​រដ្ឋមន្ត្រី​អំពាវនាវ​គ្រប់​វត្ត​ទាំងអស់​ត្រូវ​រក្សា​អនាម័យ​ចំណីអាហារ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

186
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត​ប្រជា​ពុទ្ធបរិស័ទ​នៅ​ទូទាំងប្រទេស​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ការថែរក្សា​ភាព​ស្អាត អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ ចង្ហាន់​ជាដើម​ឱ្យបាន​ត្រឹមត្រូវ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តាំង​ពីថ្ងៃ​កាន់បិណ្ឌ​ទី​១​នេះ​ទៅ​។​

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាសលោក​រដ្ឋមន្ត្រី​អញ្ជើញ​រាប់បាត្រ​ដាក់​បិណ្ឌ​ក្នុង​ពិធី​កាន់បិណ្ឌ​ទី​១ នា​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វត្ត​ស្វាយ​ជី​អោក ស្ថិតនៅ​ភូមិ​ស្វាយ​ជី​អោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំ​មូលដ្ឋាន​ក្នុងស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក​។​

​លោក​បាន​អំពាវនាវ​ដល់​គ្រប់​វត្ត​អារាម​ព្រះសង្ឃ​គណៈកម្មការ​វត្ត​និង​ប្រជា​ពុទ្ធបរិស័ទ​សូម​គិតគូរ​លើ​ការថែរក្សា​ភាព​ស្អាត​អនាម័យ​សុវត្ថិភាព​ចំណីអាហារ​ជាដើម​ដើម្បី​ញ៉ាំង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពល្អប្រសើរ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។​ពិសេស​ត្រូវ​ធ្វើដំណើរ​ប្រកបដោយ​ការប្រុងប្រយ័ត្ន​។​ខណៈ​រដូវវស្សា​កំពុង​ឈានចូល​មកដល់​នោះ​លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ​បង្កបង្កើន​ស្រូវ​ផលដំណាំ​ឱ្យបាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ការហូបចុក​និង​ជំរុញ​ការនាំចេញ​ឱ្យ​កាន់តែច្រើន​។​

លោក ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​សមត្ថកិច្ច​ប្រចាំ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ពិសេស​ត្រូវ​ត្រៀមកម្លាំង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ដោយ​ប្រការ​ណាមួយ​ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ឱ្យបាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​។​

នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​បាន​ចូលរួម​ឧ​ប​ត្ត​ម្ភ​ថវិកា​ចំនួន​៥​ពាន់​ដុល្លារ​កសាង​សមិទ្ធផល​ក្នុង​វត្ត​ស្វាយ​ជី​អោក​ព្រមទាំង​ប្រគេន​បច្ច័យ​មួយចំនួន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​ផងដែរ​៕S/​