​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកឡើង​ពី​ព្រឹត្តិការណ៍​ប៉ុនប៉ង​ធ្វើឃាត​សម្តេច​តេ​ជោ នៅ​ខេត្តសៀមរាប កាលពី​២០​ឆ្នាំមុន

652
ចែករម្លែក

ដោយ : វិបុល/ភ្នំពេញ ៖ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ គឺជា​ខួប​គម្រប់ ២០​ឆ្នាំ​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​គេ​ប៉ុនប៉ង​ធ្វើឃាត និង​បាញ់​គ្រាប់​រ៉ូ​កែ​ត​បេ​៤០ រហូតដល់​ទៅ​៤​គ្រាប់​សំដៅ​ចូល​ក្បួន​រថយន្ត​របស់​សម្តេច ហើយ​ក្នុងនោះ​មាន​គ្រាប់​រ៉ូ​កែ​ត​មួយ​គ្រាប់ ដែល​ក្រុម​ឃាតក​បាញ់​សម្តៅ​រថយន្ត​សម្តេច​នោះ មិន​ហោះ​ទៅ​ត្រូវ​រថយន្ត​សម្តេច​បែរជា​ហោះ​ទៅ​ត្រូវ​ផ្ទះ​ប្រជាពលរដ្ឋ​នាំ​ឲ្យ​ពលរដ្ឋ​ម្នាក់​បានសម្លាប់​។​

​ព្រឹត្តិការណ៍​ប៉ុនប៉ង​ធ្វើឃាត​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិនអាច​បំភ្លេច​បានឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន តែង​បាន​រំលឹក​ពី​ការធ្វើឃាត​នេះ តែ​មិនបាន​រៀបរាប់​ឲ្យ​បាន​លំ​អិតពី​ព្រឹត្តិការណ៍​នេះឡើយ​។​

​នៅ​រាត្រី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែលជា​អ្នក​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍​នេះដែរ បាន​ចេញមក​រៀបរាប់​រំលឹក​ព្រឹត្តិការណ៍​នោះ​យ៉ាង​លំអិត ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជ្រាប​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​ខ្មែរ​ក្នុង​គ្រា​ដែល​វិបត្តិ​នៃ​ភ្លើងសង្គ្រាម​មិនទាន់​បិទ​បញ្ចប់​ទាំងស្រុង​នោះ​។​
​ខាងក្រោម​នេះ គឺ​ខ្លឹមសារ​ទាំងស្រុង​នៃ​ព្រឹត្តិការណ៍​ប៉ុនប៉ង​ធ្វើឃាត​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​រៀបរាប់​ដោយ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ​៖

“​ថ្ងៃនេះ​សម្តេច​តេ​ជោ​រំលឹក​ពី​ខួប​ទី​២០ នៃ​ការប៉ុនប៉ង​ធ្វើឃាត​សម្តេច​នៅ​សៀមរាប​។ ខ្ញុំ​សូម​អនុញ្ញាត​រំលឹក​រឿងនេះ ព្រោះ​កាលនោះ​ខ្ញុំ​នៅជាប់​នឹង​ការងារ​នេះ​។ បើ​និយាយ​រឿងនេះ ខ្ញុំ​នៅតែ​ព្រឺព្រួច​នឹកឃើញ​សំដី​លោក​ជីវ​តាក្វាន់ ពេលដែល​លោក​មក​ប្រទេស​ខ្មែរ​សម័យអង្គរ​។ ពិតមែនតែ​សម័យ​លោក ជីវ​តាក្វាន់ មកដល់​ស្រុក​ខ្មែរ ប្រទេស​យើង​ចាប់ផ្តើម​ទន់ខ្សោយ​ខ្លះ​ហើយ​ក្តី ក៏ប៉ុន្តែ​ចំណុច​មួយ​ដែល​លោក ជីវ​តាក្វាន់ កត់សម្គាល់ គឺ​៖ «​ទេវតា​រក្សាស្រុក​នេះ​ខ្លាំងពូកែ​ណាស់​» ។​

​ថ្ងៃ​២៤ ខែកញ្ញា ១៩៩៨ គឺជា​ថ្ងៃ​ដែល​សម្តេចឪ​កំណត់​ជា​ថ្ងៃ​គណបក្ស​ដែល​បានទទួល​អាសនៈ​ក្នុង​សភា​ចូលប្រជុំ​នៅ​សៀមរាប និង​ទៅ​ស្បថ​នៅមុខ​អង្គរ​។ យើង​ត្រូវ​ទៅ​ជួបជុំគ្នា​នៅ​សៀមរាប​តាំងពី​ថ្ងៃទី​២៣ កញ្ញា (​សម័យ​នោះ មិនមាន​ជើងយន្តហោះ​ច្រើន​ទេ ហើយ​ផ្លូវ​មិនមាន​សុវត្ថិភាព ១០០% ដូច​ពេល​នេះដែរ​)​។​

​នៅ​រសៀល​ថ្ងៃទី​២៣ សម្តេច​តេ​ជោ នឹង​មកដល់​ជុំ​ជាមួយ​ពួកយើង​ដែល​សម្រាក​នៅ​សណ្ឋាគារ​លោក សៀង​ណាំ​។ តែ​នៅ​យប់​ថ្ងៃទី​២២ កញ្ញា សម្តេច​បាន​យល់សប្តិ​ឃើញ​ព្រលឹង​ម្តាយ​របស់លោក​មក​ប្រាប់ថា បើ​ទៅ​សៀមរាប​ត្រូវ​ទៅ​ដុត​ធូប​សុំ​សុខ​នៅ​វត្ត​ព្រះអង្គ​ខ្មៅ​។ សម្តេច​អត់​ស្គាល់​វត្ត​ព្រះអង្គ​ខ្មៅ​នៅឯណា​ទេ​។​

​លុះ​ព្រឹក​ថ្ងៃទី​២៣ លោក​បាន​ឲ្យ​គេ​សួរ​ទើប​ដឹងថា វត្ត​ព្រះអង្គ​ខ្មៅ​នេះ​នៅក្នុង​អង្គរធំ តាមផ្លូវ​ទៅ​ប្រាសាទបាយ័ន​តែម្តង​។ នៅ​រសៀល​ថ្ងៃទី​២៣ នោះ សម្តេច​និង​សមាជិក​ជាប់ឆ្នោត​ជាស​ភា​នៃ​គណបក្ស​ប្រជាជន​ទាំងអស់​បាន​ជិះ​រថយន្តក្រុង​រួមគ្នា​មួយ (​រួមទាំង​ខ្ញុំ​ផង​) ទៅ​វត្ត​ព្រះអង្គ​ខ្មៅ​។​

​ក្រុម​អភិរក្ស​អង្គរ​បាន​ឲ្យ​ដឹងថា ហេតុ​បានជា​វត្ត​នេះ​មាន​នាម​វត្ត​ព្រះអង្គ​ខ្មៅ​យ៉ាងនេះ ដោយ​ក្នុងសម័យ​សង្គ្រាម​សាសនា​ក្រោយ​អង្គរ រវាង​ព្រហ្មញ្ញ និង​ពុទ្ធសាសនា គេ​បាន​ដុត​វត្ត​នេះ​រោលរាល​ទាំង​ព្រះ​បដិមា​ព្រះពុទ្ធ​ឡើង​ខ្មៅអ៊ូញ ទើប​គេ​ឲ្យ​ឈ្មោះ​វត្ត​នេះ​រហូតមក​។ ក្រោយពី​ធ្វើការ​បន់ស្រន់​ហើយ សម្តេច​តេ​ជោ​បាន​ចាក់​គម្ពីរ ត្រូវ​ត្រង់​ព្រះ​ពោធិ៍សត្វ​ប្រសូត​នៅក្នុង​រាជវង្ស​តែ​ព្រះអង្គ​មិនមាន​បន្ទូល​អី​ទាំងអស់ ដូចជា​គ​ថ្លង់ រហូតដល់​ព្រះ​បី​តា​ទ្រាំលែងបាន​បញ្ជា​​ឲ្យ​យកទៅ​សម្លាប់ចោល តែ​មិន​សុគត​។​

​គម្ពីរ​បានចែង​ថា «​មានការ​លំបាក​មុន តែ​ចុងក្រោយ​ល្អ​ណាស់​»​។ សម្តេច​តេ​ជោ បាន​មើលឃើញ​ការប្រជុំ​នៅ​ថ្ងៃទី​២៤ កញ្ញា គឺមាន​ន័យ​ដូច​គម្ពីរ​ថា «​ដល់​ក្រោយ​ល្អ​ណាស់​» នោះឯង​។​

​នៅក្នុង​រថយន្ត​សម្តេច​សួរថា «​អ្នកណា​ចង់ទៅ​ណា ទាន់​អញ​មាន​លុយ​?» (​សម្តេច​តែងមាន​ទម្លាប់​និយាយ​ជាមួយ​ពួក​ខ្ញុំ​អញ​) ខ្ញុំ​បាន​តប​ថា «​បង​ជា​នាយករដ្ឋមន្ត្រី​នៅតែ​មួយកន្លែង​ទៅ លុយ​ទុក​ឲ្យ​ខ្ញុំ​ដើរ​ចាយ​វិញ​»​។ នៅ​យប់​នេះ ចាប់ពី​ពេល​អធ្រាត្រ​ទៅ ស្រាប់​តែមាន​ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ភ្លឺ​។ គឺ​ភ្លៀង​នោះ​ហើយ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​សម្តេច​តេ​ជោ​…​។​

​ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ម៉ោង ៦​ព្រឹក​ទើប​ដាច់​។ ខ្ញុំ​ក៏​ចេញទៅ​ស្រស់ស្រូប​នៅ​ភោជនីយដ្ឋាន «​បន្ទាយស្រី​» ដោយ​យក​ក្រុម​អង្គរក្ស​ផ្ទាល់​របស់​សម្តេច​ស្ទើរ​ទាំងអស់​ទៅជា​មួយ (​ខ្ញុំ​ចាំ​ថា នៅ​ព្រឹក​នោះ អស់ ៩០​ដុល្លារ​)​។ ស្រស់ស្រូប​ស្ទើរ​មិនទាន់​ចប់​ផង ភ្លៀង​ចាប់ផ្តើម​បង្អុរ​យ៉ាងខ្លាំង​មកទៀត (​នៅ​ម៉ោង​ជិត​៧)​។ ពួកយើង​ប្រញាប់​រូតរះ​មក​សណ្ឋាគារ​វិញ ហើយ​ចាប់ផ្តើម​ស្លៀក​ក្បិន (​មាន​ក្រុម​ខាង​វិចិត្រសិល្បៈ​មកពី​ភ្នំពេញ​ជួយ​ចងក្បិន​យើង​)​។​

​តាម​ការរៀបចំ សម្តេច​ត្រូវ​ទៅដល់​ព្រះរាជដំណាក់​មុនគេ ហេតុនេះ​យើង​ត្រូវ​ចេញ​មុន​គណបក្ស​នានា (​មុន​ទាំង​សម្តេច ជា ស៊ីម ជា​ប្រធាន​បក្ស​ទៅទៀត​)​។ សម្ត​ច​ជិះ​រថយន្ត​ទី​២ បន្ទាប់ពី​ឡាន​នាំមុខ ហើយ​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជិះ​រថយន្ត​តូច​បន្ត​។ ពួក​ខ្ញុំ​ជិះឡាន មី​នី​វ៉ាន់ ប​ន្ព​ពីក្រោយ​ឡានតូច​។ ដោយ​ខ្ញុំ​ចង់​ថតរូប​បានល្អ​ផង ខ្ញុំ​ក៏​ទៅ​អង្គុយ​មុខ​គេ​ជាប់​អ្នក​បើកឡាន (​ឡាន​ចង្កូត​ស្តាំ​កាលនោះ​) ហេតុនេះ​ខ្ញុំ​អង្គុយ​ខ្ពស់ជាង​ឡានតូចៗ​ដែល​នៅមុខ​។​

​យើង​អង្គុយ​ជជែក​គ្នា​សើច​លេង​ពេញ​រថយន្ត ស្រាប់តែ​ឮសូរ​ក្ឌាំង​។ ខ្ញុំ​សំលឹងមើល​ទៅមុខ​ឃើញ​ផ្សែង​ខៀវ​ពណ៌​ពង​ក្រសារ​មួយ​ដុំ​ក្រាស់​នៅ​ខាងស្តាំ​ដៃ តែ​មិនដឹង​មានរឿង​អី​ទេ​។ អង្គរក្ស​នៅ​អង្គុយ​ជាមួយ​សម្តេច​ប្រាប់​ខ្ញុំ​ថា នៅពេលនោះ​សម្តេច​កំពុង​ឱន​ជូត​វ៉ែនតា ហើយ​បន្ទាប់ពីនោះ​ភ្លាម លោក​សួរថា​មានអី​គេ​ណឹ​ង​? ទាំងអស់គ្នា អត់​ដឹងថា ជា​អី​ទាំងអស់ (​ព្រោះ​គ្មាន​អ្នកណា​មើលឃើញ​គ្រាប់​រត់​កាត់​ពីលើ​កា​ប៉ូ​ឡាន​ទាន់​ទេ​)​។ ហើយ​ក្បួន​ចេះតែ​បន្តដំណើរ​ទៅ​។​

​ពេល​ឡាន​ខ្ញុំ​មកដល់​កន្លែង​បាញ់​នេះ ក៏​អត់​ចាប់ភ្លឹក​អី​ដែរ ព្រោះ​មិនបាន​មើលទៅ​ផ្ទះ​ដែល​ខូចខាត​នៅ​ឆ្វេង​ដៃ (​ហើយ​បើ​ឃើញ​ខូចខាត ក៏​មិន​ចាប់អារម្មណ៍​ដែរ ព្រោះ​សម័យ​នោះ​មិន​មានផ្ទះ​ថ្មី​ទេ​)​។ ដោយ​ឃើញ​ម្តុំ​នោះ មាន​កន្លែង​ប៉ះ​កង់​ជាច្រើន​រួមទាំង​បំពង់ខ្យល់​ផង ខ្ញុំ​ក៏​គិតថា ជាការ​ផ្ទុះ​បំពង់ខ្យល់​ហើយ ក៏​និយាយ​លេង​ប្រាប់​គ្នា​ថា «​ពី​សម័យមុន តែ​ផ្ទុះ​បែបនេះ​ច្បាស់​ជា​កំបុតក​ហើយ​»​។ ក្បួន​យើង​ទៅដល់​ព្រះរាជដំណាក់ ដោយមាន​ការទទួល​តា​ម​ពិធីការ ហើយ​ពួកយើង​ជា​សមាជិក​គណបក្ស​ប្រជាជន​ត្រូវគេ​ដាក់​ឲ្យ​អង្គុយ​តាម​កន្លែង​ទៅតាម​អាយុ​។ សម្តេច សខេង មាន​អាយុ​ស្មើ​ខ្ញុំ​ហេតុនេះ​នៅ​អង្គុយ​ជាប់​ជាមួយ​ខ្ញុំ​។

​ក្នុងសម័យ​ប្រជុំ​ទីមួយ​សភា ប្រធាន​បក្ស​នានា​ដែលមាន​អាសនៈ​ក្នុង​សភា​អង្គុយ​កៅអី​ជួរមុខ​ទាំងអស់គ្នា​។ នៅពេលនោះ ទើប​សម្តេច ស ខេង (​នៅ​ជារ​ដ្ខ​មន្ត្រី​មហាផ្ទៃ​) បានទទួល​ទូរ​សព្ទ​មក​ថា មានការ​បង្កៃគ្រាប់​បេ​៤០ បួន​គ្រាប់​លាក់​ក្នុង​គុម្ព​ផ្កាក្រដាស​អម​ផ្លូវ ហើយ​បញ្ជា​ដោយ​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​។​

​សំណាង​ដោយសារ​យប់នោះ​មាន​ភ្លៀង​ធ្វើ​ឲ្យ​សើម​ប្រព​ន្ធ័​ត​ខ្សែ​ទើប​ផ្ទុះ​តែមួយ​គ្រាប់​ខាងដើម បើ​ផ្ទុះ​ទាំង​៤​គ្រាប់ សម្តេច​តេ​ជោ​គ្មាន​សល់​អី​ទេ (​រថយន្ត​លោក​ជិះ​ជា​រថយន្ត Land Cruiser ធម្មតា មិនមែន​ពាស​ដែក​ទេ​)​។​

​នៅក្នុង​សម័យ​នោះ បញ្ឆិត​ទល់មុខ​កន្លែង​បង្កៃគ្រាប់ គឺជា​រង្គសាល​ដែលមាន​រាំរែក​រហូត​ជិត​ភ្លឺ ហើយ​កន្លែង​ទល់មុខ រួមទាំង​កន្លែង​បង្កៃគ្រាប់ (​នៅ​ឆ្ងាយ​ពី​គេ​បន្តិច​) ជា​កន្លែង​ដែល​តែងមាន​អ្នក​ម៉ូតូឌុប​នៅ​រង់ចាំ​ភ្ញៀវ ហេតុនេះ​ពួកគេ​អាច​សម្ងំ​បង្កៃគ្រាប់​បាន​។​

​សម្តេច ស ខេង ឲ្យ​ខ្ញុំ​ទៅ​រាយការណ៍​ជូន​សម្តេច​នៅ​ជួរមុខ​។ សម្តេច​នៅ​ស្ងៀម​។ ខ្ញុំ​ក៏​ត្រលប់មក​អង្គុយ​វិញ​។ បន្តិច​មកទៀត ក្រុម​សន្តិសុខ​បាន​លើក​សំនួរ​មួយទៀត ។ នោះ​គឺថា តើ​សម្តេច​គួរ​បន្តទៅ​ស្បថ​នៅ​អង្គរវត្ត​ទេ​? (​តាមផ្លូវ​ទៅ​អង្គរវត្ត​សុទ្ធតែ​ព្រៃ​ក្រាស់ មិន​ដូច​ពេលនេះ​ទេ​) ព្រោះ​មិនបាន​ត្រៀម​មាន​បញ្ហា​នេះ​កើតឡើង ពោល គឺ​ត្រៀមកម្លាំង​សន្តិសុខ (​តែបើ​មិន​ទៅ​ស្បថ គឺ​មិន​ពេញសិទ្ធិ​ជា​តំណាងរាស្ត្រ​ទេ​)​។ សម្តេច ស ខេង ឲ្យ​ខ្ញុំ​ទៅ​សួរ​សម្តេច​តេ​ជោ​ម្តងទៀត​។​

​ខ្ញុំ​ដើរទៅ​សួរ​សម្តេច​តេ​ជោ ជា​លើក​ទី​២​។ សម្តេច​គិត​មួយសន្ទុះ ទើប​មានប្រសាសន៍ថា «​ទៅ​» រួច​សម្តេច​ពន្យល់​ខ្ញុំ​ថា «​នៅពេល​បាញ់​ទីមួយ គេ​អាច​ធ្វើបាន​ព្រោះ​គេ​កំណត់​ម៉ោង​ឲ្យ​យើង​ដើរ តែ​ពេល​ទៅ​ស្បថ​អត់​មាន​កំណត់ថា​អ្នកណា​ទៅមុន​ទៅក្រោយ​ទេ ហេតុនេះ​លទ្ធភាព​វាយប្រហារ​មាន​តិច​បំផុត​»​។​

​សម្តេច​ពិតជា​មេទ័ព​ពូកែ​មែន​។ យើង​ក៏បាន​ចេញទៅ​ស្បថ​ដោយ​សុវត្ថិភាព​។ នៅពេល​ត្រលប់​មកពី​ស្បថ យើង​មក​សណ្ឋាគារ​វិញ ពេលនោះ​ទើប​ដំណឹង​ពី​រឿង​គ្រាប់​បង្កៃ​នេះ​បានចាប់ផ្តើម​សាយភាយ​។ នៅ​ម៉ោង​បាយ សម្តេច​បាន​ហៅ​ខ្ញុំ​ទៅ​ជួប​នៅក្នុង​បន្ទប់​សម្រាក​របស់លោក​។ យើង​នៅតែ​ពីរ​នាក់​។ អ្វីដែល​ខ្ញុំ​ចាំ​ជាងគេ​គឺ​ម្ហូប សម្ល​បែប​ខ្មែរ​មួយ​ថាស ក្នុងនោះ​មានកូន​ចាន​ដាក់​ទឹកត្រី​សុទ្ធ​មួ​ួ​យ ហើយ​សម្តេច​អង្គុយ​សម្លឹង​ជ្រប់​មើល​សម្ល​នេះ​។ នៅពេលដែល​សម្តេច​សម្លឹង​មើល​ខ្ញុំៗ​គិត​ថាបើ​លោក​ស្រក់​ទឹកភ្នែក គឺ​ពិតជា​ដំនក់ឈាម​ហើយ​។ លោក​មិនមែន​ក្តៅក្រហាយ​រឿង​គេ​ប៉ង​សម្លាប់​លោក​ទេ តែ​គឺ​លោក​ឈឺចិត្ត​ដែល​លោក​បាន​ប្រឹងប្រែង​ឲ្យ​ចេញ​ជាស​ភា​រួច និយាយ​គ្នារ​កសុខ​ឲ្យ​ខ្មែរ តែ​ទីបំផុត​បែរជា​ប៉ុនប៉ង​សម្លាប់​លោក​ទៅវិញ​។ នេះ​ជា​ទឹកមុខ​ដែល​ខ្ញុំ​ចាំ​រហូត​។​

​បន្ទាប់ពី​ការរៀបរាប់​ចប់សព្វគ្រប់​នូវ​ព្រឹត្តិការណ៍​ដ៏​ព្រឺព្រួច និង​ឈឺចាប់​មួយ​នេះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​អះ​អា​ថា ថ្ងៃនេះ​ជា​ថ្ងៃសីល​ធំ ជា​ថ្ងៃ​ផ្តើម​បិណ្ឌ ដូច្នេះ​រឿង​ដែល​លោក​បាន​រំលឹក​ពី​ការប៉ុនប៉ង​ធ្វើឃាត​សម្តេច ហ៊ុន សែន មិនមាន​បញ្ចេញបញ្ចូល​អ្វី​ទាំងអស់​។​

​ជា​ចុងក្រោយ​លោក ខៀវ កាញារីទ្ធ ក៏បាន​បួងសួង​សូម​ឲ្យ​កម្ពុជា​ជួបតែ​សុខសន្តិភាព មនុស្ស​អាក្រក់​ឲ្យ​ក្លាយ​ចេះ​កាន់​បុណ្យទាន ហើយ​សូម​ខ្មែរ​ចេះ​ស្រលាញ់គ្នា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ក៏បាន​រំលឹក​ពី​ព្រឹត្តិការណ៍​ដ៏​ព្រឺព្រួច​មួយ​នេះ​ផងដែរ​។ សម្តេច​តេ​ជោ បាន​ចោទ​ជា​សំណួរ​ថា ប្រសិន​សម្តេច​ស្លាប់​នាពេលនោះ តើ​នឹង​មានរឿង​អ្វី​កើតឡើង​? តើ​សង្គ្រាម​អាច​បញ្ចប់​បាន​តាមរយៈ​នយោបាយ ឈ្នះ​-​ឈ្នះ ដូច​ពេល​សម្តេច​នៅមាន​ជីវិត​ដែរឬទេ​?

​សម្តេច​តេ​ជោ បាន​អរ​ព្រះ​គុណ​ទេវតា​ថែរក្សា​អង្គរវត្ត ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងអស់​ដែល​ជួយ​ការពារ​សម្តេច​នាពេលនោះ​។ សម្តេច​តេ​ជោ បានបញ្ជាក់​ដូច្នេះ «​ខ្ញុំ​ជឿ​ច្បាស់​ណាស់​ថា អ្នក​ជួយ​ជីវិត​ខ្ញុំ​នាពេលនោះ​គឺ​តាមផ្លូវ​ង​ងិ​ត គឺ​គុណបុណ្យ ទេវតា​ទាំង​ភូមិ​ទេវតា រុក្ខទេវតា អាកាស​ទេវតា បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម បារមី​ដែល​តាម​ថែរក្សា​ខ្ញុំ​ជាប្រចាំ​កន្លងមក​បាន​ជួយ​ជីវិត​ខ្ញុំ​អោយ​ខ្ញុំរ​ស់បាន​២០​ឆ្នាំ​កន្លងមកនេះ ដែល​ធ្វើអោយ​ខ្ញុំ​បាន​ដឹកនាំ​ប្រទេស​ចេញពី​សង្គ្រាម​មកកាន់​សន្តិភាព​និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​»​។​

​សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់ដែរថា សម្តេច​បាន​អហោសិកម្ម​ឲ្យ​អ្នក​ដែល​ចង់​សម្លាប់​សម្តេច​នៅ​ខេត្តសៀមរាប​រួចហើយ បើទោះជា​សម្តេច​មាន​ពន្លឺ​ក្នុងការ​ស្រាវជ្រាវ​ក៏ដោយ​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា «​តែ​អ្នក​ត្រូវ​ដឹងថា​ពេលណា​ខ្ញុំ​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិន​ឲ្យ​ពួក​អ្នក​សម្លាប់​ខ្ញុំ​បានទេ មិន​ឲ្យ​ពួក​អ្នកធ្វើ​រដ្ឋប្រហារ​ឬ​ធ្វើ​បដិវត្ត​ពណ៍​បានទេ​។ ទោះ​ដោយ​តម្លៃ​ណា​ក៍ដោយ​ខ្ញុំ​ត្រូវការពារ​សន្តិភាព និង​ការពារ​ជីវិត​ប្រជាជន​កម្ពុជា​អោយ​ខាន​តែ​បាន​»៕​