​រដ្ឋបាលខេត្ត​ចង់ឃើញ​ការទាញយក​អំបិល​រ៉ែ​ជំនួស​ឱ្យ​ការផលិត​ដោយ​បូមទឹក​សមុទ្រ​ហាល​

388
ចែករម្លែក

ដោយ​៖​បូកគោ​/​កំពត​៖​ការ​ទទួលផល​អំបិល​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​នាពេល​បច្ចុប្បន្ន​ពឹងផ្អែក​ទាំងស្រុង​លើក​ត្តា​ធម្មជាតិ​។ ក្នុងករណី​មាន​ក្រុម​អ្នកបច្ចេកទេស​ជំនាញ​ផ្នែក​ខាង​អំបិល​រ៉ែ រដ្ឋបាល​ខេត្តកំពត​ស្វាគមន៍​សម្រាប់​កិច្ចសហការ​ដើម្បី​ទាញយក​អំបិល​មកប្រើប្រាស់​ជំនួស​ឱ្យ​ការបូមទឹក​សមុទ្រ​ហាល​ជាច្រើន​ថ្ងៃ​។​

​នា​ពិធី​ស្វាគមន៍​គណៈប្រតិភូ​រដ្ឋ​សភា​ដឹកនាំ​ដោយ​លោកស្រី​និ​ន​សា​ផុន​ក្នុង​បេសកកម្ម​តាមដាន​ការអនុវត្ត​និង​តម្រូវការ​ច្បាប់​បន្ថែម​ក្រោម​បន្ទុក​របស់​គណៈកម្មកា​រ​ទី​ប្រាំបួន កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលាខេត្ត​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ការ​ទទួលផល​អំបិល​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​នៅពេល​បច្ចុប្បន្ន​ពឹងផ្អែក​ទាំងស្រុង​លើក​ត្តា​ធម្មជាតិ​។​

ក្នុងករណី​មាន​ក្រុម​អ្នកបច្ចេកទេស​ជំនាញ​ផ្នែក​ខាង​អំបិល​រ៉ែ​រដ្ឋបាល​ខេត្តកំពត​ស្វាគមន៍​សម្រាប់​កិច្ចសហការ​ដើម្បី​ទាញយក​អំបិល​មកប្រើប្រាស់​ជំនួស​ឱ្យ​ការបូមទឹក​សមុទ្រ​ហាល​ជាច្រើន​ថ្ងៃនោះ​។ នៅ​ឆ្នាំ​២០១៧​និង​២០១៨​កន្លងមក​អំបិល​ដែល​ផលិត​បាន​មាន​បរិមាណ​តិចតួច​បំផុត​គឺ​ប្រហែល​បី​ពាន់​ទៅ​បួន​ពាន់​តោន​ប៉ុណ្ណោះ ព្រោះតែ​ធាតុអាកាស​មិន​អំណោយផល​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​អំបិល​ដែល​នៅ​សេសសល់​ពី​ឆ្នាំមុនៗ​ប្រមាណ​មួយ​សែន​តោន​នោះ​គឺ​បាន​ប្រើប្រាស់​អស់ទាំង​ស្រុង​រហូត​មានការ​នាំចូល​មកពី​ប្រទេសក្រៅ​ព្រោះ​ក្នុង​មួយឆ្នាំៗ​ត្រូវការ​ប្រើប្រាស់​មួយ​សែន​តោន​សម្រាប់​ទូទាំងប្រទេស​។​

ម្ល៉ោះហើយ​បើ​ផលិត​មិនបាន​មួយ​សែន​តោន​នោះ​ការផ្គត់ផ្គង់​អំបិល​មិន​គ្រប់​តាម​តម្រូវការ​ឡើយ​។​ប៉ុន្តែ​ក្នុងករណី​ធាតុអាកាស​ល្អ​ជាមួយនឹង​ចំនួន​ស្រែអំបិល​ដែល​មាននៅ​ខេត្តកំពត​និង​ខេត្ត​កែប​ជាង​បួន​ពាន់​ហិកតា​គឺអាច​ផលិត​បាន​ពីមួយ​សែន​ប្រាំ​ម៉ឺន​តោន​ទៅមួយ​សែន​ប្រាំមួយ​ម៉ឺន​តោន​។

​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បន្តថា​តាម​ការ​ឱ្យដឹងពី​សហគម​ន៍​អ្នក​ផលិត​អំបិល​គឺ​រវាង​បួន​ឆ្នាំទៅ​ប្រាំ​ឆ្នាំ​ម្តង​តែងមាន​ពីរ​ឆ្នាំ​ដែល​មិន​អំណោយផល​ព្រោះ​ភ្លៀង​ធ្លាក់​ច្រើន​។ ដូច្នេះ លោក​សង្ឃឹមថា ឆ្នាំ​២០១៩​នេះ ការផលិត​អំបិល​នឹង​ទទួលបាន​ជោគជ័យ​ឡើងវិញ​៕S/​