​រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​

325
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​បាន​អំពាវនាវ​ឱ្យ​រួមគ្នា​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេសមួយ​ដែលមាន​សុវត្ថិភាព​ចរាចរ​ដ៏​គួរឱ្យ​កក់ក្តៅ​។​លោក​ថ្លែង​ក្នុងឱកាស​រដ្ឋបាលខេត្ត​ព្រះវិហារ​បានរៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤​។​

​លោក​គោ​ស៊ុ​ប៊ុន​សឿត​បាន​បញ្ជាក់ថា​”​ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្នុងនាម​អនុ​គណៈកម្មាការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ខេត្ត​សូម​អំពាវនាវ​ដល់​គ្រប់​បណ្តា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​វិ​ស​យ័​ឯកជន​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តព្រះវិហារ​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​សហការគ្នា​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​សំដៅ​ប្រែក្លាយ​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរ​របស់​គណៈកម្មកា​រ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​រួមគ្នា​ប្រែក្លាយ​ប្រទេស​កម្ពុជា​យើង​ឲ្យ​ទៅជា​ប្រទេសមួយ​មាន​សុវត្ថិភាព​ចរាចរណ៍​ដ៏​គួរ​ឲ្យ​កក់ក្តៅ​»​។​លោក​សំណូមពរ​ថា​ត្រូវ​ជួយ​អប់រំ​ដល់​ក្រុមគ្រួសារ​និង​ញាតិមិត្ត​ឲ្យ​គោរព​ច្បាប់​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា ដូច​ពា​ក្ស​ស្លោក​មួយ​ពោលថា​៖ «​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ក៏បាន​សំណូមពរ​ដល់​អ្នកបើក​បរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​មាន​សុជីវធម៌​ល្អ​និង​ចេះ​អធ្យាស្រ័យ​គ្នា​ក្នុងការ​បើកបរ​។​សូម​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​និង​មួកសុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់គ្នា​ក្នុងពេល​ធ្វើដំណើរ ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​៕S/​