​រដូវចូលឆ្នាំ​ខ្មែរ ជា​ខែ​ដែល យ​ន ចងចាំ​មិន​ភ្លេច​

970

​ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ គឺជា​ថ្ងៃ​មហា​ជោគជ័យ​របស់​កងទ័ព​រំដោះ​ខ្មែរក្រហម លើ​រដ្ឋាភិបាល លន់ នល់ ទាំងស្រុង​។ ប៉ុន្តែ សម្រាប់​ប្រជាជន​កម្ពុជា ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ គឺជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ការព្រាត់ប្រាស់​ក្រុមគ្រួសារ មនុស្ស​ជាទី​ស្រឡាញ់ ចាក ឆ្ងាយ​ពី​ផ្ទះសម្បែង​ទៅ​រស់នៅក្នុង​ពិភព​មួយទៀត​ដែល​ពោរពេញ​ដោយ​ក្តី​វេទនា​។

​ហង់ យ​ន នៅ​វិ​ទ្យ​ស្ថាន​ជាតិ​អប់រំ​

​វត្តមាន​របស់​កងទ័ព​រំដោះ​មកដល់​ទីក្រុង​ភ្នំពេញ ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ បានទទួល​ការអបអរសាទរ​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នករស់នៅ​ទីក្រុង​។​ប្រជាជន​ម្នាក់ៗ បាន​យក​ក្រណាត់​ពណ៌​សមក​ចង​ខាងមុខផ្ទះ ជា​សញ្ញា​នៃ​សន្តិភាព ហើយ​អ្នក​ខ្លះទៀត​បាននាំគ្នា​ទៅ​ឈរ​អម​សងខាង​ផ្លូវ និង​ស្រែក​ជ័យ​ឃោស​ស្វាគមន៍​កងទ័ព​ខ្មែរក្រហម​។ ប្រជាជន​គ្រប់រូប​បាន​គិតក្នុងចិត្ត​ថា សង្គ្រាម​នឹងត្រូវ​បានបញ្ចប់ ហើយក៏​សង្ឃឹមថានឹង អាច​រស់នៅក្នុង​សុខសន្តិភាព​ជាក់​ជាមិនខាន​។ ទន្ទឹមនឹង​ការស្វាគមន៍​នេះ មានការ ប្រកាស​ព័ត៌មាន​មួយ​បាន​បន្លឺឡើង​តាមរយៈ​វិទ្យុជាតិ​មក​ថា «​ជ័យជម្នះ​នេះ គឺ​ទទួលបាន ដោយ​ចុង​អាវុធ មិនមែន​បានមក​ដោយ​ការចរចា​ទេ​»​។​

​មិនយូរប៉ុន្មាន​សំឡេង​សើច​សប្បាយ បានប្រែក្លាយ​ទៅជា​សំឡេង​ហៅរក​ប្រពន្ធ កូន ឪពុកម្តាយ ដែល​ពោរពេញ​ទៅដោយ​ភាព​តក់ស្លុត ភ័យខ្លាច បន្ទាប់ពី​ឮ​យោធា​ខ្មែរក្រហម​គំរាម និង​បញ្ជា​ឲ្យ​រៀបចំ​អីវ៉ាន់​ចាក​ចេញពីផ្ទះ​។ គ្រប់គ្នា​ស្រឡាំងកាំង​នឹង​បញ្ជា​នេះ​។ យោធា​ខ្មែរក្រហម​បានប្រកាស​ទៀតថា អ្នក​ទាំងអស់គ្នា​មិនចាំបាច់​យក​របស់របរ​ទៅ ជាមួយ​ច្រើន​ទេ ព្រោះ​ការចាកចេញ​នេះ​មាន​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ នឹង​បាន​ត្រឡប់​មកវិញហើយ​។ គ្មាន​នរណាម្នាក់​បានដឹង​ថា បី​ថ្ងៃ​ដែល​ខ្មែរក្រហម​បាន​និយាយ ក្លាយជា​បី​ឆ្នាំ​នោះទេ​។

​បើ​យោងតាម​ឯកសារ D០០៧១០ បាន​ឲ្យ​ដឹងថា ខ្មែរក្រហម​មាន​ផែនការ​រួចជាស្រេច​ក្នុង​ការវាយរំដោះ​ទីក្រុង​ភ្នំពេញ និង​ជម្លៀស​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ​នៅ​ចំពេល​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ «​ខ្មែរក្រហម បាន​យក​ផ្សារ​ធំថ្មី ធ្វើជា​ចំណុចកណ្តាល​ដើម្បី​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា តាម​មុខសញ្ញា​របស់​ភូមិភាគ​នីមួយៗ ដូចជា ភ្នំពេញ​ភាគ​ខាងកើត និង​ភាគខាងត្បូង ៖ ប្រជាជន​ភាគ​នេះ​ត្រូវ​ចេញទៅ​ភូមិភាគ​បូព៌ា​ទិស រួមមាន ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​។ រីឯ​ភ្នំពេញ​ភាគ​ខាងកើត និង​ភាគ​ខាងជើង​៖ ប្រជាជន​ភាគ​នេះ​ត្រូវ​ចេញទៅ​ភូមិភាគ ឧ​ត្ត​រ​ទិស និង​ត្រូវ​ឆ្ពោះទៅ​ខេត្តកំពង់ចាម កំពង់ធំ និង​ខេត្តសៀមរាប​។ ចំពោះ​ភ្នំពេញ​ភាគ​ខាងលិច និង​ភាគ​ខាងជើង ៖ ប្រជាជន​ភាគ​នេះ​ត្រូវ​ចេញទៅ​ភូមិភាគ​ពាយ័ព្យ​ទិស រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង​។ សម្រាប់​ភ្នំពេញ​ភាគ​ខាងលិច និង​ភាគខាងត្បូង ប្រជាជន​ភាគ​នេះ​ត្រូវ​ចេញទៅ​ភូមិភាគ​បស្ចិមទិស ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង និង​កំពង់ស្ពឺ​។ រីឯ​ភ្នំពេញ​ភាគខាងត្បូង និង​ភាគ​ខាងលិច ៖ ប្រជាជន​ភាគ​នេះ​ត្រូវ​ចេញទៅ​ភូមិភាគ​និរតី​ទិស ឆ្ពោះទៅ​ខេត្តកំពត និង​តាកែវ​។ ជា​ចុងក្រោយ ភ្នំពេញ​ភាគខាងត្បូង​ភាគ និង​ខាងកើត ប្រជាជន​ភាគ​នេះ​ត្រូវ​ចេញទៅ​ភូមិភាគ​ពិសេស ឆ្ពោះទៅ​ខេ​តុ្ត​តាកែវ តាម​ថ្នល់ជាតិ​លេខ​២​។​

​អំឡុងពេល​ជម្លៀស​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ​ប្រជាជន​ម្នាក់ៗ​បាន​ចាកចេញ ដោយ​ភាពភ័យខ្លាច ហើយក៏​ជឿជាក់​ចំពោះ​ការបោក​បញ្ឆោត​របស់​ខ្មែរ ក្រហម​ដែល​សន្យាថា នឹង​ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ​ក្នុង​រយៈពេល​បី​ថ្ងៃក្រោយ​។ ជាក់ស្តែង ហង់ យ​ន សព្វថ្ងៃ​អាយុ ៦២​ឆ្នាំ ជា​បុគ្គលិក​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​រម្លឹកថា នៅ​ថ្ងៃ​១៧ មេសា ១៩៧៥ គាត់​បានឮ​ខ្មែរក្រហម​ប្រកាស​ប្រាប់ថា «​សូម​បងប្អូន ចេញពី ទីក្រុង​ភ្នំពេញ​ត្រឹម​រយៈពេល​បី​ថ្ងៃ ហើយ​យើង​នឹង​ឲ្យ​វិល​ត្រឡប់មក ភ្នំពេញ​វិញ​»​។ យ​ន និង​ក្រុមគ្រួសារ​បាន​ចាក​ចេញពីផ្ទះ​តាម​ការបញ្ជា​របស់​ខ្មែរក្រហម ដោយ​ធ្វើដំណើរ ទៅ​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​។ យ​ន និង​គ្រួសារ​ធ្វើដំណើរ​ដោយ​មិន ស្រូត​ខ្លាំង​នោះទេ ព្រោះ​នឹក​គិតថា ខ្មែរក្រហម​ឲ្យ​ចេញ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​។ គាត់​ធ្វើដំណើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​មិនមាន​ឮ​ការប្រកាស​ហៅ​ឲ្យ​ប្រជាជន​ចូលក្នុង​ក្រុងភ្នំពេញ​វិញ​ឡើយ​។ គាត់​ក៏ដូចជា​អ្នក​ជម្លៀស​ដទៃទៀត ចាប់ផ្តើម​អស់សង្ឃឹម និង​ភ័យខ្លាច​។ អ្វីដែល​សំខាន់​នោះ គឺ​ស្បៀង​ហូបចុក ព្រោះ​គាត់​មិនបាន​យកមក​ច្រើន​នោះទេ​។ មួយ​សប្តាហ៍​ក្រោយមក គាត់ និង​គ្រួសារ​បានធ្វើ​ដំណើរ​មក​ដល់​ស្រុកកំណើត​។ យ​ន ស្នាក់នៅ​ទីនោះ​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍ ទើប​ខ្មែរក្រហម​ជម្លៀស​គាត់​បន្តទៅ​កន្លែង​ផ្សេងទៀត​។ ខ្មែរក្រហម​បាន​យក​ឡាន​កា​មី​ញ៉ុ​ង​បិទ​ដំបូល​មក​ដឹក យ​ន និង​ប្រជាជន​ជម្លៀស​ដទៃទៀត​បន្តដំណើ​រ​ឆ្ពោះទៅ​ខេត្តសៀមរាប​។ ពេលនោះ ខ្មែរក្រហម​បានប្រកាស​ប្រាប់​ប្រជាជន​ជម្លៀស​ម្តង​ទៀតថា «​បងប្អូន​ទាំងអស់​មិនចាំបាច់​ព្រួយបារម្ភ​អ្វី​ទេ ព្រោះ​ពេលទៅដល់​ទីនោះ យើងទាំងអស់គ្នា មិន​ខ្វះ​អ្វី​ហូប​ឡើយ ដោយសារ​តំបន់​នោះ សម្បូរ​ស្រូវ​អង្ករ​សម្រាប់​យើងទាំងអស់គ្នា​»​។ ប៉ុន្តែ សម្រាប់ យ​ន ផ្ទាល់​មិន​ជឿ​នូវ​ពាក្យ​បោក​បញ្ឆោត​របស់​ខ្មែរក្រហម​ទាំងនេះ​ទៀត​ទេ​។ យ​ន បាន​ឃ្លាតឆ្ងាយ​ពី​ស្រុកកំណើត ដោយ​ពុំមាន​អ្វី​ជាប់​នឹង​ខ្លួន គឺមាន​ត្រឹមតែ​ខោអាវ​មួយ​កំ​ផ្លេ​រ​ប៉ុណ្ណោះ​។ យ​ន តែង​គិតក្នុងចិត្ត​ថា គាត់​មិន មាន​សេចក្តី​រំពឹង​រួចផុតជីវិត​មកជួបជុំ​បងប្អូន​វិញ​ឡើយ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក យ​ន បាន​ទៅដល់​ខេត្តសៀមរាប ហើយ​អង្គការ​បាន​ចាត់តាំង យ​ន ឲ្យ​ចូលក្នុង​កងចល័ត ដោយ មាន​នាទី​លើក​ទំនប់ និង​ភ្លឺស្រែ​។ យ​ន ធ្វើការ​ក្នុង​កងចល័ត រហូតដល់​កងទ័ព វៀតណាម​វាយ​ចូល​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៩​។ ពេលនោះ យ​ន បាន​ត្រឡប់មក​ស្រុក កំណើត​វិញ ដោយ​គាត់​ធ្វើដំណើរ​ថ្មើរជើង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ បន្ទាប់ពី យ​ន ទៅដល់​ស្រុកកំណើត ផ្ទះ​របស់គាត់​ត្រូវបាន​អ្នកផ្សេង​រស់នៅ រីឯ​សាច់ញាតិ​បងប្អូន គឺ​គាត់​បាន​ជួបតែ​ម្តាយ និង​បងស្រី​ម្នាក់​ប៉ុណ្ណោះ​។ យ​ន បាន​រៀបរាប់ថា នៅ​ខែមេសា ឈាន​មកដល់ គាត់​តែងតែ​នឹករ​ឮ​ក​ដល់​សាច់ញាតិ​បងប្អូន​ដែល​បាន​ស្លាប់ ក្នុងអំឡុងពេល ខ្មែរក្រហម​ជម្លៀស​ទៅ​តំបន់​ផ្សេងៗ​។ យ​ន តែងតែមាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ព្រោះ​គាត់​បាន​បាត់បង់​សាច់ញាតិ​បងប្អូន​អស់​ជាច្រើន​នាក់​។

​បច្ចុប្បន្ននេះ សម្រាប់ យ​ន ខែមេសា ដែលជា​រដូវចូលឆ្នាំ​ប្រពៃណីជាតិ គាត់​មានចិត្ត សប្បាយរីករាយ​ណាស់ ដោយបាន​សម្រាក​ពី​ការងារ មកជួបជុំ​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ ប្រកបដោយ​ក្តី​រីករាយ​។ ប៉ុន្តែ គាត់​ក៏​មិនអាច​បំភ្លេច​បានដែរ នូវ​ទិដ្ឋភាព​ដែល​គាត់​បានឃើញ និង​បាន​ជួបប្រទះ នា​ពេលដែល​ខ្មែរក្រហម​បាន​ជម្លៀស​គ្រួសារ​គាត់ ក៏ដូចជា​ប្រជាជន​ដទៃទៀត ក្នុងអំឡុង​រដូវចូលឆ្នាំ​ខ្មែរ បើទោះបីជា​រឿងរ៉ាវ​ដ៏​ខ្លោចផ្សា​នេះ​បាន​កន្លងទៅ​ជាង​៤០​ឆ្នាំ​ហើយក៏​ដោយ​។ ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ នៅតែ​ដក​ជាប់​ក្នុង​ចិត្ត​គាត់ ជានិច្ច​៕ ល​