​រដ្ឋមន្ត្រី​បន្ទោស​អ្នក​ផ្សព្វផ្សាយ​ច្បាប់​ដល់​ម្ចាស់​ហាង​ចិន ​មិន​បកប្រែ​ភាសា​ឱ្យ​ពួកគេ​បាន​យល់​

203
ចែករម្លែក

ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង ​ខុន ​បាន​រិះគន់​ចំពោះ​មន្ត្រី​អ្នក​ផ្សព្វផ្សាយ​ឯកសារ​ច្បាប់​ លិខិតគតិយុត្ត​ដល់​ម្ចាស់​អាជីវកម្ម​ជា​ជន​ជាតិចិន​ថា​មិន​បកប្រែ​ឯកសារ​ទាំងនោះ​ទៅជា​ភាសា​ចិន​។​

ក្នុង​នោះបាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្ត ទុកដាក់​ខ្ពស់​ចំពោះ​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន​។​ពិសេស​ត្រូវ​ហៅ​ពួកគេ​មក​ផ្សព្វផ្សាយ​ពី​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដោយ​ត្រូវ​បកប្រែ ឬ​ពន្យល់​ជា​ភាសា​ចិន​ផង​ទើបបាន​។​

​ការលើកឡើង​តាមបែប​រិះ​គន់​របស់លោក​រដ្ឋមន្ត្រី​ថោង​ ខុន ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​ការធ្វើដំណើ​រ​និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ​និង​អ្នកដំណើរ​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស​នា​ថ្ងៃទី​៨​ ខែឧសភា​ឆ្នាំ​២០១៩​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា កន្លងមក​ជារឿយៗ តែងមាន​ការប្រជុំ​ផ្សព្វផ្សាយ​ពី​ឯកសារ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ទៅដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​។​ប៉ុន្តែ​ភាព​ខ្លះ​ចន្លោះ​មួយចំនួន​ក៏​កើតមានឡើង​ផងដែរ​ដូច​ជាការ​មិនសូវ​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន​ឱ្យបាន​ច្រើន​ជូន​កាល​អញ្ជើញ​មកហើយ បែរជា​គ្មាន​ការបកប្រែ​ឯកសារ​ជា​ភាសា​ចិន ឬ​គ្មាន​ការពន្យល់​ជា​ភាសា​ចិន​ជាដើម​។​

​លោក​បាន​បន្តថា​ជនជាតិ​ចិន​ខ្លះ​មិនចេះ​ភាសា​អង់គ្លេស​ក៏​រឹតតែ​មិនចេះ​ភាសា​ខ្មែរ​ផង​បើ​គ្មាន​ការបកប្រែ​ឬ​ពន្យល់​ជា​ភាសា​ចិន​ឱ្យ​ពួកគេ​ទេ​ក៏​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ដែរ ដូច្នេះ​គ្រប់​មន្ទីរ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​គិតគូរ​ឡើងវិញ​លើ​បញ្ហា​នេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​អះអាងថា​ «​អ្នក​ប្រកប​អាជីវកម្ម​បរទេស​មិន​ចង់​ប្រឆាំងនឹង​រដ្ឋអំណាច​ឬ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ប្រទេស​យើង​ទេ ​គឺ​ពួកគេ​ចង់​ស្ដាប់​ ចង់​ធ្វើ​អ្វីដែល​ល្អ​ត្រឹមត្រូវ​។​ប៉ុន្តែ​យើង​អត់​បាន​ប្រាប់​គេ​ឱ្យបាន​ច្បាស់ ទាំងអស់​ហ្នឹង​ដោយសារ​យើង​មិន​បក​ប្រែជា​ភាសា​ចិន ហៅ​ចិន​មក​ប្រជុំ​ អត់​មាន​អ្នកបកប្រែ ហើយ​ឯកសារ​ច្បាប់​ឯកសារ​គតិយុត្ត​សុទ្ធតែជា​ភាសា​ខ្មែរ​ទាំងអស់​។ តែ​ចិន​អត់​មាន​ទៅវិញ ដូច្នេះ​ត្រូវមាន​បកប្រែ​ជា​ភាសា​ចិន​ចែកជូន​ពួកគាត់​»​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​លើកឡើង​ដល់​ប​ញ្ហា​ស្លាក​សញ្ញា​សម្គាល់​ឈ្មោះ​ហាង​ផងដែរ ដោយបាន​បន្ត​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​ហាង​ឬ​ក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា​ត្រូវដាក់​អក្សរ​ខ្មែរ​នៅ​ផ្នែក​ខាងលើ​ ដាក់​អក្សរ​អង់គ្លេស​នៅ​ផ្នែក​កណ្ដាល​តែ​ត្រូវមាន​ទំហំ​តូច​ជាង​ពាក់កណ្ដាល​នៃ​អក្សរ​ខ្មែរ​ដែល​នៅ​ខាងលើ​នោះ​។

ចំណែកឯ​ផ្នែក​ខាងក្រោម​បង្អស់ ម្ចាស់​អា​ជីក​ម្ម​អាចដាក់​ជា​អក្សរ​ប្រទេស​ទី​បី​បាន ដូចជា អក្សរ​ចិន ជប៉ុន​ កូរ៉េ ​ថៃ​បារាំង ​ជាដើម​។​ត្រង់ចំណុច​នេះ​លោក​បានឱ្យដឹង​ទៀតថា​ ចំពោះ​ហាង​របស់​ជនជាតិ​ចិន​អាចដាក់​អក្សរ​ចិន​នៅ​ផ្នែក​កណ្ដាល​ក៏បាន​តែ​ដាច់ខាត​ត្រូវដាក់​អក្សរ​ខ្មែរ​នៅ​ផ្នែក​ខាងលើ ​ហើយ​ត្រូវតែ​ធំ​ជាង​ពាក់កណ្ដាល​នៃ​អក្សរ​ចិន​នោះ​។​បើតាម​លោក​ថោង​ខុន ​ការអនុវត្ត​នេះ​ក៏​កំពុងមាន​ការកែតម្រូវ​ជា​បណ្ដើរៗ​គួរឱ្យកត់សម្គាល់​ផងដែរ​៕S/​Ha