​រដ្ឋបាល​ក្រុងព្រះសីហនុ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​សហការ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​

323
ចែករម្លែក

​ដោយ​វណ្ណៈ​/​ព្រះសីហនុៈ​រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅមុខ​ផ្សារ​ពាណិជ្ជកម្ម ក្នុង​សង្កាត់​២​ក្រុងព្រះសីហនុ​កាល​ពិ​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ក្នុងនោះ​អាជ្ញាធរ​ក្រុង​បាន​ចាប់យក​ម៉ូតូ​ចំនួន​៦​គ្រឿង​ដែល​អាជ្ញាធរ​អះអាងថា​ចត​អនាធិបតេយ្យ​លើផ្លូវ​សាធារណៈ​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ដើម្បី​ដាក់​ពិន​យ័​ដល់​ម្ចាស់​ម៉ូតូ​តាម​គោលការណ៍​ដូចដែល​បានធ្វើ​កន្លងមក​។​
​ក្រៅពីនេះ​ខាង​អាជ្ញាធរ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ផ្លូវ​ខាងមុខ​គមនាគមន៍​ចាស់​ដោយបាន​ដកហូត​ទំនិញ​លក់ដូរ​មួយចំនួន​ផងដែរ​។​លោក​អៀម​សារិន​អភិបាលរងក្រុង​ព្រះសីហនុ​ក្នុងនាម​អាជ្ញាធរ​រដ្ឋបាល​ក្រុង​បាន​ជូនដំណឹង​បន្ថែម​ជាថ្មី​ម្តងទៀត​ទៅកាន់​ពលរដ្ឋ​អ្នកលក់ដូរ​ឬ​អ្នក​ចត​យានយន្ត​ផ្សេងៗ​តាម​ចិញ្ចើមផ្លូវ​អោយ​បញ្ឈប់​សកម្មភាព​បើ​មិន​ដូច្នោះ​ទេ​អាជ្ញាធរ​ក្រុង​នឹង​ចាប់​ស្ទូច​យក​មិន​លើកលែង​ឡើយ​។

​លោក​អភិបាលរងក្រុង​រូបនេះ​ដែល​ផ្តល់​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​២៣​វិច្ឆិកា​២០១៩​នេះ​បញ្ជាក់ថា​បំរាម​នេះ​ធ្វើឡើង​តាម​ការណែនាំ​របស់លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ដើម្បី​រៀបចំ​សម្រួល​ដល់​ការជួសជុល​ស្ថាបនា​ពង្រីក​ផ្លូវ​ក្នុង​ក្រុង​ផង និង​រៀបចំ​សោ​ភ​ណ្ឌ័​ភាព បរិស្ថាន​។​ឆ្ពោះទៅ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ចុងឆ្នាំ​២០១៩​ចូល​២០២០​។​

​ការរៀបចំ​ទីក្រុង​ព្រះសីហនុ​ឲ្យ​ក្លាយទៅជា​ទីក្រុង​មាន​សក្តា​នុព​ល​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ទេសចរណ៍​មុន​ក្រុងព្រះសីហនុ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​២០២០​បន្ទាប់ពី​ក្រុង​កំពត​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

បើតាម​លោក​អភិបាលរងក្រុង​បញ្ជាក់​បន្ថែមថា​ក្រៅពី​តាមផ្លូវ​ឬ​ទីសាធារណៈ​អាជ្ញាធរ​ក៍​នឹង​រៀបចំ​សណ្តាប់ធ្នាប់​អនាម​យ័​បរិស្ថាន​នៅតាម​ឆ្នេរសមុទ្រ​ផងដែរ​។​លោក​អៀម​សារិន​បាន​ជូន​ជា​សំណូមពរ​ទៅកាន់​ពលរដ្ឋ​និង​ផ្នែក​ពាក់​ព​ន្ធ័​ទាំងអស់​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​៕S/​