​រដ្ឋមន្ត្រីក្រសួង​ការងារ​ដាស់តឿន​ការប្រុងប្រយ័ត្ន​សារធាតុ Asbestos

398
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក​អ៊ិត​សំហេង​បាន​ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​ចុះ​បណ្តុះបណ្តាល​ដល់​និយោជក​-​កម្មករ នូវ ហានិភ័យ ដែល​បង្កដោយ​សារធាតុ Asbestos​។​Asbestos​គឺជា​សារធាតុ​គីមី​ម្យ៉ាង ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង ផលិតកម្ម​ស៊ីម៉ង់ត៍ ក្បឿង ហ្វ៊ឺ​ប្រូ​ស៊ីម៉ង់ត៍ ពិ​ដាន​ម្នាងសិលា ស្បែក​ហ្វ្រាំង​យានយន្ត ស្បែក​អំ​ប្រ៊ី​យ៉ា​រ៉ង​ម៉ាស៊ីន​អ៊ី​សូ​ឡង់​ដែល​ការពារ​កំដៅ​ការពារ​ធាតុ​ត្រជាក់​ជា​ឧបករណ៍​ទប់​សំឡេង​គ្រឿង​ម៉ាស៊ីន​និង​បំពង់​ជ័រ​ជាដើម​។

​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្រង​ព័ត៌មាន​ជាតិ​ស្តីពី​សារធាតុ Asbestos នា​ថ្ងៃ​២៧​មិថុនា បាន​ពន្យល់ថា Asbestos ពិត​ជាមាន​ប្រយោជន៍​ច្រើន​ចំពោះ​វិស័យ​ឧស្សាហកម្ម ដោយសារ​វា​ធន់​រឹងមាំ ។​ប៉ុន្តែ​វា​ក៏​បណ្តាលឱ្យមាន​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​សុខភាព​មនុស្ស​ផងដែរ​។​

Asbestos​បង្ក​ឱ្យ​មនុស្ស​មាន​ជំងឺ​ផ្លូវដង្ហើម​និង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សួត​បង្ក​ជា​មហារីក​សួត​មហារីក​ស្រោម​សួត​មហារីក​ស្បួ​ន​កើត​ដុំ​ក្នុង​សួត​រលាក​សួត​ត្រៀត​ទងសួត​និង​បង្ក​ឱ្យ​កើតជា​ជំងឺមហារីក​បំពង់​អាហារ​មហារីកក្រពះ​និង​មហារីក​ពោះវៀន​ថែមទៀត​។​ក្រុម​អ្នកជំនាញ​បានអោយដឹងថា​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជាង​២២​ម៉ឺន​នាក់​រៀងរាល់ឆ្នាំ​ដោយសារ​កើត​ជម្ងឺ​ដោយសារ​ធ្វេសប្រហែស​នឹង​សារធាតុ Asbestos​។​

​លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​ក្រុមការងារ ត្រូវ​រៀបចំ​ចងក្រង​ឯកសារ​មេរៀន​សម្រាប់ធ្វើ​ការបណ្តុះ​បណ្តាល ផ្សព្វ ផ្សាយ​ដល់​និយោជក កម្មករនិយោជិត និង​មហាជន​បាន​យល់​ជ្រួតជ្រាប​នូវ​ហានិភ័យ ដែល​បង្កឡើង​ដោយសារ ធាតុ​Asbestos នោះ​ដើម្បី​ការទប់ស្កាត់​គ្រោះថ្នាក់​ដល់​សុខភាព​៕S/​