​រដ្ឋបាលខេត្ត​ជ្រើសរើស​សណ្ឋាគារ​ផាក​ជាទី​តាំង​ដាក់​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​

96
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​លោក​ងួន​រតនៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​១៩​ព្រមទាំង​អនុប្រធាន​និង​សមាជិក​កាលពី​រសៀល​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​នេះ​បានសម្រេច​ជ្រើស​រើសយក​សណ្ឋាគារ​ផាក​។​ស្ថិតនៅ​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ធ្វើជា​ទីតាំង​សម្រាប់​ដាក់​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​។​ប្រមូល​ពួកគាត់​ដែល​ស្ម័គ្រចិត្ត​មក​នៅ​ប្រមូល​ផ្តុំគ្នា​ដើម្បី​ងាយស្រួល​ឱ្យ​ក្រុម​គ្រ​ពេទ្យ​ពិនិត្យ​តាមដាន​នូវ​ជំងឺ​កូ​វីដ​១៩​រយៈពេល​១៤​ថ្ងៃ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ការជួល​សណ្ឋាគារ​ផាក​មាន​១៥០​បន្ទប់​នេះ​គឺ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ខេត្តបាត់ដំបង​។​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​រដ្ឋបាលខេត្ត​បានរៀបចំ​ទីតាំង​សម្រាប់​ពិគ្រោះ​យោបល់​និង​តាមដាន​ជំងឺ​កូ​វីដ​១៩​នេះ​មាន​ទីតាំង​ធំៗ​២​។​

​គឺ​១​នៅ​សណ្ឋាគា​ផាក​មាន​១៥០​បន្ទប់​និង​នៅ​វិទ្យា​ព្រះមុនីវង្ស​មាន​៣០​បន្ទប់​សរុប​១៨០​បន្ទប់​។​ដោយឡែក​ក្រុមការងារ​ចុះជួយ​គណបក្ស​ក្រុង​បានជ្រើសរើស​យក​សាលាបឋមសិក្សា​បាឡាត់​ស្ថិត​ក្នុងភូមិ​សាលា​បាឡាត់​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​ធ្វើជា​ទីតាំង​ប្រមូលផ្តុំ​អ្នកស្ម័គ្រចិត្ត​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​ឯកទេស​ពិនិត្យ​ងាយស្រួល​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​សម្រាប់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​និង​មន្ទីរពេទ្យ​អ៊ី​មេគ​ស៊ិន​ស៊ី​គឺ​ដាក់​ជំ​ងី​កូ​វិដ​១៩​ដែល​វិជ្ជមាន​ចំនួន​៨​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ដែល​ទៅ​ចូលរួម​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​លោក​ប្រធាន​គណៈកម្មការ​បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​បើ​មានការ​សង្ស័យ​ចំពោះ​អាកា​រៈ​ក្តៅ​ខ្លាំង​ក្អក​ផ្តាសាយ​ឬ​ពិបាក​ដកដង្ហើម​សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៅ​ទីតាំង​ណាមួយ​ដែល​នៅ​ជិត​ផ្ទះ​របស់ខ្លួន​ក៏បាន​គឺ​ក្រុមគ្រូពេទ្យ​ទាំងនោះ​គាត់​យកចិត្តទុកដាក់​ជួយ​ជា​យោបល់​សូម​បងប្អូន​កុំ​ព្រួយបារម្ភ​ឡើយ​៕S/