​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​-​ផលិតករ​វ័យក្មេង​គួរ​ត្រូវបាន​លើកទឹកចិត្ត​បន្ថែមទៀត​ក្នុង​ការផលិត​ភាពយន្ត​

1129
ចែករម្លែក

​ដោយ​:​បញ្ញា​សាស្ត្រ​/ភ្នំពេញ ៖ ​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២ បាន​ចាប់ដំណើរការ​បញ្ចាំង​ជា​ផ្លូវការ​ហើយ កាលពី​យប់​ថ្ងៃទី​១០ វិច្ឆិកា ២០១៨ ក្រោម​ពាក្យស្លោក​ស្តីពី «​ភាពយន្ដ​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះ ទៅរក​ភាពយន្ដ​ខ្នាត​វែង​»​ នៅ​សាល​មហោស្រព​ចតុមុខ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។

​លោកជំទាវ មានប្រសាសន៍​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត ថា «​កន្លងមក​ក្រ​សួ​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ខិតខំ​ស្វះស្វែងរ​កដៃ​គូរ​សហកា​រ បង្កើត​សាល​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី លើ​មុខ​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នានា​លើ​វិស័យ​ភាពយន្ដ ពិសេស​ក្រសួង​បាន​ជំរុញ និង​គាំទ្រ​ឲ្យ​មានការ​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ របស់​វិស័យ​ឯកជន​ផងដែរ​។ បច្ចុប្បន្ននេះ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​បាន​ខិតខំ​នាំគ្នា​ជំរុញ​លើ​វិ​ស័​ភាពយន្ដ ឲ្យ​មានការ​វិវត្តន៍​រីកចម្រើន​បន្ថែមទៀត​»​។

លោកជំទាវ​បន្ដទៀតថា ក្រសួង​វប្បធម៌​បាន​ចាត់ទុកថា ការរៀបចំ​មហោស្រព​ជាតិ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២​នេះ ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ផ្ដល់ឱកាស និង​ការគាំទ្រ​ដល់​យុវជន​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​គំនិត​ច្នៃប្រឌិត និង​ជាការ​បង្កើត​ទស្សនៈទាន​ថ្មីៗ ដើម្បី​បង្កើត​ស្នាដៃ​ភាពយន្ដ​ប្រក​ដោយ​ទេពកោសល្យ​ចូលរួម​ប្រកួតប្រជែង​។​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ជាក់ទៀតថា «​ខ្ញុំ​សង្ឃឹមថា​ក្មួយៗ​ផលិតករ​ទាំងអស់​នឹង​ក្លាយជា ធនធាន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍ ឧស្សាហកម្ម​ខ្សែភាពយន្ដ​កម្ពុ​ជានា​ថ្ងៃ​អនាគត​។ ជាមួយគ្នានេះ​ខ្ញុំ​សូម​អំពាវនាវ ដល់​ផលិតករ​វ័យក្មេង​បន្ដ​ខិតខំ​ប្រឹងប្រែង បណ្ដុះ​ការយល់ដឹង​ពី​តម្លៃពិត​នៃ​សិល្បៈ​ភាពយន្ដ ដើម្បី​ក្លាយខ្លួនជា​អ្នក​បន្ដវេន​ខ្សែភាពយន្ដ​កម្ពុជា​ឲ្យ​កាន់តែ​រី​ចម្រើន​»​។

​​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​ឲ្យ​ដឹងថា ការប្រកួត​ភាពយន្ដ​ខ្នាត​ខ្លី​នេះ​​មានការ​ចូលរួម​ប្រកួត​ស្នាដៃ​ចំនួន​៤១​រឿង ក្នុងចំណោម​៤១​រឿង​នឹង​ចំរាញ​យក​៦​រឿង ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច​ព្រ័​ត្ត ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​បន្ដទៀតថា ក្នុងចំណោម​៦​រឿង​នឹងត្រូវ​ចម្រាញ់​យក​៣​រឿង ដើម្បី​ទទួលបាន​ជ័យលាភី​លេខ​១, លេខ​២ និង​លេខ​៣​។ ក្នុងនោះ​ជ័យលាភី​លេខ​១ ទទួលបាន​ពានមាស​មួយ និង​ទឹកប្រាក់​ចំនួន ១២​លាន​រៀល​, លេខ​២​ទទួលបាន​ពានប្រាក់​១ និង​ទឹកប្រាក់​៨​លាន​រៀល និង​លេខ​៣​ទទួលបាន​ពាន​សម្រិត​១ និង​ទឹកប្រាក់​៤​លាន​រៀល​។​

សូមជម្រាបថា ខ្សែភាពយន្ដ​ទាំង​៤១​ស្នាដៃ​នេះ នឹង​ត្រូវបាន​គណៈកម្មកា​រ​ចំនួន​៧​រូប សុទ្ធសឹងតែ​ជា​អ្នកមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ នឹងធ្វើ​ការជ្រើសរើស​យក​ខ្សែភាពយន្ដ​ចំនួន​៦ ក្នុងចំណោម​៤១​រឿង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័​ត្ត​ដោយ​សុ​ក្រិត​ភាព និង​យុត្តិធម៌​៕B/


​ ​