​រដ្ឋសភា​កម្ពុជា​និង​ឡាវ​ចុះ​អនុស្សរណៈ​យោគយល់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​

377
ចែករម្លែក

ដោយៈ​សុផល​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ផានី​យ៉ា​ថូ​ទូ​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​សណ្ឋាគារ​សុខា​សៀមរាប​។​ខណៈដែល​លោកស្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ឡាវ​ចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧​នៅ​ទឹកដី​អង្គរ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រធានរដ្ឋសភា​កម្ពុជា​និង​ឡាវ​បាន​សម្តែង​មោទនភាព​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ទាំងពីរ ដែល​បាន​ដំណើរការ​ទៅដោយ​រលូន​ជាពិសេស​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរ​សភា​នានា​ទាំង​ក្នុង​តំបន់​និង​សកលលោក​និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ផងដែរ​ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​លោកស្រី ផានី យ៉ា​ថូ​ទូ បាន​ថ្លែងអំណរគុណ និង​អបអរសាទរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​APPF លើក​ទី​២៧ របស់​សភា​កម្ពុជា​ថា បាន​ដំណើរ​ល្អ ជាមួយ​ខ្លឹមសារ​ដែលមាន​សារៈសំខាន់​។ ជាមួយគ្នានេះ​លោកស្រី​បាន​សង្កេតឃើញថា​ប្រទេស​កម្ពុជា​មានកា​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង រយៈពេល​ចុងក្រោយ​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើបតែ​ទទួលបាន​ជោគជ័យ​នៅក្នុង ការបោះឆ្នោត​ថ្មីៗ​ទៀត កាលពី​ឆ្នាំ​២០១៨​នេះ​។​

​លោកស្រី​ប្រធានរដ្ឋសភា​ប្រទេស​ឡាវ​បាន​គាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​នាឱកាស​នេះ​និង​បានស្នើ​សូម​សម្តេច​ប្រធានរដ្ឋសភា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស​ភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ចាប់ពី​ថ្នាក់ដឹកនាំ​រហូត​ដល់គ​ណៈ​កម្ម​ការជំនាញ ជាពិសេស​គួរ បង្កើត​ឲ្យ​មាន​សិក្ខាសាលា​រួមគ្នា​។

​លោកស្រី ផានី យ៉ា​ថូ​ទូ​បានស្នើ​សូម​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ដែល​នៅមានកម្រិត​ឲ្យ​បាន​កើនឡើង​។​រដ្ឋសភា​ប្រទេស​ឡាវ​បាន​ថ្លែងអំណរគុណ​ដែល​កម្ពុជា​បាន​សន្យា​ទិញ​ថាមពល​អគ្គិសនី ពី​ឡាវ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​ក៏​កោតសរសើរ​ចំពោះ​រដ្ឋសភា​ឡាវ​ដែល​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​APPF​លើក​ទី​១៧​កាលពី​ឆ្នាំ​២០០៩​ប្រកបដោយ​ភាពជោគជ័យ​និង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ប្រសិទ្ធភាព​របស់​វេទិកា​នេះ​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​រួម​របស់​តំបន់​គឺ​ការកសាង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​៕S/

ចំណងជើង​រូបថត​៖​រដ្ឋសភា​កម្ពុជា​និង​ឡាវ​ចុះ​អនុស្សរណៈ​យោគយល់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​(​រូបៈ​រដ្ឋសភា​)