​រដ្ឋមន្ត្រី​សុខាភិបាល​ប្រាប់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​យកចិត្តទុកដាក់​គ្រប់គ្រង​ឱសថ​បាន​ត្រឹមត្រូវ​

948
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិបាល​ដែល​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​ឱសថ​ឱ្យបាន​ត្រឹមត្រូវ​។​

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ឱកាសលោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​បញ្ជី​ឱសថ​សារវន្ត​និង​ការលើកកម្ពស់​ការប្រើប្រាស់​អង់​ទី​ប៊ី​យូ​ទិ​ក​សមស្រប នៅឯ​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ឱសថ​សារវន្ត​ជួយសង្គ្រោះ​ជីវិត​ប្រសិនបើ​វា​ត្រូវបាន​ប្រើប្រាស់​និង​គ្រប់គ្រង​បាន​ត្រឹមត្រូវ​ដោយ​មិន​ខ្ជះខ្ជាយ​និង​មិន​ទុក​ដាក់ឱ្យ​ខូចគុណភាព​។

គ្រូពេទ្យ​ពូកែ​តែ​ឱសថ​អន់​គុណភាព​ឬ​មិនល្អ​ដោយសារ​ប្រការ​ណាមួយ​នោះ វា​នឹង​ជះឥទ្ធិពល​ដល់​ប្រសិទ្ធិភាព​នៃ​ការព្យាបាល​ដែល​ផ្តល់​ជា​កត្តា​អវិជ្ជមាន​ជាច្រើន​ដល់​សេវា​សុខាភិបាល​សាធារណៈ​និង​ធ្វើអោយ​ប្រជាជន​ឬ​អតិថិជន​បាត់បង់​នូវ​ជំនឿ​លើ​សេវា​រដ្ឋ​របស់​យើង​។​

​ដូចនេះ​ប្រធាន​មន្ទីរ​សុខាភិបាល​ប្រធាន​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ​និង​ការប្រើប្រាស់​ឱសថ​សមស្រប​នៅក្នុង​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ដែល​តម្រូវអោយ​មានការ​ចុះ​អភិបាល​និង​តាមដាន​លើ​ការងារ​នេះ​ពី​គ្រប់​កម្រិត​។​ការរៀបចំ​ទុកដាក់​ឱសថ​បរិក្ខា​ពេទ្យ​ទៅតាម​គោលការណ៍​ណែនាំ ជា​វិធី​មួយ​ក្នុង​ការធានា​គុណភាព​របស់​ឱសថ និង បរិក្ខា​ពេទ្យ ។​

​លោក​បាន​ឱ្យដឹងទៀតថា​ក្រសួងសុខាភិបាល​នឹងធ្វើ​ច្បាប់​ថ្មី​មួយទៀត​ដើម្បី​គ្រប់គ្រង​កន្លែង​សេវា​ឯកជន​។​ឱសថ​ដែល​អនុ​ញ្ញា​ត្ត​ឱ្យ​ដាក់លក់​ត្រូវបាន​ចុះបញ្ជី​ការត្រឹមត្រូវ​ហើយ​នៅក្នុងពេល​ខាងមុខ​ក្រសួង​នឹង​រៀបចំ​ការចុះបញ្ជី​ការ​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​។​ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ដល់​ពាណិជ្ជក​និង​មាន​ភាពត្រឹមត្រូវ​ផង​។​

លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​បាន​មានប្រសាសន៍​អោយដឹងទៀតថា​ការប្រើប្រាស់​ឱសថ​មិន​ត្រឹម​ត្រូ​ង​គឺជា​បញ្ហា​ដ៏​ធំ​នៅ​ទូទាំង​ពិភពលោក​។​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ស្មានថា​ឱសថ​មួយចំនួន​(​ប្រហែលជា​ពាក់កណ្តាល​)​ត្រូវ​បានចេញ​វេជ្ជបញ្ជា​បើក​ផ្តល់​ឬ​លក់​ដោយ​មិន​ត្រឹមត្រូវ​ហើយ​ប្រហែលជា​ពាក់កណ្តាល​ទៀត​ត្រូវ​អ្នកជំងឺ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​។​

ការប្រើប្រាស់​លើស​កម្រិត​ខ្វះ​កម្រិត​ឬ​ការប្រើប្រាស់​មិន​ត្រឹមត្រូវ ធ្វើឱ្យ​ខាតបង់​ធនធាន​និង​ធ្វើឱ្យ​កាន់តែ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​៕S/​

​រដ្ឋមន្ត្រី​សុខាភិបាល​ប្រាប់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​យកចិត្តទុកដាក់​គ្រប់គ្រង​ឱសថ​បាន​ត្រឹមត្រូវ​