​រដ្ឋមន្ត្រី​ទេសចរណ៍​!​ទេសចរ​ជប៉ុន​នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​

233
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថាប័ន​ជាតិ​ទេសចរណ៍​ជប៉ុន​និង​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​បានរៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​មួយ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​និង​ប្រពៃណី​ជប៉ុន​ទៅកាន់​ប្រជាជន​កម្ពុជា​និង​ពង្រឹង​ចំណងទាក់ទង​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី​៣​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​៧​ដល់ទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​រាជធានី​ភ្នំពេញ​។​

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន លោក ថោង​ខុន​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​មានប្រសាសន៍ថា​« ទេសចរ​ជប៉ុន​នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​កន្លងមក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ជប៉ុន​តែង​ឈរ​នៅ​លំដាប់​លេខ​៧​ក្នុងចំណោម​ទីផ្សារ​សំខាន់ៗ​ទាំង​១០​របស់​ប្រទេស កម្ពុជា​។ ឆ្នាំ​២០១៨ យើង​ទទួលបាន​ទេសចរ​ជប៉ុន​ជាង​២១​ម៉ឺន​នាក់​(​កើនឡើង​៣.៥​ភាគរយ​)​ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​សរុប​ជាង​៦​លាន​នាក់​។​

​នៅ​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាជាង​៤.៨​លាន​នាក់​(+១០​ភាគរយ​)​។​ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ជិត​១៥​ម៉ឺន​នាក់​ជាមួយនឹង​កំណើន​២.៨​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។​ដោយឡែក​នៅ​ឆ្នាំ​២០១៨​មាន​ទេសចរ​កម្ពុជា​ប្រមាណ​២​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដ៏​ស្រស់ស្អាត​ផងដែរ​»​។​

លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា​៖​ការសំរេចបាន​នូវ​កំណើន​ប្រចាំឆ្នាំ​ដ៏​ល្អ​នៃ​ការមកដល់​របស់​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ពិសេស​ទេសចរ​មិត្ត​ជប៉ុន​គឺ​អាស្រ័យ​ដោយមាន​មូលដ្ឋាន​កំណត់​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ដូចជា​ការអនុវត្ត​គោលនយោបាយ​បើកចំហ​ជើងមេឃ​និង​ការសម្រួល​ការធ្វើដំណើរ​រវាង​ប្រភព​ទីផ្សារ​សំខាន់ៗ ពិសេស​រវាង​កម្ពុជា​-​ជប៉ុន ដូចជា​ការផ្តល់ ទិ​ដ្ឋ​ការ On Arrival,EVisa,MultipleVisa,​ចូល​ច្រើនដង​សម្រាប់​រយៈពេល​១​ឆ្នាំ​២​ឆ្នាំ​និង​៣​ឆ្នាំ​(​ចាប់​អនុវត្ត​តាំងពី​២០១៣)​។​

​ជាងនេះទៅទៀត​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ​“​តូ​ក្យូ​-​ភ្នំពេញ​-​តូ​ក្យូ​”​ដោយ​ក្រុមហ៊ុន​ANA​បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំកន្លងមក​នេះ​គឺ​មិន​ត្រឹមតែ​ផ្តល់នូវ​ជម្រើស​ដ៏​ល្អ​និង​កាន់តែ​ងាយស្រួល​សម្រាប់​ទេសចរ​ជប៉ុន​និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ថែមទាំង​បាន​ចូលរួម ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​យើង​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​

​លោក​ថោង​ខុន​បានបញ្ជាក់​បន្ថែមថា​ខណៈ​ដែល​ឆ្នាំ​២០១៩​នេះ​គឺជា​ខួប​លើក​ទី​៦៦​នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន ការរៀបចំ​ពិ​ព​រ័​ណ៌​ទេសចរណ៍​ជប៉ុន​លើក​ទី​៣​នេះ គឺ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​និង​ជំរុញ​ទេសចរណ៍​រវាង​កម្ពុជា​និង​ជប៉ុន​ប៉ុណ្ណោះ​ទេ​។​តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​នូវ​សហប្រតិបត្តិការ​យ៉ាង​ជិតស្និត​រវាង​ប្រទេស​មិត្ត​យើង​ទាំងពីរ​ដែលមាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដ៏​យូរលង់​ហើយ​បន្ត​មកទល់​បច្ចុប្បន្ននេះ​លើ​គ្រប់​វិស័យ​ក្នុងនាម​ជា​ដៃគូ​ផ្លាស់ប្តូរ​ខាង​ផ្នែក​វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម​។​

​លោក បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​ពិ​ព​រ័​ណ៌​ទេសចរណ៍​ជប៉ុន​លើក​ទី​៣​នេះ យើង​នឹង​អាច​ផ្សព្វ​ផ្សាយបាន​កាន់តែ​ទូលាយ​អំពី​សក្តានុពល​ទេសចរណ៍ ក៏ដូចជា​វប្បធម៌ ប្រពៃណី របស់​ជប៉ុន​។​ក៏​ជាការ​ចូលរួម​ដល់​ការពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​វិស័យ ទេសចរណ៍ ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា​-​ជប៉ុន​។ ពិសេស បង្ហាញ​ពី​ការយកចិត្តទុកដាក់​ជា​អាទិភាព​យ៉ាងសំខាន់​នៃ​ប្រភព​ទីផ្សារ​កម្ពុជា​សម្រាប់​វិស័យ​ទេសចរណ៍​ជប៉ុន ហើយ​ជាពិសេស​ក៏​ជំរុញ​លំហូរ​ទេសចរ​កម្ពុជា​ទៅ​ជប៉ុន​កាន់តែច្រើន​ផងដែរ​។

​ជាងនេះទៅទៀត​លោក​ថោង​ខុន​ក្រសួងទេសចរណ៍​សង្ឃឹម​ថា​ទៅ​ថ្ងៃមុខ​នឹងមាន​ការតភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​ផ្សេងៗ​របស់​ជប៉ុន​ដូចជា Osaka ភាគខាងត្បូង​ជាដើម មកកាន់​សៀមរាប​អង្គរ និង​កម្ពុជា​។​លោក​មិ​កា​មិ​មាសា​ហ៊ី​រ៉ូ​(MikamiHasahiro)​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖​ក្រោម​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រជាជន​កម្ពុជា បាន​នឹង​កំពុង​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​កាន់តែ​ច្រើនជាង​ពេលមុន​។

​ប្រទេស​ជប៉ុន​មាន​៤​រដូវ​គឺ​និ​ទាឃ​រដូវ​រដូវក្ដៅ​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវរងា​រហើយ​ប្រជាជន​កម្ពុជា​ជាច្រើន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​ក្នុង​រដូវ​ផ្កា​សាគូ​រ៉ា​ដែល​ស្ថិតក្នុង​ខែមីនា​និង​មេសា​។​ឯកអគ្គរាជទូត​បាន​បន្តថា​៖​ឆ្នាំនេះ​ប្រជាជន​កម្ពុជា​ប្រមាណ​៨.០០០​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដែល​កើនឡើង​ចំនួន​៣៦​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។​

​លោក​បានឱ្យដឹងថា​៖​នៅក្នុង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​ឆ្នាំនេះ​យើង​មានការ​ដាក់តាំង​ដើម​ផ្កា​សាគូ​រ៉ា​ចំនួន​២​ដើម​ដើម្បី​ធ្វើជា​កន្លែង​ថតរូប​សម្រាប់​អ្នកចូលរួម​ទស្សនា​ដូច្នេះ​លោកអ្នក​អាច​ទទួល​អារម្មណ៍​ពី​សម្រស់​ផ្កា​សាគូ​រ៉ា​របស់​ជប៉ុន​នៅទីនេះ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​លោក​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹងមាន​ចំណាប់អារម្មណ៍​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដើម្បី​រីករាយ​ជាមួយ​ផ្កា​សា​រ៉ា​ពិតៗ​។​

​មិន​ត្រឹមតែ​ផ្កា​សាគូ​រ៉ា​ទេ​នៅ​ប្រទេស​ជប៉ុន​អ្នក​អាច​ទទួលបាន​បទពិសោធ​ន៍​ពី​ធម្មជាតិ​ដូចជា​ស្លឹកឈើ​ពណ៌​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​និង​ទេសភាព​ព្រិល​ក៏ដូចជា​ទីក្រុង​ប្រវត្តិសាស្ត្រ​ដូចជា​ណា​រ៉ា​និង​ក្យូ​តូ​ព្រមទាំង​វប្បធម៌​អាហារ​ជប៉ុន​និង​សេវាកម្ម​ល្អិតល្អន់​(​បដិសណ្ឋារកិច្ច​ល្អ​)​។​ការប្រកួត​កីឡា​អូឡាំពិក​និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​លើក​ក្រោយ​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ទី​២​ក្នុង​រយៈពេល​៥៦​ឆ្នាំ​នៅ​រដូវក្តៅ​ខាងមុខនេះ​។​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ដើម្បី​ទទួលបាន​បទពិសោធន៍​ក្នុងការ​ទស្សនា​ជប៉ុន​ជាមួយ​កីឡា​អូឡាំពិក​និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្នុងពេល​តែមួយ​ដូច្នេះ​សូម​លោកអ្នក​គិតពី​គម្រោង​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជប៉ុន​៕S/

​ចំណងជើង​រូបថត​៖​ស្ថាប័ន​ជាតិ​ទេសចរណ៍​ជប៉ុន​និង​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​រយៈពេល​ពីរ​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​៧​ដល់​៨​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ រាជធានី​ភ្នំពេញ​(​រូប​៖​សុផល​)