​រដ្ឋមន្ត្រី​ហាម​មិនឱ្យ​អ្នកដឹកនាំ​ក្រុម​ទេសចរ​ ឱ្យ​លុយ​ក្រៅផ្លូវការ​ទៅ​មន្ត្រី​បោះត្រា​នៅ​ច្រកទ្វារ​អន្តរជាតិ

1306
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង ​ខុន​ បាន​ហាម​យ៉ាង​ដាច់​ណាត់​មិនឱ្យ​អ្នកដឹកនាំ​ក្រុម​ទេសចរ (Tour Leaders) ទាំងឡាយ ជូន​លុយ​ក្រៅផ្លូវការ​ទៅ​មន្ត្រីនគរបាលនៅពេល​បោះត្រា​លើ​លិខិតឆ្លងដែន នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ឬ​ព្រលានយន្តហោះ​អន្តរជាតិ ។​ក៏​មិនត្រូវ​ណែនាំ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ប្រព្រឹត្តិ​ទង្វើ​មិន​គប្បី​បែប​នេះឡើយ ​ព្រោះ​គ្មាន​ច្បាប់​ណា​តម្រូវឱ្យ​ធ្វើបែបនេះ​ទេ​។​

​ការលើកឡើង​បែបនេះ ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​ការធ្វើដំណើ​រ ឆ្លងកាត់ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស​នា​ល្ងាច​ថ្ងៃទី​០៨ ​ខែឧសភា​ឆ្នាំ​២០១៩​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ចំណុច​ដ៏​រសើប​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ​ច័ន្ទ​ថា​រិ​ទ្ធ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​ដោយ​លោក​បាន​ឲ្យ​ដឹងថា ​តាម​ការរាយការណ៍​រប​ស់​មន្ត្រីនគរបាល​មូលដ្ឋាន មានការ​ឱ្យ​លុយ​នៅពេល​បោះត្រា​លើ​លិខិតឆ្លងដែន​របស់​ភ្ញៀវ​ជនជាតិ​ចិន​ខ្លះ​នៅពេលដែល​ភ្ញៀវ​យក​លិខិតឆ្លងដែន​នោះ​ទៅឱ្យ​មន្ត្រីនគរបាល​បោះត្រា តែ​មិន​ច្រើន​ទេ​ត្រឹម ២.០០០​រៀល​, ៥.០០០​រៀល ឬ ៥​យ័នតែប៉ុណ្ណោះ​។​

​លោក​ថា «​ក៏​សូម​រាយការណ៍​ជូន​ដែរ បងប្អូន​ចិននៅ​ខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹង​ហ្មង គាត់​រៀប​ឡើង​ឡាន​ចេញ​ហើយ គាត់​ថា​ដាក់​លុយ​ឱ្យគេ​ក្នុង Passport​ទៅ​។​ដើម្បី​គេ​វ៉ៃ​ត្រា​ឱ្យ​ស្រួល​ខ្លះ​, ខ្ញុំ​បាន​តាមដាន​មើលឃើញ​ដាក់​លុយ​ខ្មែរ ២.០០០, ៥.០០០ (​រៀល​) ឬ​ជា​លុយ​ចិន ៥​យ័ន​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​បាន​បញ្ជាក់ថា​ទោះបី​មាន​បញ្ហា​នេះ​កើតឡើង​ក៏ដោយ​លោក​នៅតែ​ព្យាយាម​ឱ្យ​មន្ត្រីនគរបាល​ពាក់ព័ន្ធ​ដាច់ខាត​មិនត្រូវ​ធ្វើ​យ៉ាង​ដូច្នោះ​ទេ​ ព្រោះ​មិនមែនជា​ចំណុច​ល្អ​ ហើយ​ជា​អំពើ​ខុសច្បាប់​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សំណូមពរ​ដល់​ក្រសួងទេសចរណ៍​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកដឹកនាំ​ក្រុម​ទេសចរ​ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​កុំឱ្យ​បន្ត​ប្រព្រឹត្តិ​នូវ​ចំណុច​ខាងលើ​នោះ​តទៅទៀត​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ព្រមាន​ថា បើ​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងនោះ​នៅតែ​ប្រព្រឹត្ត​បែបនេះ​ទៀត​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​គឺ​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​លុបបំបាត់​បញ្ហា​នេះ​ឱ្យបាន​ចាប់ពីពេលនេះ​តទៅ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​ក៏បាន​រាយការណ៍​ថា​ក្រោយពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អំពី​ការ​រិះរក​គ្រប់​វិធី​ក្នុងការ​កាត់បន្ថយ​នូវ​របាំង​មិនចាំបាច់​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ន។​ដោយបាន​ទទួល​ការឯកភាព​ពីស​ម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួចហើយ​នៅ​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​ខាងមុខនេះ​ក្រសួង​នឹង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សា​លក​បត្រ​ចេញចូល​ថ្មី​ខ្លី​ដែលមាន​ភាពងាយស្រួល​នៃ​បែបបទ​សុំ​ទិដ្ឋាការ ពេល​ភ្ញៀវទេសចរ​មកដល់​។​

លោក​ហោ​ សារុន ​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​លើកឡើងថា​ ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៩ ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាមាន​ចំនួន​ជាង​១,8៨លាន​លាក់​កើន​៩,៧​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨រយ​:​ពេល​ដូចគ្នា​។​ផ្លូវអាកាស​ទាំង​៤​ត្រូវបាន​មើលឃើញថា​ភ្ញៀវ​បានធ្វើ​ដំណើរ​ឆ្លង​កាត់ចេញ ចូល​ច្រើនជាង​ផ្លូវគោក​និង​ផ្លូវទឹក​។​គឺ​កើន​ពី​ជាង​៧ភាគរយ​ទៅ​៣៣១ភាគរយ​៕S/​Ha

#