​រដ្ឋមន្ត្រី​ព័ត៌មាន​ ផ្តល់​ការណែនាំ​លើ​ការផ្សាយ ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​

1331
ចែករម្លែក

កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើ​លិខិត​ពីរ​ដាច់ដោយឡែក​ពីគ្នា​។​ដោយ​លិខិត​មួយ​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ត្រូវ​ផ្អាក​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃបុណ្យ​វិសាខបូជា និង​មាឃបូជា​។ រីឯ​លិខិត​មួយទៀត លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​ដល់​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សូម​ពិនិត្យ​ចំពោះ​ការស្នើសុំដាក់​សារ​ព្រមាន​លើ​សម្បក​កំប៉ុង និង​សម្បក​ដប​ផលិតផល​គ្រឿង​ស្រវឹង​។​
​ ​
​ក្នុង​លិខិត​ជូនទៅ​កាន់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា ការផ្អាក​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹងនៅ​ថ្ងៃបុណ្យជាតិ និង​ជា​ពិធីបុណ្យ​ដ៏​ធំ​ក្នុង​ព្រះពុទ្ធសាសនា គឺ​បុណ្យ​វិសាខបូជា និង​ពិធីបុណ្យមាឃបូជា គឺ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនារបស់​រដ្ឋ​។​

​លោក​រដ្ឋមន្ត្រី​លើកឡើងថា ពិធីបុណ្យ​វិសាខបូជា​និង​ពិធីបុណ្យ​មាឃបូជា​គឺជា​ថ្ងៃ​ដែល រាជរដ្ឋាភិបាល​បានកំណត់​ថា​ជា​ថ្ងៃបុណ្យ​ជាតិ​។ ក្នុងនោះ​ពិធីបុណ្យ​វិសាខបូជា​ត្រូវបានប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​ប្រសូត​ត្រាស់ដឹង និង​ការចូល​និព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​។ ចំណែក​ពិធីបុណ្យ​មាឃបូជា ប្រារព្ធ​ឡើង​ក្នុងន័យ​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ក្នុង​លោក នៅ​ប្រទេស​ឥណ្ឌា​កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ​ នា​ថ្ងៃ១៥​កើត ខែមាឃ ក្រោយ​ព្រះអង្គ​ត្រាស់ដឹង​ចំនួន ៩​ខែ​គត់​។​

​ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការ​អនុវត្ត​និង​ផ្សព្វផ្សាយ​ពី​ការហាមឃាត់​ចំពោះ​ការ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា និង​ពិធីបុណ្យ​មាឃបូជា ជា​រៀងរាល់ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំនេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​ចេញ​លិខិត​មួយទៀត ចុះ​ថ្ងៃទី​៣០ ខែមេសា​ដូចគ្នា ជូន​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​ស្នើ​សូម​ពិនិត្យចំពោះ​ការស្នើសុំ​ដាក់​សារ​ព្រមាន លើ​សម្បក​កំប៉ុង និង​សម្បក​ផលិតផល​គ្រឿងស្រវឹង​។​

​លិខិតស្នើ​សុំ​នេះ​ត្រូវបាន​លោក​រដ្ឋមន្ត្រី​ព័ត៌មាន​យោងតាម​ស្មារតី​កិច្ចប្រជុំ​រវាង​ក្រសួង​ព័ត៌មាន ជាមួយនឹង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។​

​ក្នុង​លិខិត លោក​រដ្ឋមន្ត្រី​លើកឡើងថា កាលពី​ថ្ងៃទី​២៥ ខែមេសា​គណៈប្រតិភូ​ក្រសួងព័ត៌មាន​បាន​ប្រជុំពិភាក្សា​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដើម្បី​ពិនិត្យ​អំពី​ផលប៉ះពាល់​នៃ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​ការ​ទទួលទានគ្រឿង​ស្រវឹង​ហួសប្រមាណ​ដោយ​ខ្វះ​ការទទួលខុសត្រូវ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់សុខភាព និង​បង្ក​គ្រោះថ្នាក់​ចរាចរ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​បាត់បង់​អាយុជីវិតរបស់​ប្រជាពលរដ្ឋ​។​

​ដូច្នេះ ​តាម​លោក​រដ្ឋមន្ត្រី ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ពី​គ្រឿង​ស្រវឹង និង​ដើ​ម្បី​ការពារអាយុជីវិត​របស់​ប្រជាពលរដ្ឋ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បានស្នើ​ឲ្យក្រសួង​ព័ត៌មាន សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិត​គ្រឿងស្រវឹង នៅក្នុង​ស្រុក​ទាំងអស់ ដាក់​សារ​ព្រមាននៅលើ​សម្បក​កំប៉ុង និង​សម្បកដប ផលិតផល​គ្រឿង​ស្រវឹង “​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​” ដែល​ជួយ​ពញ្ញាក់​អារម្មណ៍អ្នក​សេព​គ្រឿង​ស្រវឹង​ឲ្យ​ទទួលទាន​ដោយមាន​ការទទួលខុសត្រូវ ​ជៀសវាង​ការទទួលទាន​ហួសប្រមាណ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អាយុជីវិត និង​បង្ក​គ្រោះថ្នាក់ចរាចរណ៍​។​

​ជាការ​ពិត ការតម្រូវ​ឲ្យ​ផ្អាក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃបុណ្យ ព្រះពុទ្ធសាសនា​ដ៏​ធំ​ដែល​ប្រទេស​កម្ពុជា​យើងចាត់ទុកជា​សាសនា​របស់​រដ្ឋ គឺជា​ការត្រឹមត្រូវ​ផ្នែក​សីលធម៌ និង​ស័ក្តិ​សមជា​ប្រទេស​អ្នក​គោរព​ព្រះពុទ្ធសាសនា ដែលមានប្រជាជន​ស្ទើរតែ​ទាំងអស់​ជា​អ្នកប្រតិបត្តិ​។ ម្យ៉ាងទៀត​បើសិនជា​ពុទ្ធបរិស័ទ​មែនទែន គឺ​មិនត្រូវ​សេព​គ្រឿង​ស្រវឹង​នោះទេ​។​

​ក៏ប៉ុន្តែ​បើសិនជាត្រូវ​ផ្អាក​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹងរហូត​នោះ គឺ​ផ្នែក​សីលធម៌ ជាការ​ត្រឹមត្រូវ​ហើយ ​តែបើ​គិតពី​ផ្នែក​សេដ្ឋកិច្ច គឺជា​ការខាតបង់ ទាំង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន ព្រមទាំង​រាជរដ្ឋាភិបាល ដោយ​ត្រូវ​បាត់បង់​ចំណូល​យ៉ាងច្រើនពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ ហើយ​ការប្រគំ​តន្ត្រី​រៀងរាល់​ចុង​សប្តាហ៍​ដែលពេលនេះឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនស្រា​បៀរ ក៏​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន បាត់បង់​ការងារ និង​បាត់បង់​ចំណូល ពិសេស​ក្រុមហ៊ុន​ទូរទស្សន៍​ធំៗ​មួយចំនួន​។​

​ក៏ប៉ុន្តែ​ទោះបីជា​មិន​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ដាក់​សារលើ​សម្បក​កំប៉ុង និង​សម្បក​ដប​ផលិតផល​គ្រឿង​ស្រវឹង​ទាំងអស់​ដើម្បី​ដាស់តឿន​ដល់អ្នក​សេព​គ្រឿង​ស្រវឹង ពី​គ្រោះថ្នាក់ និង​ឱ្យ​ទទួលទានដោយមាន​ការទទួលខុសត្រូវ ក៏​ក្រុមហ៊ុន​លក់​ផលិតផល​គ្រឿង​ស្រវឹង​ទាំងអស់​នៅតែ​ដំណើរការ ។​

​យើង​ដឹង​ហើយ​ថា ច្រើន​ឆ្នាំ​មកហើយ​រាជរដ្ឋាភិបាលបានសម្រេច​មិន​ឲ្យ​ផ្សាយ ពាណិជ្ជកម្ម​លើ​ផលិតផល​ថ្នាំជក់ និយាយ​ឲ្យ​ចំ​គឺ​បារី តាម​គ្រប់​រូបភាព​ទោះបីជា​តាមប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផ្ទាំង​ប៉ាណូ តាម​ទីសាធារណៈ រហូត​ដល់កំណត់​ទីសាធារណៈ និង​ឯកជន​មួយចំនួន មិន​ឲ្យ​ជក់បារី​ថែមទៀត​ផង​។ ក្រៅពីនោះ នៅលើ​កញ្ចប់​បារី ទៀតសោត ក៏បាន​ដាក់​សារ​ព្រមាន​សុខភាព ទាំង​អក្សរ និង​ទាំង​រូបភាព​ពី​គ្រោះថ្នាក់នៃ​ការជក់បារី បណ្តាល​ឲ្យ​ខូច​សួត កើត​ជំងឺមហារីក ជាដើម រហូតដល់​ស្លាប់​។​ល​។ និង​។​ល​។ ក៏ប៉ុន្តែ​អ្នក​ជក់បារី មិន​ថានៅ​កម្ពុជា និង​នៅលើ​ពិភពលោក​ទេ គឺ​នៅតែមាន​អ្នក​ជក់បារី ហើយ​ក្រុមហ៊ុន​បារីបាន​ប្តូរ​រូបភាព​ឃោសនា និង​ការ​ដាក់លក់​បារី មិន​ចំហដូច​មុន​។​

​សរុបទៅ គឺ​នៅពេលនេះ បើសិនជា​សេចក្តីណែនាំ​របស់​រដ្ឋមន្ត្រី​ព័ត៌មាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ផ្អាក​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹងនៅ​ថ្ងៃបុណ្យ​វិសាខបូជា និង​នៅ​ថ្ងៃបុណ្យ​មាឃបូជា ព្រមទាំង​ការស្នើសុំ​ឲ្យ​ដាក់​សារ​ព្រមាន​នៅលើ​សម្បកកំប៉ុក និង​សម្បក​ដប​នៃ​ផលិតផល​គ្រឿង​ស្រវឹង ត្រូវបាន​អនុវត្តន៍​មែន​នោះ​ជាការ​ចាប់ផ្តើមក្នុងការ​ទប់ស្កាត់​ផលប៉ះពាល់​ពី​គ្រឿង​ស្រវឹង​បាន​មួយផ្នែក​។

​ប៉ុន្តែ​ក្រុមហ៊ុន​លក់​ផលិតផល​គ្រឿង​ស្រវឹង ក៏​នឹងមិន​ប៉ះពាល់​ដល់​មុខរបរ​របស់​ពួកគេប៉ុន្មាន​ឡើយ ព្រោះថា ទោះបីជា​ផ្សាយ ឬ​មិន​ផ្សាយពាណិជ្ជកម្ម និង​ទោះបីជា​ដាក់សារ​ព្រមាន ឬ​មិន​ដាក់​សារ​ព្រមាន​លើ​សម្បក​កំប៉ុង និង​សម្បក​ដប​ផលិតផល​គ្រឿងស្រវឹង​ក៏ដោយ ក៏​អ្នក​ផឹកនៅតែ​ផឹក ដូច​អ្នក​ជក់បារី​ដែរ​។

​ដូច្នេះ​មាន​អ្នក​បុគ្គល​ម្នាក់ៗ​ទេ ដែល​ត្រូវ​យល់​ដោយ​ខ្លួនឯង​ថា “​ផឹកស្រា​ក្តី ជក់បារី​ក្តី គឺ​សុទ្ធតែ​នាំ​ឲ្យ​ប៉ះពាល់​សុខភាព និង​បង្ក​គ្រោះថ្នាក់​។ គ្រោះថ្នាក់គឺ​មិនមែន​តែ​ម្នាក់ឯង​ទេ គឺ​បើ​ស្រវឹង បើកបរ អាច​បង្ក​គ្រោះថ្នាក់​ទាំង​ខ្លួនឯង​ផង និង​ដល់​អ្នកដទៃ​ថែមទៀត​។ រីឯ​អ្នក​ជក់បារី​វិញ ក៏​មិន​ត្រឹមតែ​ប៉ះពាល់ខូចសុខភាព​តែម្នាក់ឯង​ទេ តែ​បង្កបញ្ហា​ដល់​អ្នកដទៃដែល​ស្រូប ហិត​ផ្សែង​បារី​នោះ​ផងដែរ​។ ភស្តុតាង​នៅ​នឹង​ភ្នែកបានឃើញ បានឮ​រួចហើយ​តើ​!”៕ ដោយ​:​ម៉េង​ឆៃ​/Ha