​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​

592
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​បន្តដំណើរ​ទៅ​ឃុំ​រស្មី​ស្រុករ​វៀង​ខេត្តព្រះវិហារ​ដើម្បី​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​រស្មី​លើកកម្ពស់​កសិករ​ដែល​កំពុង​អនុវត្ត​កម្មវិធី ប្លុក​រ៉ា​យស៍​(BlocRice)​កាលពី​រសៀល​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៩​។

​សូមបញ្ជាក់ថា​អង្គការ​អុក​ហ្វា​ម​(Oxfarm)​បាន​ជួយឧបត្ថម្ភ​កម្មវិធី​ប្លុក​រ៉ា​យស៍​នេះ​ដែល​កម្មវិធី​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដោយ​បញ្ចូល​ទិន្នន័យ​ដូចជា​ព័ត៌មាន​ពី​សហគមន៍​កសិករ​ផែនទី​ដាំ​ដុះ​ប្រភេទ​ពូជស្រូវ​ការដាំដុះ​ប្រមូល​ផល​កែច្នៃ​វេច​ខ្ចប់​ដឹកជញ្ជូន​ទីផ្សារ​និង​តម្លៃ​ដែល​សមាជិក​សហគមន៍​ទទួលបាន​។​

​ជារួម​ផ្សាភ្ជាប់​រវាង​អ្នក​ផលិត​និង​អ្នក​បរិភោគ​តាមរយ​:​ព័ត៌មាន​សំខាន់ៗ​ដែល​បាន​បញ្ចូល​ល​ក្នុង​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន​។​បច្ចុប្បន្ន​មាន​កសិករ​ចំនួន​៥០​គ្រួសារ​កំពុង​សាកល្បង​ប្រើប្រាស់​កម្មវិធី​នេះហើយ​ក្នុងចំណោម​៥០​គ្រួសារ​នេះ​មាន​៣៨​គ្រួ​សារបាន​ផលិត​និង​លក់​ស្រូវ​បាន​ប្រមាណ​ជា​៩២​តោន​ដោយ​ទទួលបាន​ទឹកប្រាក់​សរុប​ជាង ២២​ពាន់​ដុល្លារ​អា​មេ​រិច​។

​លោក​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សហគមន៍​រស្មី​លើកកម្ពស់​កសិករ​ដែល​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់​តាមរយ​:​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​លើ​ដំណាំ​ស្រូវ​ជាមួយ​ក្រុមហ៊ុន​AmruRice​និង​ដំណាំ​ដំឡូង​មី​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​។​

លោក​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ជូន​ចំពោះ​អង្គការ​Oxfarm​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​នេះ​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​។​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ​លោក​បាន​ជម្រាបជូន​អង្គពិធី​ថា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​បានប្រែក្លាយ​ពី​ប្រទេស​ដែល​ខ្វះ​ស្បៀង​មកជា​ប្រទេស​ដែល​កំពុង​ផលិត​ស្បៀង​ដែលមាន​ស្តង់ដារ និង​គុណភាព​សម្រាប់​នាំចេញ​។

​លើសពីនេះ​ទៀត​គឺ​ប្រជា​សហគមន៍​បាននិងកំពុង​ចាប់ផ្តើម​យល់ច្បាស់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​បច្ចេកទេស​ដាំ​ដុះ​ការកែច្នៃ​វេច​ខ្ចប់​។​ការបំពេញ​នូវ​សេចក្តីត្រូវការ​របស់​ទីផ្សារ​ដែល​ក្នុងសម័យ​ឌីជីថល​រូបនីយកម្ម​នេះ​អ្នកបញ្ជា​ទិញ​និង​អ្នក​បរិភោគ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ស្វែងយល់​អំពី​ប្រភពដើម​នៃ​ផលិតផល បញ្ជា​ទិញ និង​ទូទាត់​ប្រាក់​តាមរយ​:​ធនាគារ​។

ទាក់ទង​ការងារ​ផលិតកម្ម​លោក​បាន​ណែនាំ​ដល់​សហគមន៍​ឲ្យ​សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ផលិត​ពូជ​សម្រាប់​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ក្នុង​សហគមន៍​ធានា​ពូជ​សុទ្ធ​និង​តម្លៃ​។​ដោយឡែក​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​សហការ​ជាមួយ​ដៃគូ​វិនិយោគ​និង​សហគមន៍​លើកសំណើ​ទៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ពិនិត្យ​ពិចារណា​ផ្តល់​ការគាំទ្រ​លើ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​និង​រោង​ស​ម្ងួ​ត​ស្រូវ​និង​ពោត​នៅតាម​សហគមន៍​ធំៗ​ក្នុង​ខេត្ត​គោលដៅ​។​

​ផ្តល់ឱកាស​ក្នុងការ​ពង្រឹងពង្រីក​និង​ធានាបាន​នូវ​បរិមាណ​ប្រមូល​ទិញ​ក្នុង​រដូវ​ប្រមូល​ផល​ការ​ស្តុក​ទុក​តម្លៃ​និង​គុណភាព​ឆ្លើយ​តម​តាម​សេចក្តីត្រូវការ​ទីផ្សារ​នាំចេញ​ជូន​ពួកគាត់​ហើយ​ថែមទាំង​អាច​ប្រែក្លាយ​ពួកគាត់​ពី​សហគមន៍​កសិកម្ម ទៅជា​សហគមន៍​កសិពាណិជ្ជកម្ម​ផងដែរ​៕S/​