​រដ្ឋមន្ត្រីក្រសួង​មុខងារ​៖​ត្រូវ​ប្រើប្រាស់​និង​គ្រប់គ្រង​មន្ត្រី​ក្នុង​អង្គភាព​ឱ្យបាន​ហ្មត់ចត់​

1106
ចែករម្លែក

(​កំពត​)៖​គ្រប់​ស្ថាប័ន​ត្រូវ​ព្យាយាម​ប្រើប្រាស់​មន្ត្រី​ក្នុង​អង្គភាព​ឱ្យអស់​ជាជាង​ស្នើសុំ​បង្កើន​ក្របខ័ណ្ឌ និង​គ្រប់គ្រង​ដោយ​ភាព​ហ្មត់ចត់​ដើម្បី​ប្រសិទ្ធភាព​ការងារ​។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ការត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​។​

ក្នុង​កិច្ច​ស្វាគមន៍​អង្គសិក្ខាសាលា​នេះ លោក​ចាន់ ចេស្តា អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា រដ្ឋបាល​ខេត្តកំពត​បា​ន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជំរុញ​អនុវត្ត​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឱ្យមាន​ប្រសិទ្ធភាព​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បី​របស់​រាជរដ្ឋាភិបាល​ដែលមាន​អភិបាលកិច្ច​ល្អជា​ស្នូល​។

ចំពោះ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ខេត្ត​បាន​ចូលរួម​អនុវត្ត​ជាប្រចាំ ជាអាទិ៍ ការកែលម្អ​គុណភាព​សេវាសាធារណៈ ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស ការកែទម្រង់​ប្រព័ន្ធ​បៀវត្ស​មន្ត្រី​។ លោក​អភិបាលខេត្ត​បាន​បន្តថា រដ្ឋបាលខេត្ត​បាន​ខិតខំ​ជំរុញ​ដល់​គ្រប់​មន្ទីរ អង្គភាព​ទូទាំង​ខេត្ត​ឱ្យ​យកចិត្តទុកដាក់​ដល់​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ឱ្យបាន​ច្បាស់លាស់​។

ការបម្រើ​សេវាសាធារណៈ​វិញ រដ្ឋបាល​ខេត្តកំពត​បា​ន​បង្កើន​ការកែលម្អ​សេវា សាធារណៈ ពិសេស​ពង្រឹង​យន្តការ​ច្រកចេញចូល​តែមួយ ហើយ​ខិតខំ​ជំរុញ​ដល់​រដ្ឋបាល​ក្រុង​ស្រុក មូលដ្ឋាន​ដែល​នៅ​កៀក​ប្រជាពលរដ្ឋ​ឱ្យបំពេញ​សេវាសាធារណៈ ទាំង​តម្រូវការ និង​សំណូមពរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​។

លោក​ចាន់ ចេស្តា​បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា​ខេត្ត​បានរៀបចំ​រួចរាល់​នូវ​ដីកា​ស្តីពី​ការបង្កើត​ក្រុមការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ​នៃ​រដ្ឋបាលខេត្ត​ដើម្បី​បន្តការងារ​កែទម្រង់ និង​ត្រៀមខ្លួន​សម្រាប់​ការកែទម្រង់​ថ្មីៗ​របស់​ក្រសួង ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល​។​

លោក​ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​ថា​គោលបំណង​ចុងក្រោយ​នៃ​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ​គឺ​សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​។ ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​គុណភាព​ជា​ចំណុច​គន្លឹះ​នៃ​ការបង្កើន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​លើ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

លោក​ប្រធាន​គណៈ​ក​ម្មា​ធោ​ការកែទម្រង់រដ្ឋបាល​សាធារណៈ​បាន​មានប្រសាសន៍​បន្តថា​កន្ល​ង​មក​សម្តេចនាយករ​ដ្ឋ​មន្ត្រី​បានដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ និង​កងយោធពល​ខេមរភូមិន្ទ​ឱ្យបាន​លើសពី​មួយ​លាន​រៀល​នៅ​ឆ្នាំ​២០១៨​។ ដូច្នេះ លទ្ធផល​ចុងក្រោយ​នៃ​ការដំឡើង​បៀវត្ស រួមផ្សំ​ជាមួយ​ការបណ្តុះបណ្តាល​បង្កើន​ស​ម​ត្ថ​ភាព និង​ប្រើប្រាស់​មន្ត្រី​ឱ្យចំ​ជំនាញ​គឺជា​ការបង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​។

លោក​ពេជ្រ ប៊ុនធិន បាន​បញ្ជាក់ថា​គ្រប់​ស្ថាប័ន​ត្រូវ​ព្យាយាម​ប្រើប្រាស់​មន្ត្រី​ក្នុង​អង្គភាព​ឱ្យអស់​ជាជាង​ស្នើសុំ​បង្កើន​ក្របខ័ណ្ឌ​ដែលជា​ផ្នែក​មួយ​ជួយ​ក្បិតក្បៀត​ថវិកាជាតិ​។ លើសពីនេះ​ទៀត​បណ្តា​មន្ទីរ អង្គភាព​ត្រូវ​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ ពិសេស​លើ​បញ្ហា​វត្តមាន អវត្តមាន​មន្ត្រីក្រោមឱវាទ​ដើម្បី​ប្រសិទ្ធភាព​ការងារ​៕S/​ដោយ បូកគោ​

#