​រដ្ឋមន្ត្រីក្រសួង​ការងារ​ទទួល​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​

153
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​អឺរ៉ុប​កាលពី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​បាន​ពិភាក្សា​លម្អិត​អំពី​ខ្លឹមសារ​នៃ​ជំពូក​ស្តីពី​ធនធានមនុស្ស​នៃ​សៀវភៅ​“​ស​”​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ឆ្នាំ​២០១៩​។​ក្នុងជំនួប​ពិភាក្សា​នេះ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​អឺរ៉ុប​បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ​នា​កន្លងមក​ព្រមទាំង​នឹង​រួមគ្នា​ជា​ដៃគូរ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា​សៀវភៅ​“​ស​”​ឆ្នាំ​២០១៩​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នេះ​បាន​ប្រមូលផ្តុំ​ការឆ្លុះបញ្ចាំង​ទស្សនៈ​រួម​របស់​ក្រុមហ៊ុន​សមាជិក​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​នៅលើ​ទិដ្ឋភាព​នានា​ជុំវិញ​បរិស្ថាន​ធុរកិច្ច​ក្នុងប្រទេស ។​សៀវភៅ​នេះ បោះ​ពុ​ម្ភ​លើក​ទី​៣ នៅ​កម្ពុជា ខែមិថុនា ឆ្នាំ​២០១៩ មាន ២៨៧​ទំព័រ និង ១០​ជំពូក​។​

ជំពូក​១​ស្តីពី​ធនធានមនុស្ស​បាន​សរ​សេរ​ពាក់ព័ន្ធ​វិស័យ​ការងារ​។​ជំពូក​នេះ​មាន​ចំនួន​៤​ចំណុច​ដូចខាងក្រោម​៖១.​ការជួល​និយោជិត​ជា​ជនបរទេស​,២.​គិលានដ្ឋាន​នៅតាម​សហគ្រាស​,៣.​ការពិនិត្យ​មើល​ឡើងវិញ​នូវ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការហ្វឹកហ្វឺន​កូនជាង​,៤.​ការប្រាស្រ័យ​ទាក់ទង​រវាង​ស្ថាប័ន​សាធារណៈ​និង​វិស័យ​ឯកជន​ហើយ​និង​ព្រមទាំង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ថ្មីៗ​មួយចំនួនទៀត​។​

​នៅក្នុង​ជំនួប​នេះ​ភាគី​ខាង​សភាពាណិជ្ជកម្ម​អឺរ៉ុប​បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ដោះស្រាយ​នូវ​បញ្ហា​នានា​កន្លងមក ដែលជា​កង្វល់​របស់​អ្នកវិនិយោគទុន ដែល​បាន​សម្រួល​យ៉ាងខ្លាំង​ដល់​ការធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ប​ន្ត​ធានាបាន​នូវ​ភាព​ទាក់ទាញ​វិនិយោគទុន​ថែមទៀត​។

ក្រៅពីនេះ​គណៈប្រតិភូ​ជាន់ខ្ពស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ក៏បាន​ការសប្បាយ​ចិត្ត​នូវ​ចម្លើយ​ជា​វិជ្ជមាន​របស់លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុងការ​បញ្ជាក់​បន្ថែមទៀត​នូវ​ចម្ងល់​មួយចំនួន​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ផ្តល់ព័ត៌មាន​ដល់​អ្នកវិនិយោគទុន​អឺរ៉ុប​យល់​កាន់តែច្បាស់​ពី​ច្បាប់​លិខិតបទដ្ឋាន​និង​គោលនយោបាយ​ពាក់ព័ន្ធ​និង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​សូមបញ្ជាក់​ក្នុងជំនួប​ពិភាក្សា​នេះ​ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​បន្ត​ភាពជា​ដៃគូ​នេះ​បន្តទៀត​ក្នុងការ​ដោះស្រាយ​នូវ​រាល់​សំណូមពរ​ឬ​កង្វល់​នានា​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​បន្តបាន​ភាព​ទាក់ទាញ​ជាពិសេស​ដល់​សហគមន៍​អឺរ៉ុប​៕S/

​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​អឺរ៉ុប​