” ទេ​ដឹង ?) ។ ឫកពា​

​រ៉ាំរ៉ៃ ( កិ​. វិ​. ឬ គុ​. ) ត​ត្រំ​ត​ត្រើយ​, ត្រាំត្រែង​, យូរ : ឈឺ​រ៉ាំរ៉ៃ​, ក្មេង​យំរ៉ាំរ៉ៃ​; ជំងឺ​រ៉ាំរ៉ៃ (​សរសេរ​ជា រ៉ាំ –​ក៏បាន ប៉ុន្តែ​ទើស​ទែង ព្រោះ​មាន​មូសិកទន្ត​ផង​; គួរប្រើ រ៉ាំរ៉ៃ ស្រួល​ជាង​) ។

​រឭក ( កិ​. ) គិតដល់​, នឹក​ដល់​, នឹក​រឿយៗ​, នឹកឃើញ​ឡើងវិញ : រឭកគុណ​, រឭកកូន​, រឭកស្រុក​, រឭកជាតិ​បាន ។ ទុកជា​ទីរឭក ទុក​គ្រាន់​នឹង​ឲ្យ​ឃើញ​ម្ដងៗ​ឲ្យ​ភ្នកនឹក​ដល់ ។ ភ្ញាក់ពីដេក : រឭក​ពី​ដេក​, ដាស់​មិន​រឭក ។ រលឹក​

​រម្លឹក ( កិ​. ) ធ្វើ​ឲ្យ​រឭក​ឃើញ គឺ​ឲ្យ​នឹកឃើញ​, ឲ្យ​ភ្ញាក់ស្មារតី​, ឲ្យ​ចាំ​ឡើងវិញ : រម្លឹកស្មារតី​, រំលឹក​គ្នា​, រំឭក​មេ​ទន្ទេញ (​បុ​. សរ​. រំលឹក ក៏បាន​; សម័យ​ឥឡូវ​ក៏​សរសេរ រំឭក ឬ រំលឹក ឬ រម្លឹក នេះ ប្រើ​ជា​ជំនួស​គ្នា​បាន​តាម​ត្រូវការ​) ។ រំលឹក​, រំឭក​

​រលំ ( កិ​. ) ដួល​ដេក​ទាំងស្រុង​ទាំង​ជំហរ : ដើមឈើ​រលំ​, សសរ​រលំ ។ ព​. ប្រ​.​ខាត​វិនាស​លែង​តាំង ឬ​លែង​ប្រកប​ទៅទៀត​បាន : ជំនួញ​រលំ ។ រលំងារ ធ្លាក់​ងារ ឬ ខុស​ខូច​ងារ ។ រលំរលាយ​ខូច​វិនាស ទ្រព្យធន ឬ​យសស័ក្ដិ ។ ព​. ទ​. បុ​. ឈើ​ធំ​រលំ​សង្កត់​ឈើ​តូច អ្នកធំ​បង្គ្រប ឬ​សង្កត់សង្កិន​អ្នកតូច ដោយ​អំណាច ។

​រក្សា រ័ក​-​សា សំ​. បា​. ( កិ​. ) (​រក្ស​; រ​ក្ខ​) ថែ​, ថែទាំ​; បីបាច់​, ចិញ្ចឹម​; កាន់​; កាន់កាប់​; ការពារ​; ប្រយ័ត្ន : រក្សាទ្រព្យ​, រក្សាខ្លួន​, រក្សា​មារយាទ​, រក្សាសីល ។ រក្សាធិក្រឹត អ្នកកាន់ការ​រាជការ​ក្នុង​ទីប្រជុំ សង្កាត់ (​អភិបាលស្រុក​)​។ រក្សាភិបាល អ្នកគ្រប់គ្រង​រក្សា​ដោយ​ការ​ប្រយ័ត្ន​; ខ្មែរ​ប្រើពាក្យ​នេះ​ជា​ឋានន្តរ សម្រាប់​នាយ​សង្កាត់ : ពញារក្សាភិបាល​, ចួនកាល​ឡើងជា​ទី​ឃុន ឬ​ជាទី​ហ្លួង​ក៏មាន : ឃុន​រក្សាភិបាល​, ហ្លួង​រក្សាភិបាល ។ រក្សាព្រះអង្គ ឈ្មោះ​ក្រុម​ទាហាន​សម្រាប់​រក្សាព្រះអង្គ​ព្រះករុណា​ជា​អម្ចាស់​ជីវិត : ក្រុមរក្សាព្រះអង្គ​, ទាហាន​រក្សាព្រះអង្គ​។ រក្សាស្រុក ឈ្មោះ​ក្រុម​ទាហាន​សម្រាប់​ការពារ​កម្ពុជរដ្ឋ : ក្រុម​រក្សាស្រុក​, ទាហាន​រក្សាស្រុក​; សម័យនេះ​ហៅ ខេមរភូមិន្ទ ។​ល​។

​រឱសឋាន រៈអោស​-​ឋាន ឬ រៈ អោ​ស​ស្ឋា​ន ( ន​. ) សេចក្ដី​ហ្មងឆ្គង​ឬ​មោះហ្មង​, មោះមៃ​ដែល​នាំ​ឲ្យ ក្ដៅក្រហាយ​, ស្អុះស្អាប់ បែកចិត្ត​គំនិត​គ្នា​ឬ​បែក​ឃ្លាត​ចាក​ទី​, ចាក​លំនៅ : ខុស​មួយដង​ឆ្គង​មួយថ្ងៃ​គួរ អត់ឱន​ទៅ កុំ​ឲ្យ​មាន​រឱសឋាន​នឹង​គ្នា ! (​សរសេរ​ជា រឱស​ថា​ន ក៏មាន ។ ម​. ព​. រឱស និង ឋាន ផង​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​