​រដូវប្រាំង​នៅ​កម្ពុជា​អត់​ភ្លៀង​គ្មាន​អី​ចម្លែក​ទេ​

202
ចែករម្លែក

ដោយ​៖​ប​.​ខុន​/​ភ្នំពេញ​៖​រយៈពេល​ពី​ខែវិច្ឆិកា​ដល់​ខែមករា​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ការចាប់ផ្តើម​មកដល់​នៃ​រដូវប្រាំង​គ្មាន​ភ្លៀង​ធ្លាក់​ជា​រឿង​ធម្មតា មិនមែន​រាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​គេ​លើកឡើង​នោះទេ​។ កម្ពុ​ជាមាន​របប​រដូវ​កាល​ច្បាស់លាស់ គឺ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​និង​រដូវប្រាំង​ក្តៅ​ហួតហែង​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា​ប្រទេស​កម្ពុ​ជាមាន​រដូវ​កាល​ច្បាស់​គឺ​រដូវប្រាំង​និង​រដូវវស្សា ដោយ​គិត​ចាប់ពី​ខែឧសភា​ដល់​ខែវិច្ឆិកា​ជា​រដូវវស្សា​និង​ពី​ខែវិច្ឆិកា​ដល់​ខែឧសភា​ជា​រដូវប្រាំង​។​ខែវិច្ឆិកា​ដល់ ខែមករា​ជា​រយៈពេល​ចាប់ផ្តើម​មកដល់​នៃ​រដូវប្រាំង មិនមាន​ភ្លៀង​ធ្លាក់​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​និយាយ​ដូច​លើកឡើង​ដូច​ខាងលើនេះ​ទំនងជា​ចង់​ឆ្លើយតប​ទៅនឹង​សារ​ព្រមាន​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​ដែល​បានលើកឡើង​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ថា​ប្រទេស​កម្ពុជា​នឹង​ទទួលរង​នូវ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ចាប់ពីពេលនេះ​(១៩​ខែវិច្ឆិកា​)​រហូតដល់​ខែមករា​ឆ្នាំ​២០២០​ខាង មុខ​ធ្វើឱ្យ ប៉ះពាល់​ដល់​ដំណាំ​ផ្សេងៗ​ដោយសារ​ការខ្វះខាត​ទឹក​ស្រោចស្រប​។​

​គណៈកម្មការ​ទន្លេមេគង្គ​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្រោម​នឹង​ទទួលរង​នូវ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ចាប់ពីពេលនេះ​ដល់​ខែមករា​ឆ្នាំ​២០២០​។​ក្នុងនោះ​មាន​ប្រទេស​ថៃ​និង​កម្ពុជា​នឹង​ទទួលរង​នូវ​ការវាយប្រហារ​ពី​គ្រោះរាំងស្ងួត​នេះ​ខ្លាំង ជាង​ប្រទេស​ឡាវ​និង​វៀតណាម​។​

​លោក​ចាន់ យុ​ត្ថា​និយាយ​បែប​ប្រតិកម្ម​ទៅនឹង​ពត៍​មាន​ខាងលើ​ថា​ចាប់ពី​ខែ វិច្ឆិកា​ដល់​ខែមករា គឺជា​ការចាប់ផ្តើម​មកដល់​នៃ​រដូវប្រាំង​ធម្មតា ដែល​ឆ្នាំ​ខ្លះ​អាច នៅមាន​ភ្លៀង​ធ្លាក់​តិចតួច​(​ផ្សែង​ក្រូច​) តែ​ជាធម្មតា​ជា​ខែ​ទទួល​ឥទ្ធិពល​ខ្យល់​មូ​សុ ង ឦសាន​(​រដូវរំហើយ​)​អាកាសធាតុ​ត្រជាក់​គ្មាន​ភ្លៀង ។ ឆ្នាំនេះ​ធាតុអាកាស ពី​ខែ ធ្នូ​ដល់​ខែ​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០២០ អាច​ត្រជាក់​ជាង​ឆ្នាំ​២០១៩​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​នៅក្នុង​រដូវវស្សា​កន្លង​ទៅ​ប្រទេស​កម្ពុជា​ទទួលរង​ឥទ្ធិពល​អែល​នី​ណូ​ដែលមាន​ភ្លៀង​រាយប៉ាយ​មិនបាន​ស្មើ​ល្អ​។​ទោះជា​យ៉ាងណា​នៅ​កម្ពុជា​មានទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រប​ដំណាំ​ស្រូវវស្សា​ជាង​ពីរ​២,៥​លាន​ហិកតា​និង​នៅសល់​ទឹក​តាម​ប្រព័ន្ធ ធា​រា សាស្ត្រ​សម្រាប់​បង្កបង្កើនផល​ស្រូវប្រាំង​ប្រមាណ​៤៥​ម៉ឺន​ហិកតា​ធ្វើ​ម្តងទៀត​៕S/​