​រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី​មក​ទស្សនកិច្ច​គម្រោង​ទឹកជា​ជីវិត​នៅ​កម្ពុជា​

141
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​សិង្ហ​បុរី​មក​ទស្សនកិច្ច​គម្រោង​ទឹកជា​ជីវិត​នៅ​កម្ពុជា​របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​និង​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​ម្តងទៀត​ក្នុង​ការបន្ត​ការ​ទ្រទ្រង់​ការអភិវឌ្ឍន៍​និង​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​២ ។​

​លោក​GanKimYong​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី​បានធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​ផ្ទះ​របស់​ប្រជាជន​កម្ពុជា​មួយកន្លែង​ស្ថិតនៅ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ដើម្បី​ត្រួតពិនិត្យ​ទៅលើ​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​ទទួលបាន​ពី​គម្រោង​«​ទឹកជា​ជីវិត​»​របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​(SIF)​នៅក្នុង​ខេត្តសៀមរាប​។ ក្រោយពី​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១០ ក្នុង​ខេត្តសៀមរាប​។​

​គម្រោង​នេះ​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពង់ស្ពឺ​កាលពី​ឆ្នាំ​២០១២​និង​វិល​ទៅកាន់​ខេត្តសៀមរាប​វិញ​ក្នុង​ឆ្នាំ​២០១៧​។​មកទល់ពេលនេះ​កម្មវិធី​ទឹកជា​ជីវិត​បានផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៧​ម៉ឺន​នាក់​នូវ​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​សម្រាប់​ផឹក​និង​បានធ្វើ​ឲ្យ​សុខភាព​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​ឡើង តាមរយៈ​វគ្គ​សិក្សា​ពី​អនាម័យ​ជា​មូលដ្ឋាន​។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី​បាន​បញ្ជាក់ថា “​សិង្ហ​បុរី និង​កម្ពុជា គឺជា​ដៃគូ​ក្នុង​តំបន់​យ៉ាង​ជិត​ស្និ​ទ្ធិ ហើយ​ចំណងមិត្តភាព​របស់​យើង​ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា បាន​កំពុងតែ​រីកចម្រើន​ឥតឈប់ឈរ​។ គម្រោង​ផ្សេងៗ​ដូចជា​កម្មវិធី​ទឹកជា​ជីវិត​របស់​SIF​គឺជា​គំរូ​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​របៀប​ដែល​ប្រជាជន​សិង្ហ​បុរី​និង​កម្ពុជា​អាចធ្វើ​ការ​ជាមួយគ្នា​បាន​។​គម្រោង​នេះ​មាន​គោលបំណង​ក្នុងការ​ផ្តល់​ឲ្យ​សហគមន៍​នៅតាម​ជនបទ បន្ត​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​អនាម័យ និង​ការផ្គត់ផ្គង់​ទឹកស្អាត ក៏ដូចជា​បរិស្ថាន​រស់​នៅ​ប្រកបដោយ​អនាម័យ​នៅត្រឹម​ឆ្នាំ​២០២៥​។

​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​សិង្ហ​បុរី​ក៏​បន្ត​ចូលរួម​ជា​ចំណែក​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​កិច្ចខិតខំ​ប្រឹង​ប្រែជា​សកល​ផងដែរ​ដូចជា​កម្មវិធី​គោលដៅ​អភិវឌ្ឍ​ជា​និរន្តរភាព​ចំនួន​១៧​ដោយ​កម្មវិធី​២​ក្នុងចំណោម​នោះ​មាន​គោលបំណង​ជួយ​ឲ្យ​មាន​សុខភាព​និង​សុខុមាល​ភាពល្អ​ក៏ដូចជា​មាន​ភាពងាយស្រួល​ជាស​កល​ក្នុងការ​ទទួលបាន​ទឹកស្អាត និង​មាន​អនាម័យ សម្រាប់​ទាំងអស់គ្នា​នៅត្រឹម​ឆ្នាំ​២០២០”​។

​ជិត​១/៤ នៃ​អត្រា​ប្រជាជន​កម្ពុជា​សរុប​ចំនួន ១៥,៦​លាន​នាក់ មិនមាន​ទឹកស្អាត​ប្រើប្រាស់​ឡើយ​។ ប្រទេស​កម្ពុជា​ក៏មាន​អត្រា​មរណៈ​របស់​កុមារ​ខ្ពស់​ជាងគេ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ផងដែរ​ហើយ​ការស្លាប់​ភាគច្រើន​របស់​កុមារ​តូចៗ​ទាំងនេះ អាច​បណ្តាលមកពី​ជំងឺ​ដែល​បង្ករ​ក្នុង​ទឹក​ដូចជា ជំងឺ​រាគរូស ជំងឺ​រលាក​ថ្លើម​ប្រភេទ​A​និង​ជំងឺ​គ្រុ​ពោះវៀន​។​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា​ឧបករណ៍​ចម្រោះ​ទឹក​ដោយ​ដីខ្សាច់​ដែលជា​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ទឹកជា​ជីវិត​មាន​ប្រសិទ្ធិភាព​ក្នុងការ​កម្ចាត់​បាក់តេរី​បង្ក​រោគ​បា​នវ​ច្រើនជាង​៩០​ភាគរយ​និង​ប៉ារ៉ាស៊ីត​បាន​១០០​ភាគរយ​។

​កម្មវិធី​ទឹកជា​ជីវិត​របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​ត្រូវបាន​ដំណើរការ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១០​ក្នុងស្រុក​សូទ្រនិគម​និង​ប្រាសាទបាគង​ក្នុង​ខេត្តសៀមរាប​។​ក្នុងពេល​គម្រោង​នេះ​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​២០១៤ អ្នកស្ម័គ្រចិត្ត​ចំនួន​៤៦០​នាក់​របស់​អង្គការ​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហ​បុរី​(SIVs)​បាន​ដំឡើង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​ចំនួន ២៦៥០ ដែល​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៧.០០០​នាក់​។

​ការដំឡើង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​នេះ​បាន​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារតែ​ជំងឺ​ក្នុង​ទឹកបាន​ចំនួន​៨៥​ភាគរយ​។​នៅ​ចន្លោះ​ឆ្នាំ​២០១២​ដល់​២០១៧​អ្នកស្ម័គ្រចិត្ត​មកពី​អង្គការ​ដដែល​ច្រើនជាង​៤០០​នាក់​ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ក្នុង​ឃុំ​ចំនួន​១២​នៅ​ខេត្តកំពង់ស្ពឺ​ផងដែរ​។

​ក្នុងការ​ដំឡើង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​ដោយ​ដីខ្សាច់​ចំនួន​១.៧៥០​ដើម្បី​ផ្តល់​ទឹកស្អាត​និង​មាន​សុវត្ថិភាព​ក្នុង​ការផឹក​វគ្គ​សិក្សា​ពី​អនាម័យ​ជា​មូលដ្ឋាន​និង​ការជួយ​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍​ដល់​ប្រជាពលរដ្ឋ​តាម​ភូមិ​ចំនួន​៤៤.០០០​នាក់​។​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​(SIF)​បានចាប់ផ្តើម​ដំណើរការ​គម្រោង ទឹកជា​ជីវិត ទី​២​របស់ខ្លួន ក្នុង​ខេត្តសៀមរាប​។

​គម្រោង​ដែលមាន​រយៈពេល​៤​ឆ្នាំ​មួយ​នេះ មាន​គោលបំណង​ក្នុងការ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៩​ពាន់​នាក់​ដែល​រស់​នៅតាម​ស្រុក​ជីក្រែង​និង​ស្វាយ​លើ​ក្នុង​ខេត្តសៀមរាប​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​និង​ជួយផ្តល់​ចំណេះដឹង​ផ្នែកអនាម័យ​ជា​មូលដ្ឋាន​ដល់​ពួកគាត់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារតែ​ជំងឺ​ផ្សេងៗ​ដែល​បង្ករ​ដោយ​ទឹក​។

​ចាប់តាំងពី​គម្រោង​ទី​២​មួយ​នេះ​បានចាប់ផ្តើម​ដំណើរការ​ក្នុង​ខេត្តសៀមរាប​អ្នកស្ម័គ្រចិត្ត​ចំនួន​២២៣​នាក់​មកពី​ប្រទេស​សិង្ហ​បុរី​បាន​ដំឡើង​ឧបករណ៍​ចម្រោះ​ទឹកស្អាត​ជិត​៦០០​និង​បាន​បើក​វគ្គ​សិក្សាអប់រំ​ពី​អនាម័យ​ជា​មូលដ្ឋាន​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​តាម​ភូម​គ្រូបង្រៀន​និង​កុមារ​។

​នៅ​មុនពេល​គម្រោង​នេះ​បិទ​បញ្ចប់​ឧបករណ៍​ចម្រោះ​ទឹក​ចំនួន​៩០០​ត្រូវបាន​ដំឡើង​ជា​ស្ថាពរ​។​គម្រោង​នេះ​បញ្ចប់​ដោយ​ជោគជ័យ​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អង្គការ​WaterforCambodia​និង​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Ngee Ann Development Pte Ltd​។

​កម្មវិធី​ទឹកជា​ជីវិត​គឺជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ផ្សេងទៀត​ក្នុង​ចំណងមិត្តភាព​រយៈពេល​១៧​ឆ្នាំ​រវាង​ប្រជាជន​សិង្ហ​បុរី​និង​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​តាមរយៈ​គម្រោង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​។​

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​បាន​បញ្ជូន​អ្នក​ស្ម័គ្រ​ជាច្រើន​មកពី​សិង្ហ​បុរី​ក្នុងនោះ​រាប់បញ្ចូល​ទាំង​គ្រូបង្រៀន​ដ៏​មាន​ឯកទេស​និង​គ្រូពេទ្យ​អាជីព​ជាច្រើន​ដើម្បី​មក​ធ្វើការ​ជាមួយនឹង​ភ្នាក់ងារ និង​សហគមន៍​នានា នៅ​រាជធានី​ភ្នំពេញ សៀមរាប កណ្តាល​និង​កំពង់ស្ពឺ​ដើម្បី​ជួយ​លើ​កម្ពស់​កម្រិតស្តង់ដារ​នៃ​ការ​ថៃ​ទាំ​សុខភាព​និង​ការអប់រំ​ក្នុង​សហគមន៍​នានា​ដែល​កំពុង​អភិវឌ្ឍ​៕S/

​លោក Gan Kim Yong រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី មក​ទស្សនកិច្ច​ផ្ទះ​របស់​ប្រជាជន​កម្ពុជា​មួយកន្លែង ដែល​បានទទួល​អត្ថប្រយោជន៍​ពី​ទឹកស្អាត​

#