​រដ្ឋបាលខេត្ត​មិនមែនជា​អ្នកកំណត់​តែងតាំង​មន្ត្រី​ណា​ម្នាក់​ដើម្បី​ប្រគល់​តួនាទី​ឡើយ​

377
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​រាល់​មន្ត្រី​ដែល​ត្រូវ​ទទួល​តំណែង​និង​តួនាទី​មិនមែនជា​ការសម្រេច​តែងតាំង​ដោយ​អភិបាលខេត្ត​ទេ​។​តែ​អាស្រ័យ​លើ​ការស្នើសុំ​របស់​ប្រធាន​មន្ទីរ​អង្គភាព​សាមី​ដែល​បាន​វិនិច្ឆ័យ​តាមរយៈ​ការពិភាក្សា​ផ្ទៃក្នុង​យ៉ាង​ល្អិតល្អន់​។​

​បញ្ជាក់​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​មន្ត្រីរាជការ​សាលាខេត្ត​និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​រាល់​ការតែងតាំង​មន្ត្រី​គឺមាន​ការស្នើសុំ​ពី​ប្រធាន​សា​ម៉ី​មន្ទីរ​អង្គភាព​ឬ​រដ្ឋបាល​ក្រុង​ស្រុក​ដាក់​ចូលមក​រដ្ឋបាល​ខេត្ត​ដើម្បី​ទទួលបាន​នូវ​ការយល់ព្រម​។​​មុននឹង​សម្រេច​តែងតាំង​មន្ត្រី​ណា​ម្នាក់​រដ្ឋបាលខេត្ត​បាន​តម្រូវឱ្យ​ប្រធាន​មន្ទីរ​ឬ​អភិបាលក្រុង​ស្រុក​ជា​ម្ចាស់​សាមី​អង្គភាព​មក​ការពារ​នូវ​សមាសភាព​ដែល​បាន​ស្នើឡើង​ដើម្បី​កំណត់ឱ្យ​ជាក់លាក់​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​និយាយ​រួម​មុននឹង​រដ្ឋបាលខេត្ត​យល់ព្រម​លុះត្រាតែ​មានការ​វាយតម្លៃ​ផ្ទៃក្នុង​ចេញពី​មន្ទីរ​អង្គភាព ឬ​រដ្ឋបាល​ក្រុង​ស្រុក​យ៉ាង​លម្អិត​បំផុត​។ដូច្នេះ​ទាំង​មន្ត្រី​ដែល​ទទួល​និង​អ្នក​មិនទាន់បាន​តែងតាំង​កុំ​មានការ​យល់ច្រឡំ​ជុំវិញ​ករណីនេះ​។បានន័យថា​រដ្ឋបាលខេត្ត​មិនបាន​ចាត់តាំង​ឬ​ជា​អ្នក​ជ្រើស​រើ​នោះទេ​គឺ​រដ្ឋបាលខេត្ត​មិនបាន​ស្គាល់​ដូច​ប្រធាន​អង្គភាព​សាមី​ឡើយ​។​មានតែ​ប្រធាន​មន្ទីរ​ឬ​អភិបាលក្រុង​ស្រុក​ទើប​ដឹង​ច្បាស់​ពី​មន្ត្រី​របស់ខ្លួន​សម្រាប់​កិច្ចការងារ​ទាំងឡាយ​។

លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​តាម​ការកត់សម្គាល់​ឃើញ​ថា​មួយរយៈ​កន្លងមកនេះ​មន្ត្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព​និង​រដ្ឋបាល​ក្រុង​ស្រុក​ទាំងអស់​បាន​ខិតខំ​បំពេញភារកិច្ច​បាន​យ៉ាង​គាប់ប្រសើរ​ឈរលើ​ស្មារតី រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ដោះស្រាយ និង​រួមគ្នា​ទទួលខុសត្រូវ​។ ដូច្នេះ សូមឱ្យ​មន្ត្រីរាជការ​ទាំង​អ្នក​មិនទាន់​ទទួល​និង​អ្នក​ដែល​បានតែងតាំង​រក្សា​ប្រពៃណី​រួម​សាមគ្គី​ក្នុង​កិច្ចការងារ​ដើម្បី​ជោគជ័យ​បន្តទៀត​។​

​សូមបញ្ជាក់ថា​ពិធី​តែងតាំង​នេះ​បាន​ធ្វើឡើង​សម្រាប់​មន្ត្រី​ចំនួន​៤០​រួប​មកពី​អង្គភាព​សាលាខេត្ត​កំពត និង​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ដើម្បី​បង្គ្រប់​កន្លែង​ដែល​នៅ​ទំនេរ​។​ជាការ​កត់សម្គាល់​ក្រៅពី​អ្នក​ត្រូវ​ទទួល​តំណែង​គឺមាន​មន្ត្រី​តាម​បណ្តា​មន្ទីរ​តិចតួច​បំផុត​ដែល​ចូលរួម​អបអរ​ដែល​អាចពាក់ព័ន្ធ​សតិអារម្មណ៍​របស់​មន្ត្រី​ភាគច្រើន​ទាក់ទិន​នឹង​សមាសភាព​។​ជាមួយ​ទិដ្ឋភាព​នោះបាន​តម្រូវឱ្យមាន​ការចូលរួម​បន្ថែម​ពី​និស្សិត​រាប់រយ​នាក់​ដើម្បី​ញ៉ាំង​ពី​ធី​នេះ​បាន​កុះករ​ឡើង​៕S/​