​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖ អ្នក​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​គឺមាន​ទោស​

894
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​បានបញ្ជាក់​ថា “​អ្នក​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត គឺមាន​កំហុស ដែល​ច្បាប់​បានចែង​ច្បាស់ ។

​ប៉ុន្តែ​ការសម្រេច​ទៅ​បោះឆ្នោត ឬ​មិន​ទៅ ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ បើតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត​”​។ ចំពោះ​អ្នក​រារាំង បើសិនណា​យើង​ឃើញថា មានការ​រារាំង​មាន​ភស្តុតាង​ជាក់ស្តែង​ត្រូវតែ​ទទួលទោស​”​។​

​ការ​ថ្លែង​បញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការពារ​និង​ការត្រៀម​លក្ខណៈសម្បត្តិ​ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា នេះ ។​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដូចជា មេ​ប៉ូលិស មេ​ប៉េអឹម​អភិបាល​រាជធានី ខេត្ត និង​ស្នងការ​នគរបាល និង​មេបញ្ជាការ​ប៉េអឹម​ខេត្ត រួមទាំង​នាយកដ្ឋាន​ជំនាញ​នស​នា​ផងដែរ​។​

​សម្តេច​ក្រឡាហោម បាន​បន្តថា នៅក្នុង​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ គឺ​ត្រូវ​បង្ការ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​បទល្មើស​តាម​គ្រប់​ប្រភេទ​ក៏ដូចជា​ឧបាយកល​ពិសពុល​ប៉ុនប៉ង​បំផ្លាញ​ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​និង​សំដៅ​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​ស្ងប់ស្ងាត់ ប្រកបដោយ​សុវត្ថិភាព​គ្មាន​ការគំរាមកំហែង​។ដោយ​សម្តេច​បានលើកឡើង​ថា ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជាការ​ងារ​មួយ​លំបាក​ស្មុគស្មាញ ហើយ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នៅក្នុង​សង្គម​។​

​សូមជម្រាបថា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ដោយមាន​គណបក្ស​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​៕S/

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖ អ្នក​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​គឺមាន​ទោស​