​រដ្ឋបាលខេត្ត​រង់ចាំ​ស្វាគមន៍​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​ក្រុមហ៊ុន​វិនិយោគ​

1004
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ទោះបី​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​បាននិងកំពុង​មាន​វត្ត​មាន​ក៏ដោយ​រដ្ឋបាល​ខេត្តកំពត​នៅតែ​រង់ចាំ​ស្វាគមន៍​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែលមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ចូលមក​វិនិយោគ​ដើម្បី​ភាព​រីកចម្រើន​សម្រាប់​ទឹកដី​ប្រកបដោយ​សក្តានុពល​ស្ទើរ​គ្រប់​វិស័យ​នៃ​ខេត្ត​ភាគ​និរតី​មួយ​នេះ​។

​នេះ​ជាការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​នា​ពិធី​ចុះកិច្ចសន្យា​សហ​ការបើក​ការដ្ឋាន​បូម​ឃ្លង​នាវា​ចេញចូល និង​សាងសង់​កំពង់ផែ​កុង​ទឺ​ន័​រ​រវាង​ក្រុមហ៊ុន​កំពត​ផត​ជាមួយ​ក្រុមហ៊ុន​CHCC Harbor & Channel EngineeringBureauGroup​កាលពី​រសៀល​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨​។​ជំនួប​នៅ​សាលាខេត្ត​កំពត​ក្រោម​វត្តមាន​លោក​សួង​ហេង​រដ្ឋលេខាធិការ​ក្រសួង​សា​ធា​រណា​ការ​និង​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​ជា​អធិបតី​។​

តំណាង​ក្រុមហ៊ុន​កំពត​ផត​បាន​រៀបរាប់ថា​លោក​ឧកញ៉ា​វិញ​ហ៊ួ​រ​បានសម្រេច​ចិត្ត​វិនិយោគ​កំពង់ផែ​អន្តរជាតិ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​កំពត​ស្ថិតនៅ​ឃុំ​បឹង​ទូក និង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​បន្ទាប់ពី​សិក្សា​ឃើញថា​ភូមិសាស្ត្រ​នេះ​មាន​អំណោយផល​សម្រាប់​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​ដែលជា​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​កំពង់ផែ​។

​ដើម្បីឱ្យ​នាវា​ឬ​កប៉ាល់​ដែល​ផ្ទុកទំនិញ​រហូត​៣០.០០០​តោន​ចរាចរ​បាន​ក្រុមហ៊ុន​ត្រូវ​បូម​ស្តារ​ឃ្លង​បន្ថែមទៀត​ឱ្យដល់​ជម្រៅ​១៤​ម៉ែត្រ​។​ផ្អែកលើ​ភាពចាំបាច់​នោះ​ទើប​ពេលនេះ​ក្រុមហ៊ុន​ធ្វើ​ពិធី​ចុះកិច្ចសន្យា​សហ​ការបើក​ការដ្ឋាន​បូម​ឃ្លង​នាវា​ចេញចូល​និង​សាងសង់​កំពង់ផែ​កុង​ថឺ​ណឺ​រវាង​ក្រុមហ៊ុន​កំពត​ផត​ជាមួយ​ក្រុមហ៊ុន​CHCC Harbor & Channel EngineeringBureauGroup​មកពី​ប្រទេស​ចិន​ដើម្បី​ចាប់ផ្តើម​ដំណើរការ​។

​ក្នុង​ពិធី​ចុះកិច្ចសន្យា​សហ​ការបើក​ការដ្ឋាន​បូម​ឃ្លង​នាវា​ចេញចូល និង​សាងសង់​កំពង់ផែ​កុង​ថឺ​ណឺ រវាង​ក្រុមហ៊ុន​កំពត​ផត​ជាមួយ​ក្រុមហ៊ុន​CHCC Harbor & Channel Engineering Bureau Group នា​រសៀល​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ខេត្តកំពត​មាន​សក្តានុពល​ខ្ពស់ ដូចជា​រោង​ក្រ​ស៊ីម៉ងត៍ ស្រែអំបិល​…​ជាដើម​។

​នៅពេល​ខាងមុខ​ខេត្តកំពត​នឹង​កាន់តែ​រីកចម្រើន​ព្រោះ​មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​បោះទុន​ជា​បន្តបន្ទាប់​។​ប៉ុន្តែ​ទោះបី​ស្ថិតក្នុង​ក្តី​មោទន​បែបនេះ​ក៏ដោយ​រដ្ឋបាល​ខេត្តកំពត​នៅតែ​បន្ត​រង់ចាំ​ស្វាគមន៍​រាល់​ក្រុមហ៊ុន​ទាំងអស់​ដែលមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ចូលមក​វិនិយោគ​ដើម្បី​ភាព​រីកចម្រើន​សម្រាប់​ទឹកដី​ប្រកបដោយ​សក្តានុពល​គ្រប់​វិស័យ​នៃ​ខេត្ត​ភាគ​និរតី​មួយ​នេះ​។

ក្នុងន័យនេះ លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ខេត្តកំពត​នៅ​ទូលាយ​។​ដូច្នេះ​គ្រប់​អ្នក​មក​វិនិយោគ​គឺ​រដ្ឋបាលខេត្ត​គាំទ្រ​ទាំងស្រុង មិនថាតែ​ផ្នែក​កំពង់ផែ​ទេ​។ ផ្នែក​សណ្ឋាគារ ឬ​រមណីយដ្ឋាន​ក៏ដោយ​ឱ្យតែ​មក​វិនិយោគ រដ្ឋបាលខេត្ត​គាំទ្រ​ទាំង​ផ្លូវច្បាប់​និង​លើកទឹកចិត្ត​ធ្វើយ៉ាងណា​ឱ្យ​អ្នកវិនិយោគ​មាន​ជំនឿ​ជាក់​លើ​ការដឹកនាំ​។

ពាក់ព័ន្ធ​នឹង​ការសាងសង់​កំពង់ផែ​កំពត​ផត​វិញ​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​ថ្ងៃនេះ​ក្រុមហ៊ុន​កំពត​ផត​របស់លោក​ឧកញ៉ា​វិញ​ហ៊ួ​រ​បាន​ចុះកិច្ចសន្យា​ក្នុងការ​បូម​ឃ្លង​សមុទ្រ​ដើម្បីឱ្យ​នាវា​ធុន​ធំ​អាច​ចេញចូល​។​តាមរយៈ​ការ​ចរាចរ​បាន​នូវ​នាវា​ឬ​កប៉ាល់​តាមផ្លូវ​សមុទ្រ​ដោយ​ផ្ទុក​ទម្ងន់​រហូតដល់​បី​ម៉ឺន​តោន​ដែលជា​ផ្នែក​សំខាន់​នៃ​ការកាត់បន្ថយ​ចំណាយ​ក្នុងការ​ដឹកជញ្ជូន​ផលិតផល​ផ្សេងៗ​នេះ​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​នានា​កាន់​មាន​ចំណាប់អារម្មណ៍​មក​វិនិយោគ​លើទឹក​ដី​ខេត្តកំពត​បន្ថែមទៀត​។​

​ក្រោយពេល​ក្រុមហ៊ុន​កំពត​ផត​ស្តារ​ឃ្លង​រួចរាល់​និង​បានរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បែប​ស្តង់ដារ​អន្តរជាតិ​ក្រុមហ៊ុន​ក៏​រីកចម្រើន​ខេត្ត​ក៏បាន​ការចូលរួម​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​នានា​នោះ​នឹងធ្វើ​ឱ្យមាន​ការចែករំលែក​នូវ​ចំណូល​ទាំងឡាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​គ្រប់ៗ​គ្នា​៕S/​

​រដ្ឋបាលខេត្ត​រង់ចាំ​ស្វាគមន៍​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​ក្រុមហ៊ុន​វិនិយោគ​