​រដ្ឋបាលខេត្ត​នឹង​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​ឱ្យមាន​ភាព​អ​ធឹ​ក​អធម​ជាង​ឆ្នាំមុនៗ​

569
ចែករម្លែក

ដោយ​បូកគោ​/​កំពត​ពតៈ​រដ្ឋបាលខេត្ត​កំពត​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​ឱ្យមាន​ភាព​អ​ធឹ​ក​អធម​ដើម្បី​បង្កក្តី​សប្បាយរីករាយ​ស​ម្រា​ប់​ភ្ញៀវ​ជិត​ឆ្ងាយ​ដែលមាន​វត្តមាន​ក្នុង​ក្រុង​កំពត​។​

ក្នុង​កិច្ចប្រជុំ​ស្តីអំពី​គម្រោង​រៀបចំ​អបអរសាទរ​ពី​ធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨-២០១៩​នាពេល​ថ្មីៗ​នេះ​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​រដ្ឋបាល​ខេត្តកំពត​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ដើម្បី​ឱ្យមាន​ភាពសប្បាយ​រីករាយ​និង​អ​ធឹ​ក​អធម​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​។​

​បំណង​បង្ក​ភាពសប្បាយ​រីករាយ​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងឡាយ​។​ដោយមាន​ក្រុមហ៊ុន​ជា​ដៃគូ​ចូលរួម​រៀបចំ​ផង​នោះ ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ​ទៅ នៅលើ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​នឹងមាន​ស្តង់​ពិព័រណ៍​ផលិតផល ការប្រគុំ​តន្ត្រី ការបាញ់​កាំជ្រួច និង​បង្ហោះគោម​ពេល​រាប់​ថយក្រោយ​ចាប់​ផ្តើមឡើង​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ដើម្បីឱ្យ​ពិធី​នៃ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​នោះ​មាន​ភាព​មហោឡា​រឹក លោក​សូមឱ្យ​មានការ​ចូលរួម​ពី​បណ្តា​យុវជន​យុវនារី​សិស្ស​និស្សិត​និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ស័ក្តិសម​នឹង​ការចំណាយ​ផ្សេងៗ​របស់​រដ្ឋបាលខេត្ត​ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​។​ដោយឡែក​មន្ទីរ​និង​ស្រុក​នីមួយៗ​ត្រូវ​រៀបចំ​កម្មវិធី​សប្បាយ​រៀងៗ​ខ្លួន​នៅ​ទីកន្លែង​ដែល​រដ្ឋបាលខេត្ត​បានកំណត់​ជូន​។

​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បន្តថា​ដោយឡែក​កម្លាំង​សមត្ថកិច្ច​ស្ថិតក្រោម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បាន​ត្រៀម​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សួនច្បារ​និង​ទីសាធារណៈ​នានា​រួចរាល់​ហើយ​ពិសេស​ការរង់ចាំ​សម្រួល​ចរាចរ​កុំឱ្យ​កកស្ទះ​ព្រមទាំង​កំណត់​ចំណត​យានយន្ត​ដើម្បី​មាន​ភាពងាយស្រួល​សម្រាប់​ចូលរួម​កម្សាន្ត​ផងដែរ​។

ដូច្នេះ​សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​មក​ចូលរួម​កម្សាន្ត​សប្បាយ​ជាមួយនឹង​កា​រៀបចំ​របស់​រដ្ឋបាលខេត្ត​កំពត​ឱ្យបាន​កុះករ​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​៕S/