​រដ្ឋបាល​ព្រះវិហារ​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨

454
ចែករម្លែក
  • 18
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ កាលពី​រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​ព្រះវិហារ បានរៀបចំ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩។ពិធីនេះ ក្រោម​វត្តមាន​លោក​មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​។​

លោក ងី ចាន់​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​, លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អភិបាលក្រុង ស្រុក មេឃុំ ចៅ​សង្កត់​ជាច្រើនរូប​ទៀត​។​

​ទេសរដ្ឋមន្ត្រី​លោក មាស សុភា បាន​ថ្លែងថា «​ក្នុងនាម​រាជ​រដ្ឋ​ភិ​បាល ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាលខេត្ត ដោយមាន​ការប្តេជ្ញាចិត្ត​ចូលរួម​ពី​មន្ទីរ អង្គភាព​ជំនាញ​នានា រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​កងកម្លាំង​មាន​សមត្ថកិច្ច ប្រជាពលរដ្ឋ​នៃ​ខេត្តព្រះវិហារ ទាំងមូល ដែល​បាន​ខិតខំ​រួមគ្នា​សម្រេច បាន​នូវ​សមិទ្ធិផល​លើ​គ្រប់​វិ​ស​យ័​ទូទាំង​ខេត្ត​»​។​

​លោក មាស សុភា បាន​បន្តទៀតថា ឆ្នាំ​២០១៩​នេះ​ជា​ឆ្នាំ​ដំបូង នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ទន្ទឹម​និង​នេះ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត ថ្នាក់ជាតិ​លើក​ទី​៦ រហូតមកដល់​ពេលនេះ សភាពការណ៍​ទូទៅ​របស់​ប្រទេសជាតិ មាន​លក្ខណៈ​អំណោយផល​ជាង​ពេលណាៗ​ទាំងអស់​។

​លោក ងី ចាន់​ផល បានប្រកាស​សមាសភាព​ថ្មី​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូល​ខេត្តព្រះវិហារ សម្រាប់​អាណត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៦​ផងដែរ​។ ក្នុងនោះ​លោក​ទេសរដ្ឋមន្ត្រី មាស សុភា នៅតែ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​ដដែល​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា សន្និបាត​របស់​រដ្ឋបាល​ខេត្តព្រះវិហារ​រយៈពេល​២​ថ្ងៃនេះ គឺ​បាន​ផ្សព្វផ្សាយ​អនុសាសន៍​ដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ក្នុង​ដំណើរការ​បូកសរុប​ការងារ របស់​ក្រសួងមហាផ្ទៃ​និង​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងឱកាស​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​របស់​ក្រសួងមហាផ្ទៃ​។​

​ជាមួយគ្នា​នោះ លោក អ៊ុន ចាន់​ដា ក៏បាន​សំណូមពរ សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង សម្រាប់​ផ្តល់ជូន​ក្រុង​ព្រះវិហារ និង​ស្រុក​សង្គម​ថ្មី ស្នើសុំ​ជួយឧបត្ថម្ភ​គាំទ្រ​ផ្តល់នូវ​អគារ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​ចំនួន​៤៨ ស្នើសុំ​ផ្តល់​ក្របខណ្ឌ​មន្ត្រីរាជការ​បន្ថែម​ដល់​សាលាខេត្ត ក្រុង ស្រុក ស្មៀន និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ក៏ដូចជា ស្នើសុំ​បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​ជំនាញ ដល់​មន្ត្រីរាជការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕S/​សរន