​រដ្ឋបាលខេត្ត​ស្វាយរៀង និង​ខេត្ត​ឡុង​អាន​ ចុះហត្ថលេខា​លើ​ខ្លឹមសារ​បំពេញបន្ថែម​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​

98
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: រដ្ឋបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​ការអនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដំណាក់កាល​២០១៦ – ២០១៩ និង​ពិធី​ចុះហត្ថលេខា​លើ​ខ្លឹមសារ​បំពេញបន្ថែម​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​រដ្ឋបាលខេត្ត​ស្វាយរៀង និង​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ឡុង​អាន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ( នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​) ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក ជិន វ៉ាន់​កិន ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ឡុង​អាន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ប្រតិភូ​ខេត្តស្វាយរៀង និង លោក លោកស្រី​ថ្នាក់ដឹកនាំ​ប្រតិភូ​ខេត្ត​ឡុង​អាន​ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បានចាត់ទុក​កិច្ចប្រជុំ​បូកសរុប​ការអនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដំណាក់កាល ២០១៦-២០១៩ ពិតជា​បានទទួល​នូវ​លទ្ធផល​ល្អៗ​ជាច្រើន​ដូចជា ជួយ​បង្កើន​នូវ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​រឹងមាំ និង​ល្អប្រសើរ​លើ​មូលដ្ឋាន​សមិទ្ធផល​ដែល​ខេត្ដ​ទាំងពីរ (​ស្វាយរៀង​-​ឡុង​អាន​) ក្នុង​នោះបាន​រួមគ្នា​សម្រេចបាន ជាពិសេស​លើ​បណ្ដា​វិស័យ​នានា​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង ដើម្បី​ជួយ​សម្រួល និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ខេត្ត​ទាំងពីរ ក៏ដូចជា​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន ទៅជា​តំបន់​ដែលមាន​ការអភិវឌ្ឍ និង​ប្រកបដោយ​សន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និង​ចីរភាព ស្របតាម​ស្មារតី នៃ​កិច្ចប្រជុំ​ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម​៕ ល​

#