​រដ្ឋបាល​ខេត្តកោះកុង​ទាត់ចោល​ព័ត៌មាន​ថា​មាន​ជនជាតិ​ចិន​២​នាក់​ឆ្លង​មេរោគ​ជំងឺ​កូ​រ៉ូ​ណា​

112
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​រដ្ឋបាល​ខេត្តកោះកុង​បាន​បដិសេធ​ភ្លាមៗ​តប​នឹងមាន​ការផ្សព្វផ្សាយ​និង​បង្ហោះ​តាម​បណ្តាញ​សង្គម​សង្គម​នូវ​ព័ត៌មាន​ដែលថា​មាន​ជនជាតិ​ចិន​២​នាក់​ឪពុក​និង​កូន​បាន​ឆ្លង​មេរោគ​ជំងឺ​រលាក​ផ្លូវដង្ហើម​នៅ​រមណីយដ្ឋាន​តារា​សាគរ​ស្រុក​គិរីសាគរ​ខេត្តកោះកុង​។​

​តាមរយៈ​លិខិត​ប្រកាស​ព័ត៌មាន​មួយច្បាប់​ចុះ​ថ្ងៃទី​២៩​ខែមករា​២០២០​នេះ​រដ្ឋបាលខេត្ត​បាន​ពន្យល់ថា​មាន​អង្គភាព​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា​មាន​ជនជាតិ​ចិន​ចំនួន​២​នាក់ ទី​១​ឈ្មោះ Yin Gongping អាយុ​៤៥​ឆ្នាំ និង​កូនប្រុស​ម្នាក់ទៀត​ឈ្មោះ Yin Zhengyin អាយុ​១៤​ឆ្នាំ មកពី​ក្រុង​វូ​ហាន ខេត្ត​ហ្វូ​ប៉ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បានមក​ស្នាក់នៅ​កម្សាន្ត​នៅក្នុង​តំបន់​វិសមកាល​តារា​សាគរ ស្រុក​គិរីសាគរ ហើយ​សង្ស័យ​មាន​ផ្ទុកមេរោគ​ថ្មី គឺ​ជំងឺ​កូ​រ៉ូ​ណា​។

​ប៉ុន្តែ​តាម​ការពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​រួចមក​អ្នក​ទាំងពីរ​នោះ​ពុំមាន​ផ្ទុកមេរោគ​ជំងឺ​រលាក​ផ្លូវដង្ហើម​នោះទេ​។​បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំងពីរ​ខាងលើ​បានធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ​ដែរ​។ ដូច្នេះ សូម​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ជ្រាប​ជា​ព័ត៌មាន​។​

​បន្ថែម​លើ​លិខិតផ្លូវការ​របស់ខ្លួន លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា កាលពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​ពួកគាត់​ទាំងពីរ​នាក់​នេះ​បានរួម​ដំណើរ​តាម​ជើងយន្តហោះ​ពី​ទីរ​ក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា ជាមួយ​ជនជាតិ​ចិន​ដែលមាន​ផ្ទុក​វិ​រុស 2019-nCoV ដែល​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​។

ដោយ​ពួកគាត់​ទាំងពីរ​គ្រាន់​តែមាន​សង្ស័យ​ខ្លួនឯង​ទំនងជា​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ទើប​ផ្តល់ព័ត៌មាន​ទៅ​ក្រសួងសុខាភិបាល​រដ្ឋបាល​ខេត្ត​និង​មន្ទីរ​សុខាភិបាល​ភ្លាមៗ​នោះដែរ​លោកស្រី​ក៏​ចាត់​ឱ្យ​ពិនិត្យ​តាមដាន​ជាបន្ទាន់​។ បន្ថែម​លើស រដ្ឋបាលខេត្ត មន្ត្រី​សុខាភិបាល សហការ​ជាមួយ​តំណាង​ក្រុមហ៊ុន​ញ៉ូ​ញៀន មិន​អនុញ្ញាត​ឱ្យចូល​ទៅណា​ឡើយ​គឺ​ឱ្យនៅតែ​ក្នុង​បន្ទប់​ក្នុង​សណ្ឋាគារ​មិនឱ្យ​ចរាចរ​ទៅ​ទីណា​ទេរ​។​

​ដោយឡែក លោក សុខ សុ​ទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​វិញ អះអាងថា ជនជាតិ​ចិន​២​នាក់​ឪពុក និង​កូនប្រុស បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ម្ល៉េះ​។​ព្រោះតែ​ស្ថានភាព​សុខភាព​ធូរស្រាល​គ្រាន់តែ​ជំងឺ​ផ្តា​យ​សា​ធម្មតា​ទេ​។​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​វិញ​តាម​ជើងហោះហើរ​ដែលមាន​ការ​សម្របសម្រួល​ពី​ក្រុមហ៊ុន​ញ៉ូ​ញៀន​តែ​ជើងយន្តហោះ​ណាមួយ​នោះ គឺ​មិនទាន់​ទទួល​ព័ត៌មាន​នោះទេ​។​

​ទន្ទឹម​នោះ​កងរាជអាវុធហត្ថ​ខេត្តកោះកុង​កាលពី​ថៃ្ង​ទី​២៨​ខែមករា​ឆ្នាំ​២០២០​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​យកទៅ​ធើ្វ​កិច្ចសន្យា និង​អប់រំ​ណែនាំ បន្ទាប់​យុវជន​រូបនេះ​បង្ហោះ​សារ​មិន​ពិត​លើ​ហ្វេ​ស​ប៊ុ​ក​ទាក់ទិន​ថា មាន​ជនជាតិ​ចិន​២​នាក់​បាន​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​អំឡុង​ពួកគេ​ទៅលេង​កម្សាន្ត​ទី​រមណីយដ្ឋាន​តារា​សាគរ​។​យុវជន​រូបនេះ​មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ជុន​ចិន​បាន​បង្ហោះ​សារ​តាមរយៈ​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​ដោយ​សរសេរ​សារ​ថា​«​នៅ​តារា​សាគរ​មាន​អ្នក​កើត​ជំងឺ​មេរោគ​កូ​រ៉ូ​ណាវី​រ៉ុ​ស​ហើយ​»​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី​ថុង​ណា​រ៉ុង​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកោះកុង​បានចាត់ទុក​សកម្មភាព​មួយ​នេះ​ថា ជា​ព័ត៌មាន​មិន​ពិត ដែល​កម្លាំង​កងរាចអាវុធហត្ថ​ស្រុក បាន​ស្រាវជ្រាវ​ដឹង ក៏​នាំខ្លួន​ឈ្មោះ ជុន ចិន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​សេ្ត​ច​ស្រុក​គី​រី​សាគរ​ខេត្តកោះកុង​យក​ធ្វើការ​សាកសួរ ឆ្លើយបំភ្លឺ​។​រួច​អប់រំ​ណែ​នាំឱ្យ​កែសម្រួល​ព័ត៌មាន​និង​បកស្រាយ​បង្ហោះ​សារ​ឡើងវិញ​ព្រោះ​នៅ​ខេត្តកោះកុង​ពុំមាន​ជំងឺ​ប្រភេទ​នេះ​រាលដាល​ដល់​ទេ​។​ក្រោយ​ណែនាំ​និង​ឱ្យ​យុវជន​ខាងលើ​បានធ្វើ​កិច្ចសន្យា ទើប​សមត្ថកិច្ច​សម្រេច​ឱ្យគេ​វិលត្រឡប់​ទៅ​លំនៅស្ថាន​វិញ​។​

​តាម​ចម្លើយសារភាព​របស់​យុវជន​ជុន​ចិន​និយាយថា​រូបគេ​មានការ​យល់ច្រឡំ​ដោយ​ចែករំលែក​សា​រត​ពី​គេ​គ្មាន​ប្រភព​ច្បាស់លាស់​។​ចំពោះ​សកម្មភាព​នេះ​គេ​បា​នស​ន្យ​ថា​នឹង​ឈប់​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទៀតហើយ​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឈប់​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឱ្យមាន​ការយល់​ច្រឡំ​បន្តទៀត​។​

គួរ​ជម្រាប​ថា​បច្ចុប្បន្ន​ស្ទើរតែ​គ្រប់​អាជ្ញាធរ​និង​មន្ទីរជំនាញ​កំពុង​បង្កើន​ការទប់ស្កាត់​ការពារ​ជំងឺ​កូ​រ៉ូ​ណា​យ៉ាងខ្លាំង​មិនថាតែ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​មន្ទីរពេទ្យ​ខេត្ត​និង​សាលារៀន​នោ​ទេ​។​ដោយ​ធ្វើយ៉ាងណា​ជំរុញ​ដល់​អ្នកពាក់ព័ន្ធ​ពាក់​ម៉ា​សរាល់​ការធ្វើដំណើរ​ទៅ​ទីជិត​ឬ​ឆ្ងាយ​ហើយ​ធ្វើ​អនាម័យ​សុខភាព​ឱ្យ​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្រសួង​អប់រំ និង​ក្រសួង​ការងារ​ជាដើម​៕S/​