​រដូវរំហើយ​ឆ្នាំនេះ​ផល​ត្រី​នៅ​ខេត្តស្ទឹងត្រែង​ថយចុះ​គួរឱ្យ​បារម្ភ​ខ្លាំង​

774

(​ស្ទឹងត្រែង​)៖​ជា​រៀងរាល់ឆ្នាំ​រដូវរំហើយ​ក្នុង​ខែធ្នូ​គេ​តែង​សង្កេតឃើញ​ត្រី​ជាច្រើន​ប្រភេទ​រួមទាំង​ត្រី​ដ៏​កម្រ​ដូចជា​ត្រី​ប៉ា​ស៊ី​អ៊ី​និង​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​ជាដើម​នោះ​តែងតែ​សម្បូរ​ដែល​អ្នកនេសាទ​ដាក់មង​បាន​រាប់រយ​គីឡូក្រាម​ក្នុង​១​ថ្ងៃៗ​។​

ដោយឡែក​ឆ្នាំនេះ​ហាក់បីដូចជា​មានការ​ថយចុះ​គួរឱ្យ​បារម្ភ​យ៉ាងខ្លាំង​។​អ្នកនេសាទ​ត្រី​និង​អ្នកលក់​ត្រី​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​បាន​ត្អូញត្អែរថា​ការនេសាទ​នៅតាម​ដង​ទន្លេសេកុង​,​មេគង្គ​ឆ្នាំនេះ​កាន់តែ​ខ្សត់​ទៅជា​ដើមហេតុ​ធ្វើឱ្យ​តម្លៃ​ត្រី​នៅលើ​ទីផ្សារ​កាន់តែ​ថ្លៃ​។​

​អ្នកនេសាទ​ម្នាក់​បានលើកឡើង​ថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផល​ត្រី​ក្នុង​ខេត្តស្ទឹងត្រែង​កាន់តែ​ខ្សត់​ទៅហើយ​គឺជា​ក្តីបារម្ភ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​។​អ្នកនេសាទ​យល់ឃើញថា​មូលហេតុ​នៃ​ការថយចុះ ផល​ត្រី​អាច​នឹង​បណ្តាល មកពី​កក្តា​ជាច្រើន​មានដូចជា ការប្រែប្រួល អាកាសធាតុ​ទឹក​ឡើង​ចុះ​មិន​ទៀត​ទាត់​។​

ការបិទ​ទំនប់​ដន​សា​ហុង​តាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ​ដែល​ស្ថិត​នៅក្បែរ​ព្រំដែន​កម្ពុជា​និង​ការសង់​ទំនប់​រាំងខ្ទប់​ទន្លេសេសាន​ក្នុង​ខេត្តស្ទឹងត្រែង​។​អ្នកនេសាទ​បាន​និយាយថា​ត្រី​នៅតាម​ដង​ទន្លេសេសាន​មិនអាច​ផ្លាស់​ទី​មក​តាម​ចរន្តទឹក​ចុះមក​ក្រោម​ដូច​ធម្មជាតិ​បានឡើយ​ចាប់តាំងពី​មាន​ការសង់​ទំនប់​បិទ​ទន្លេសេសាន​នោះមក​ប៉ុន្តែ​ត្រី​បែរជា​សម្បូរ​នៅ​ផ្នែក​ខាងលើ​នៃ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ទៅវិញ​។​
​ ​
​តាម​ធម្មជាតិ​ក្នុង​រដូវរំហើយ​ចុងឆ្នាំ​ត្រី​តែងតែ​ផ្លាស់​ទី​ពី​ផ្នែក​ខាងលើ នៃ​ដង​ទន្លេមេគង្គ​និង​សេ​សាន​,​ទន្លេស្រែពក ចុះទៅ​រស់នៅ​តំបន់​ព្រៃ​លិច​ទឹក សម្បូរ​ថ្ម​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ជាមួយ​ខេត្តក្រចេះ​។​

ត្រី​ទឹកសាប នៅក្នុង​ខេត្ត នេះ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​។​អ្នកនេសាទ​កត់សម្គាល់​ឃើញថា កាលពី​ឆ្នាំមុនៗ មិនទាន់មាន​ការសង់​ទំនប់​ហើយ​ទឹកទន្លេ លិច​ចូលដល់​ផ្សារ​ខេត្តស្ទឹងត្រែង​ត្រី​សម្បូរ​ណាស់​។​ក៏ប៉ុន្តែ​ចាប់តាំងពី​ទឹកទន្លេ​ឡើង​ចុះ​មិន​ទៀត​ទាត់​និង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នោះមក​ផល​ត្រី​កាន់តែ​ខ្សត់​ទៅ​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម​។​ម្យ៉ាងទៀត​ការនេសាទ​ប្រើ​បទល្មើស​ខុសច្បាប់​នៅតាម​តំបន់​ដាច់ស្រយាល​ពេលយប់​អា​ធ្រា​ត្រ ក៏​កើតមាន​ច្រើន​ទៀតផង​។​
​ ​
​លោក ទុំ នី​រ៉ូ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ដើមហេតុ​នៃ​ការថយចុះ ផល​ត្រី​នៅ​ឆ្នាំនេះ អាច​ដូច​តាម​ការយល់ឃើញ​របស់​អ្នកនេសាទ​លើកឡើង​នេះ​មែន​។​ជំនាញ​ជលផល​កំពុង​មានការ​បារម្ភ​ទៅលើ​ផល​ត្រី​ថយចុះ​ជា​រៀងរាល់ឆ្នាំ​។​

លោក ទុំ នី​រ៉ូ​បាន​និយាយទៀតថា មន្ត្រីជលផល​សកម្ម​ណា​ស់ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​។​ជំនាញ​បាន​ខិតខំ ប្រើ​យុទ្ធសាស្ត្រ​ទន់​និង​វឹង​ដូចជា​ការអប់រំ​ណែនាំ​ដល់​អ្នកនេសាទ​ហាម​មិន​ឱ្យប្រើ​ឧបករណ៍​ហាមឃាត់​និង​ការឃាត់ខ្លួន​ជនល្មើស​ជាច្រើន​ដង​។​រឿងនេះ​ដើម្បី​កាន់​បន្ថយ​ការប្រព្រឹត្ត​បទល្មើស​គឺ​ទាល់តែ​មានការ​ចូលរួម​ទាំងអស់គ្នា ទើប​ផល​ត្រី អាច​រក្សា​តដល់​កូនចៅ ជំនាន់​ក្រោយ​បាន​ស្គាល់​។​អ្វីដែល​បារម្ភ​ជាងគេ​នោះ​គឺ​ក្លាច​បាត់​ប្រភេទ​ត្រី​ដ៏​កម្រ ដូចជា​ត្រី​ប៉ា​ស៊ី​អ៊ី​នោះ​តែម្តង​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខាងលើ​បាន​បញ្ជាក់ថា​ឆ្នាំ​២០១៧​មន្ត្រីជលផល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់​។​រឹបអូស​មង​បាន​ប្រវែង​២​ម៉ឺន​៧​ពាន់​៨៧៨​ម៉ែត្រ​,​ស​ន្ទួ​ចនង​៥​ពាន់​១១​ផ្លែ​និង​បាន​ដុត​បំផ្លាញចោល​សាច់​ដាយ​ចំនួន​១០​មាត់​ប្រវែង​២៥៨​ម៉ែត្រ​។​

រឹបអូស​ទូក​១​គ្រឿង​,​ថ្ម​ស្អុយ​២​តោន​,​បង្គោល​២០០​ដើម​,​ព្រួល​១០០​ម៉ែត្រ​,​ទូក​និង​ម៉ាស៊ីន​៥​គ្រឿង​។​ក្បាល​ឆក់​៦​គ្រឿង​,​អាគុយ​១​គោម​ភ្លើង​១​ថ្នង​ដងត្រី​៣,​រំសេវ​កំប៉ុង ស្រកីដូង សម្រាប់​កែច្នៃ​បំផ្ទុះ​១​ដុំ និង​បាន​អប់រំ ដល់​ប្រជា​នេសាទ​ចំនួន​២១៦​នាក់​។ បានធ្វើ​កិច្ចសន្យា​បញ្ឈប់ ការប្រើប្រាស់ បទល្មើស​នេសាទ​ខុសច្បាប់​៩៩​នាក់​៕S/​ដោយៈ សុខុម​

​រដូវរំហើយ​ឆ្នាំនេះ​ផល​ត្រី​នៅ​ខេត្តស្ទឹងត្រែង​ថយចុះ​គួរឱ្យ​បារម្ភ​ខ្លាំង​