​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ពិនិត្យ​ការនាំចេញ​ចេកអំបូង​លឿង​ជិត​៣០០​តោន​ជា​លើកដំបូង​

507
ចែករម្លែក
  • 44
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ចុះ​ពិនិត្យ​ការសាកល្បង​នាំចេញ​ចេកអំបូង​លឿង​ជា​លើកដំបូង​ចំនួន​ជិត​៣០០​តោន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត​នី​ហរ​ណ​អា​ហរ​ណ​នៅ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី ២០ មករា ២០១៩​។

បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចំណាយ​ទុនវិនិយោគ​អស់​ជាង​៨​លាន​ដុល្លារ​អាមេរិក​និង​ចំណាយ​ពេលវេលា​ជាង​ប្រាំពីរ​ខែ​ក្នុង​ការដាំដុះ​ចេក​មួយ​ប្រភេទ​នេះ​។​លោក​ឧកញ៉ា​ហេង​ឡុង​ប្រធាន​ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត​នី​ហរ​ណ​អាហារ​ណ​បានឱ្យដឹង​នៅក្នុង​ពិធី​បើក​ការនាំចេញ​ចេកអំបូង​លឿង​ជា​លើកដំបូង​នៅ​ថ្ងៃទី ២០​មករា​ឆ្នាំ​២០១៩​ថា​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​វិនិយោគ​ដំណាំ​ចេកអំបូង​លឿង​ដែល​នាំ​ពូជ​ពី​ចិន​ចំនួន ៥០០​ហិកតា​។

នៅលើ​ផ្ទៃដី​ចម្ការកៅស៊ូ​បឹងកេត​ជាង​៦​ពាន់​ហិកតា​ដែល​វិនិយោគ​ពីរ​ដ្ឋ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។ ការវិនិយោគ​ចេកអំបូង​លឿង​នេះ គឺ​បន្ទាប់ពី​តម្លៃ​ជ័រកៅស៊ូ​ក្រែប នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នោះ​។​

​លោក​ឧកញ៉ា​បាន​បន្តថា​គិតពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៩​ក្រុមហ៊ុន​ប្រមូលបាន​ចេកអំបូង​លឿង​ជិត​៣០០​តោន​ហើយ​វេច​ខ្ចប់​ដាក់​កេស​ដឹក​តាមរ​ថ​យន្ត​កុងតឺន័រ​ចំនួន​១៤​គ្រឿង​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។​

ការសាកល្បង​នាំចេញ​លើកដំបូង​នេះ​បើ​ទទួលបាន​ជោគជ័យ​ក្រុមហ៊ុន​នឹង​ពង្រីក​ផ្ទៃដី​ដាំចេក​អំបូង​លឿង​ចំនួន​១៥០០​ហិកតា​បន្ថែមទៀត​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ក្រៅពី​ដាំចេក​អំបូង​លឿង​បច្ចុប្បន្ន​ក្រុមហ៊ុន​ក៍បាន​ដាំ​ដំណាំ​ផ្សេងៗ និង​មាន​ចិញ្ចឹមសត្វ​ផងដែរ​។​

​ឧកញ៉ា​ហេង​ឡុង​បាន​ឲ្យ​ដឹង​ទៀតថា​ការវិនិយោគ​ចេកអំបូង​លឿង​នេះ​គឺជា​យុទ្ធសាស្ត្រ​កំណែ​ទំរង់​ថ្មី​មួយ ដើម្បី​ជាការ​ឆ្លើយតប​តម្រូវកា​រ​ទីផ្សារ​ពិភពលោក​។​ខណ​:​ដែល​តម្លៃ​ជ័រកៅស៊ូ​ក្រែប​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការកៅស៊ូ​ភាគច្រើន​ខាតបង់​មិនអាច​ទទួលបាន​ប្រាក់ចំណេញ​តទៅទៀត​។
​ជាក់ស្តែង​ដំណាំ​កៅស៊ូ​មួយ​ហិកតា​ក្នុង​មួយឆ្នាំ​កសិករ​ផលិត​ជ័រ​ក្រែប​បានត្រឹមតែ​១.៣០០​គីឡូក្រាម​ប៉ុណ្ណោះ​ហើយ​លក់​បានតែ​១៣៥០​ដុល្លារ​ទេ​។​ប៉ុន្តែ​សម្រាប់​ដំណាំ​ចេកអំបូង​លឿង​វិញ​គឺមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំងណាស់​ដោយ​ក្នុង​ផ្ទៃដី​មួយ​ហិកតា​រយ​:​ពេល​មួយឆ្នាំ​អាច​ប្រមូល​ផល​ពីរដង​ហើយ​ទទួលបាន​ប្រាក់ចំណូល​ពី​៥​ពាន់ ទៅ​១​ម៉ឺន​ដុល្លារ​អាមេរិក​។

​រីឯ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ក៍​ខុសគ្នា​ដែរ​ចំពោះ​ដំណាំ​កៅស៊ូ​ក្នុង​៦​ហិកតា​ត្រូវការ​ប្រើប្រាស់​មនុស្ស​តែ​២​នាក់​តែ​ចេកអំបូង​លឿង​២​ហិកតា​ត្រូវ​ប្រើ​កម្លាំង​ដល់​៦​នាក់​ដូចនេះ​ការដាំ​ចេកអំបូង​លឿង​នឹង​ផ្តល់​ការងារ​ធ្វើ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​។​

​លោក​ឧកញ៉ា​ហេង​ឡុង​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត​នី​ហរ​ណ​អា​ហរ​ណ​ដែល​បាន​បង្កើតឡើង​នេះ​គឺ​មិនមែន​ត្រឹមតែ​សម្រាប់ធ្វើ​អាជីវកម្ម​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ក៍​សម្រាប់​ធ្វើជា​ខ្នងបង្អែក​ដ៍​រឹងមាំ​ជួយផ្តល់​ជា​បច្ចេកទេស​នៃ​ការដាំដុះ​និង​ជួយ​រក​ទីផ្សារ​ដល់​ប្រជាកសិករ​នៅ​ខេត្តកំពង់ចាម​ដែល​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​ជាពិសេស​គឺ​ដំណាំ​ចេកអំបូង​លឿង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​កាន់តែច្រើន​និង​ទទួលបាន​ប្រាក់ចំណូល​ច្រើន​ដោយ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ឆ្ងាយ​។​

​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានបញ្ជាក់​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ការនាំចេញ​ចេកអំបូង​លឿង​របស់​ក្រុម​ឡុង​ស្រេង​ជា​លើកដំបូង​ថា​មកដល់ពេលនេះ​ការនាំចេញ​ចេកអំបូង​លឿង​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​គឺ​មិនមែន​មានតែ​ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត​នេះ​ទេ​គឺមាន​ពី​៣​ទៅ​៤​កន្លែង​ហើយ​។​

លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា​ប្រទេស​កម្ពុជា​គិតតែ​ត្រឹម​កន្លះ​ខែ​ដើមឆ្នាំ​២០១៩​នេះ​គឺ​បាន​នាំ​ចេកអំបូង​លឿង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រមាណ​ជា​៦០០០​តោន​ហើយ​សង្ឃឹមថា​នៅ​ឆ្នាំ​២០១៩​នេះ​ប្រទេស​កម្ពុជា​អាច​នឹង​នាំចេញ​ចេកអំបូង​លឿង​មិនតិចជាង​១​លាន​តោន​នោះទេ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើ​ទៅដល់​ក្រុមហ៊ុននាំចេញ​ចេកអំបូង​លឿង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ចាប់​តាំងពី​ការដាំដុះ​រហូតដល់​ប្រមូល​ផល​។​លើសពីនោះ​ការ​វេច​ខ្ចប់​គុណភាព​អនាម័យ​ក៍​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

​បើ​មិន​ដូច្នោះ​ទេ​នឹងធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុននាំចេញ​ហើយ​ក្រោយមក​នឹងធ្វើ​ឲ្យ​យើង​បាត់បង់​ប្រាក់ចំណូល​ពី​ការនាំចេញ​ទំនិញ​នេះ​ទាំងស្រុង​តែម្តង​៕S/

ប​:​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ចុះ​ត្រួតពិនិត្យ​ការនាំចេញ​ចេកអំបូង​លើកដំបូង​របស់​ក្រុមហ៊ុន​ឡុង​ស្រេង ទៅ​ក្រៅប្រទេស​។​