​រដ្ឋសភា​កម្ពុជា​-​វៀតណាម​ ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ទ្វេភាគី​និង​ពហុភាគី​

1038
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​ សំរិន ​ប្រធានរដ្ឋសភា​កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ​បាន​ជួប​សវនាការ​និង​ពិភាក្សា​ការងារ​ជាមួយលោកស្រី ង្វៀន ធី​គីម​ងិន (NguyenThiKimNgan)​ប្រធានរដ្ឋសភា​វៀតណាម​នៅ​វិមាន​រដ្ឋសភា​វៀតណាម​ ​ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​និង​គ្រប់​ជ្រុងជ្រោយ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​។​

​ក្នុងជំនួប​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន បាន​ជម្រាប​ប្រធានរដ្ឋសភា​វៀតណាម​ថា​៖ រដ្ឋសភា​កម្ពុជា​នៅក្នុង​នីតិកាល​ទី​៦​បាន​កំពុង​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ការទូត​សភា​តាមរយៈ​សកម្មភាព​ចូលរួម​ក្នុង​វេទិកាសភា អន្តរជាតិ​នានា សំដៅ​រួមចំណែក​លើក​កម្ពស់​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០២០ ខាងមុខនេះ សភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១​។

សម្តេច​បាន​មានប្រសាសន៍​បន្តថា រដ្ឋសភា​កម្ពុជា បាន​ពង្រីក​បន្ថែមទៀត​នូវ​ក្រុម​មិត្តភាព​សភា​កម្ពុជា ជាមួយ​បណ្តា​សភា​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​និង​សកលលោក​តាម​ការស្នើសុំ​ពី​សភា​ប្រទេស​ជា​មិត្តភាព និង​ភាពចាំបាច់​របស់​រដ្ឋសភា​កម្ពុជា​ខ្លួនឯង​។​រដ្ឋសភា​កម្ពុជា​បាន​បង្កើត​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​សភា​ស្ដ្រី​តាំងពី​ឆ្នាំ​២០១៥ ​សម្រាប់​ជា​សេនាធិការ​របស់​រដ្ឋសភា​ក្នុង​គោលដៅ​អនុវត្ដ​ន៍​គោលនយោបាយ លើកកម្ពស់​សមភាព​យេនឌ័រ និង​ផ្ដល់​ភាព​អង់អាច​ដល់​ស្ដ្រី ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​សកម្មភាព​សង្គម​គ្រ​ប់ក​ម្រិ​ត​។​

​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋ​សភា​កម្ពុជា​និង​វៀតណាម​ សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា​ រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​សភា ទាំង​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ និង​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។ រដ្ឋសភា​កម្ពុជា​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​វេទិកា​អន្តរ​សភា​។​

​លោកស្រី​ង្វៀន ​ធី​គីម​ងិន ​បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា​និង​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង​ប្រទេស​និង​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​តាំងពី​យូរលង់​និង​ជា​ប្រពៃណី​ស្រាប់​នេះ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។​

លោកស្រី​បាន​គូសបញ្ជាក់ថា​ក្នុងការ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ផលប្រយោជន៍​សកល​ក៏ដូចជា​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ​លោកស្រី​នឹង​លៃលក​ពេលវេលា​ដើម្បី​មក​ចូលរួម​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​(ASEP)​លើក​ទី​១១​ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២០ ខាងមុខ​នោះ​។​

​លោកស្រី​បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ផងដែរ​ថា​​នៅក្នុង​ឆ្នាំ​២០២០​នោះ​ប្រទេស​វៀតណាម​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​(​អាយ​ប៉ា​)​ផងដែរ​។​លោកស្រី​ង្វៀន​ធី​គីម​ងិន​ បាន​ស្នើសុំ​រដ្ឋសភា​កម្ពុជា​គាំទ្រ​និង​ចូលរួម​កិច្ចប្រជុំ​ខាងលើ​នេះដែរ​។​នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​។

​លោកស្រី​ប្រធានរដ្ឋសភា​សំណូមពរ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​សមាជិក​រដ្ឋសភា​វ័យក្មេង​និង​សមាជិក​រដ្ឋសភា​ស្ត្រី​រួម​និង​ការផ្លាស់ប្តូរ​ចែករំលែក​បទពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ​គ្រប់​វិស័យ​។​នៅក្នុង​កម្រិត​អគ្គលេខាធិការដ្ឋាន​ផងដែរ​ពិសេស​ការបន្ត​ជំរុញ​ដល់​ដំណើរ​ការរៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​រវាង​គណៈកម្មការ​សេដ្ឋកិច្ច​គណៈកម្មការ​កិច្ចការបរទេស​។​

គណៈកម្មការ​ការពារ​ជាតិ​រវាង​រដ្ឋ​សភាក​ម្ពុ​ជា​ឡាវ​និង​វៀតណាម​ឲ្យ​បាន​ទៀងទាត់​ដើម្បី​គាំទ្រ​និង​ជំរុញ​ដល់​ការអភិវឌ្ឍ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ដែល​រដ្ឋាភិបាល​កម្ពុជា​ ឡាវ​និង​វៀតណាម​បាន​បង្កើតឡើង​នោះ​។​
​ប្រធានរដ្ឋសភា​វៀតណាម​ក៏បាន​ស្នើសុំ​ភាគី​កម្ពុជា​ជួយ​សម្រួល​ដល់​ការងារ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​វៀតណាម​វិញ​។​

លោកស្រី ង្វៀន ធី​គីម​ងិន បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ​ន​រោ​ត្ត​ម​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រោម​ការដឹកនាំ​រដ្ឋសភារ​បស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​និង​ការដឹកនាំ​រាជរដ្ឋាភិបាល​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ​ប្រទេស​និង​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​សមិទ្ធផល​ថ្មីៗ​បន្តបន្ទាប់​ទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អបអរសាទរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម សម្រេចបាន ក្នុង​ការកសាង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​រីកចម្រើន ជឿនលឿន​យ៉ាង​ឆាប់រហ័ស​ស្របតាម​ទិសដៅ​នៃ​មហាសន្និបាត​លើក​ទី​១២​របស់​បក្ស​កុំម្មុយនីស្ត​វៀតណាម​។​

សម្តេច​បាន​អគុណ​ដល់​ការគាំទ្រ​របស់​ប្រទេស​វៀតណាម​ចំពោះ​កម្ពុជា​ពិសេស​រដ្ឋ​សភាក​ម្ពុ​ជា​រាប់​តាំងពី​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​ជំនួយ​អគារ​រដ្ឋបាល​ក្នុង​ទឹកប្រាក់​២៥​លាន​ដុល្លារ​ដែល​នឹង​លេច​ជា​រូបរាង​នៅពេល​ខាងមុខនេះ​។​

​ក្រោយ​ជំនួប​នោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង ​សំរិន​និង​លោកស្រី​ង្វៀន​ធី​គីម​ងិន ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​និង​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា​និង​វៀតណាម​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឡេង​ប៉េងឡុង​អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា​និង​ឯកឧត្តម​ង្វៀន​ហា​ញ់​ហ្វុ​ក​ ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម​ផងដែរ​៕S/Ha

​ចំណងជើង​រូបថត​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បាន​ជួប​សវនាការ​និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ង្វៀន ធី​គីម​ងិន ប្រធានរដ្ឋសភា​វៀតណាម នៅ​វិមាន​រដ្ឋសភា​វៀតណាម​(​រូប​ថ​តៈ រដ្ឋសភា​)


#