​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ទៅ​ទស្សនកិច្ច​ការងារ​នៅ​ជប៉ុន​

395

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ជប៉ុន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​។
​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ក្រសួងការបរទេស​បាន​បន្តថា ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ជប៉ុន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​របស់លោក គឺ​លោកតា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​បន្ត​ដោយ​ការ​ពិសា​អាហារ​ថ្ងៃត្រង់​ការងារ​។

ដោយ​ឈរលើ​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​ដ៏​យូរលង់​រដ្ឋមន្ត្រី​ទាំងពីរ​នឹងធ្វើ​ការពិភាក្សា​ត្រង់​ទៅ​ត្រង់​មក​និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ដល់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មាន​គំរោង​ជួប​ជាមួយ​ឥស្សរជន​សំខាន់ៗ​របស់​ជប៉ុន ដូចជា លោក​ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មួ​រ៉ា ប្រធាន​សមាគម​មិត្តភាព​សភា​កម្ពុជា​-​ជប៉ុន លោក​ម៉ាសា​ហ៊ី​កូ កូ​មួ​រ៉ា អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​(LDP)​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា កម្ពុជា និង​ជប៉ុន​បាន​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៣ ហើយ​ជប៉ុន​គឺជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ​ក្នុងការ​ស្តារ​និង​អភិវឌ្ឍន៍​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៩៣ មក​៕S/

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ទៅ​ទស្សនកិច្ច​ការងារ​នៅ​ជប៉ុន​