​រដ្ឋមន្ត្រីក្រសួង​សាធារណការ​!​ការងារ​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវ​ពង្រឹង​ឱ្យមាន​ប្រសិទ្ធភាព​

191
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រោយពី​មានការ​រិះគន់​ពី​មហាជន​ពាក់ព័ន្ធ​នឹង​អ្នកគ្រប់គ្រង​កន្លែង​ថ្លឹង​រថយន្ត​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានលើកឡើង​ថា​”​ការងារ​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវ​ពង្រឹង​ឱ្យមាន​ប្រសិទ្ធភាព​ហើយ​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ឬ​បង្វែរ​អ្នកគ្រប់គ្រង​ការ​ថ្លឹង​រថយន្ត​ដោយ​មិនត្រូវ​ទុក​យូរ​ឆ្នាំ​នោះទេ​”​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១០​ខែ​ឆ្នាំ​២០១៩​នាពេល​ថ្មីៗ​នេះ​នៅ​ទីស្តីការក្រសួង​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានលើកឡើង​ថា​៖​យើង​ត្រូវ​ពង្រឹង​ការ​ថ្លឹង​រថយន្ត​នេះ​បន្ថែមទៀត​។​ត្រូវមាន​នីតិវិធី​ប្តូរ​ប្រធាន​គ្រប់គ្រង​ការងារ​ថ្លឹង​ជញ្ជីង​តាមផ្លូវ​។​

​ការ​កាន់តំណែង​នេះ​៥​ឬ​១០​ឆ្នាំ​ដូច​បច្ចុប្បន្ននេះ​អាច​ត្រូវ​ដូរ​ទៅ​២​ឆ្នាំ​វិញ​ឬ​ដូរ​ចេញ​កុំ​ទុក​នៅ​យូរ​នាំ​ឲ្យ​មានការ​រិះគន់​។​លោក​បាន​បន្តថា​ជាក់ស្តែង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាល​ពេល​ថ្មីៗ​នេះ​បាន​បង្ហោះ​ច្រើនណាស់​ចំពោះ​ការដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ថា​កន្លែង​មិនបានការ​ហើយ​ជា​កន្លែង​យកលុយ​ដោយ​មិនបាន​ថ្លឹង​ត្រឹមត្រូវ​នោះទេ​។

លោក​បញ្ជាក់ថា​៖«​ករណី​ថ្លឹង​រថយន្ត​នេះ​យើង​មិនអាច​ទទួលយក​បានទេ​ពី​ការរិះគន់​ពី​មហាជន​គឺ​យើង​ត្រូវតែ​ឲ្យ​មានការ​ថ្លឹង​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​។​ត្រូវ​ផ្លាស់ប្តូរ​ប្រធាន​គ្រប់គ្រង​ត្រូវតែ​ប្តូរ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើបែបនេះ​ធ្វើ​ឲ្យ​ខូច​មុខមាត់​ក្រសួង​និង​រាជរដ្ឋាភិបាល​នោះទេ​។​គ្រាន់តែ​ថ្លឺ​ង​ហើយ​មិនដឹង​អ្វី​ផង​យកលុយ​ហើយ​ទៅ​បាត់​រឿង​នឹងមាន​ច្រើនតែ​ខ្ញុំ​មិនដឹងថា​ការពិត​ឬ​មិន​ការពិត​។​ដូច្នេះ​ត្រូវ​តាមដាន​ថែមទៀត​ចំពោះ​ករណីនេះ​»៕S/

​ចំណងជើង​រូបថត​៖​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជំ​រុញឱ្យ​ការងារ​ជញ្ជីង​ថ្លឹង​រថយន្ត ត្រូវ​ពង្រឹង​ឱ្យមាន​ប្រសិទ្ធភាព​(​រូប​៖​សុផល​)