​រដ្ឋមន្ត្រីក្រសួង​អប់រំ អំពាវ​នា​វដល់​សហព័ន្ធ​កីឡា​ជាតិ ដែល​គ្មាន​សកម្មភាព ត្រូវ​ពង្រឹង​ខ្លួន​ឡើងវិញ​

255
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​សំណូមពរ ដល់​សហព័ន្ធ​ជាតិ ដែល​គ្មាន​សកម្មភាព​នោះ ឲ្យ​ពង្រឹង​ខ្លួន​ឡើងវិញ ។​

​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ប្រចាំឆ្នាំ អនុវិស័យ​កីឡា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ លោក​បាន​សង្កត់ធ្ងន់ថា សហព័ន្ធ​កីឡាបាល់ទាត់ បាន​ក្លាយជា​សហព័ន្ធ​គំរូ​គេ ក្នុង​ការកសាង​ធនធានមនុស្ស តាំងពី​កីឡាករ មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម​ថ្នាក់ជាតិ និង កម្រិត​អន្តរជាតិ ។ សហព័ន្ធ​កីឡា​ប៉េតង់ តេ​ក្វាន់​ដូ WT និង​សហព័ន្ធ​មួយចំនួនទៀត មានការ​រីកចម្រើន​ខ្លាំង ។

ផ្ទុយទៅវិញ សហព័ន្ធ​មួយចំនួន​តូច បែរជា​គ្មាន​សកម្មភាព អ្វី​ទាំងអស់ ។ គ្មាន​ការប្រកួត​ថ្នាក់​អន្តរជាតិ ហើយ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ បែរជា​ធ្វើ​លំៗ ឲ្យ​តែ​បាន ។ សហព័ន្ធ​ដែល​គ្មាន​សកម្មភាព​បែបនេះ ត្រូវតែ​ពង្រឹង​ខ្លួន​ឡើងវិញ ។​

​លោក​រដ្ឋមន្ត្រី បាន​សំណូមពរ ឲ្យ​រាល់​ការប្រកួត ត្រូវតែ​រៀបចំ​ឲ្យ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ។ ការប្រកួត ត្រូវតែមាន​ពេទ្យ កីឡាករ កីឡាការិនី ត្រូវតែមាន របបហូបចុក​ត្រឹមត្រូវ ស្នាក់នៅ​ដោយ​កន្លែង​សមរម្យ ។ សម្រាប់​កីឡាករ​-​កីឡា ការិនី ជម្រើសជាតិ មិនត្រូវ​ធ្វើខ្លួន ឲ្យ​ទៅជា​តួឯក ហើយ​ត្រូវមាន​យន្តការ​ត្រួតពិនិត្យ ការហ្វឹកហាត់ ឲ្យ​បាន​ត្រឹមត្រូវ ។​

​អង្គ​ប្រជុំបាន​ឯកភាពគ្នា លើ​មូលបទ​សំខាន់​ចំនួន ២ គឺ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង យុវជន​ម្នាក់ ត្រូវមាន​កីឡា​មួយ​ប្រភេទ ក្នុង​ជីវិត ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ដែលមាន​រយៈពេល មួយថ្ងៃ​កន្លះ​នេះ ស្ថិតក្រោម​ការដឹកនាំ របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី អង្គភាព​ទាំង ៤ ចំណុះ​អគ្គនាយកដ្ឋាន​កីឡា គឺ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស និស្សិត មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ។​

​ក្រៅពីនោះ ក៏មាន​ការចូលរួម ពី​តំណាង​មន្ទីរអប់រំ យុវជន និង​កីឡា ទាំង ២៥ រាជធានី​-​ខេត្ត សហព័ន្ធ​ជាតិ ទាំង​ប្រភេទ​កីឡា​អូឡាំពិក និង មិន​អូឡាំពិក អង្គការ​បេះដូង​មាស​របស់​ជប៉ុន ផ្នែក​ពាក់ព័ន្ធ​នានា ពិសេស​មានការ​ចូលរួម​ពី គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​។​

​ជាមួយនឹង​ការបិទ​អង្គប្រជុំ​នេះ ក៏មាន​ការប្រគល់​ប្រាក់រង្វាន់ ដល់​ជ័យលាភី​ចំនួន ៤ ប្រភេទ​កីឡា ដែល​ក្នុងនោះ មាន​ជ័យលាភី​ប្រកួត​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) ពិភពលោក ជ័យលាភី​កីឡា​ប៉េតង់ ជើងឯក​អាស៊ី កីឡា​គុន​ដាវ​ជើងឯក​អាស៊ីអាគ្នេយ៍ និង​កីឡា​កាយ​វប្បកម្ម ជើងឯក​អាស៊ីអាគ្នេយ៍ ៕v

ទិដ្ឋភាព​បិទ​អង្គប្រជុំ​
​ប្រគល់​រង្វាន់ ដល់​ជ័យលាភី​