​រដ្ឋសភា​ផ្តល់ព័ត៌មាន​ពី​តួនាទី​ភារកិច្ច​របស់ខ្លួន​ជូន​ដល់​សមាជិក​នីតិកាល​ទី​៦

1079
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋសភា​បានរៀបចំ​ពិធី​ស្វាគមន៍​និង​ការផ្តល់​ព័ត៌មាន​បឋម​សម្រាប់​សមាជិក​សមាជិកា​រដ្ឋសភា នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋសភា​។ សិក្ខាសាលា​នេះ​មានបំណង​បង្ហាញជូន​សមាជិក​រដ្ឋ​សភា​នីតិកាល​ថ្មី​ពី​បេសកកម្ម​ដែល​ត្រូវបំពេញ​ជូន​ប្រទេសជាតិ និង​ប្រជា​- ពលរដ្ឋ រួម​នឹង​សេវាកម្ម​នានា ដែល​រដ្ឋសភា​ផ្តល់ជូន ក្នុង​ការចុះ​បំពេញភារកិច្ច និង​តួនាទី ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ និង ប្រជាពលរដ្ឋ​។​

​លោក​បណ្ឌិត​ប៉ែន​បញ្ញា​ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា​ដែល​បាន​អញ្ជើញ​ជា​វាគ្មិន​មួយរូប​នៅក្នុង​កម្មវិធី​នេះ​បានលើកឡើង​ពី​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​នានា​ដែលជា​មាគ៌ា​សម្រាប់​អ្នកតំណាងរាស្ត្រ​បំពេញភារកិច្ច​ដែលមាន​ច្បាប់រដ្ឋធម្មនុញ្ញ​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ រួម​នឹង​ក្រមសីលធម៌​អ្នកតំណាងរាស្ត្រ​ជាដើម​។​

​រដ្ឋសភា​នីតិកាល​ទី​៦ បានកើត​ចេញពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០១៨​កន្លងមកនេះ​។ ជា​ទម្លាប់​នៅក្រោយពេល​បង្កើតបានរ​ដ្ឋ​សភា នីតិកាល​ថ្មី​ម្តងៗ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា តែងតែ​រៀបចំ​សិក្ខាសាលា ស្តីពី​ពិធី​ស្វាគមន៍ និង​ការផ្តល់​ព័ត៌មាន​បឋម​សម្រាប់​សមាជិក សមាជិកា រដ្ឋសភា​។

នៅក្នុង​សិក្ខាសាលា​សម្រាប់​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦​នេះ លោក​បណ្ឌិត ប៉ែន បញ្ញា បាន​លើកឡើងថា​រដ្ឋសភា​មាន​ភារកិច្ច​ស្នូល​សំខាន់​ចំនួន​បី​គឺ​ការងារ​នីតិកម្ម​ការតាមដាន​ការអនុវត្ត​ច្បាប់ និង​ភាពជា​តំណាង​របស់​ប្រជាពលរដ្ឋ​។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា ក៏បាន​ឡើង​ធ្វើ​បទ​បង្ហាញ ពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មកា​រ​ទី​២ នៃ​រដ្ឋសភា​នោះដែរ​។ គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​ជា​គណៈកម្មការ​មួយ​ក្នុងចំណោម​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ចំនួន​១០​។ ដូច​ឈ្មោះ​របស់ខ្លួន គណៈកម្មការ​ទី​២​រដ្ឋសភា​នេះ ទទួលបន្ទុក​វិស័យ​ការងារ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​។​

​ក្រៅពី​ការធ្វើ​បទ​បង្ហាញជូន​សមាជិក​សមា​ជិ​កា​រដ្ឋសភា​ពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មកា​រហើយ លោក​បណ្ឌិត​រដ្ឋ​ជាម​យៀប​បានបង្ហាញ​ពី​ការផ្គត់ផ្គង់​ថវិកា​និង​មធ្យោបាយ​របស់​រដ្ឋសភា​ជូន​សមាជិក​សមាជិការ​ដ្ឋ​សភា​ទាំងអស់ ដើម្បី​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស ទៀតផង​។​

​ជាការ​កត់សម្គាល់​រដ្ឋ​សភា​មាន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​មួយ ជា​សេនាធិការ​រដ្ឋបាល ដើម្បី​ផ្តល់​សេវា​បច្ចេកទេស និង​ថវិកា​ជូន​ដល់ រដ្ឋសភា​ឲ្យ ដំណើរការ​ជា​អចិន្ត្រៃយ៍​។ លោក ឡេង ប៉េងឡុង​អគ្គលេខាធិការ​រដ្ឋសភា​បាន​លើកឡើងថា​ដើម្បី​បម្រើ​ជូន​សេវា​រដ្ឋបាល​ដល់​សមាជិក​សមាជិកា​រដ្ឋសភា​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​មាន​រចនាសម្ព័ន្ធ​ចាត់តាំង​ច្បាស់លាស់​ដែលមាន​មន្ត្រី​បំពេញការងារ​គ្រប់មុខ​សញ្ញា​។​ក្នុងនោះ​មាន​អគ្គនាយក ចំនួន​៤ រួមមាន អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​នីតិកម្ម​និង​ស្រាវជ្រាវ អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ ពិធីការ និង​ព័ត៌មាន និង​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​។​

​ថ្នាក់ដឹកនាំ​មកពី​អគ្គនាយកដ្ឋាន​នានា​ក៏បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​យ៉ាង​លម្អិត ជូន​ដល់​សមាជិក សមាជិកា រដ្ឋសភា នៅក្នុង​សិក្ខាសាលា​នេះដែរ​។​លោក នឹម ច័ន្ទ​តារា ប្រធានស្តីទី គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ដែល​បាន​អញ្ជើញ​ជា​វាគ្មិន​នៅក្នុង​សិក្ខាសាលា​នេះដែរ​នោះបាន​មានប្រសាសន៍ថា​នៅក្នុង​យុគសម័យ​ទំនើប​នេះ គ្មាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​ណាមួយ​នៅ​ឯកោ​ម្នាក់ឯង គ្មាន​ធ្វើ​ទំនាក់ទំនង​ការទូត​សភា​នោះ ទេ​។ គ្រាន់តែ​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​កា​រ​ទូត​នេះ​ប្រព្រឹត្តទៅ​អាស្រ័យ​លើ​បរិបទ​ភូមិសាស្ត្រ​នយោបាយ​និង​នយោបាយ​ការបរទេស​របស់​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ​។​

​លោក​បាន​លើកឡើងថា​ចំពោះ​សភា​កម្ពុជា​វិញ​ចាប់ពី​ឆ្នាំ​១៩៩៣​រដ្ឋសភា​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការទូត​សភា ជាមួយ​អង្គការ អន្តរ​សភា វេទិកា​សមាគម​សភា​អន្តរជាតិ ក្រុម​មិត្តភាព​សភា និង​មាន​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី​ទាំង​ក្នុង​តំបន់ និង​សកលលោក​។ អង្គការ សមាគម​ធំៗ ដែល​សភា​កម្ពុជា ជា​សមាជិក​មានដូចជា សហភាព​អន្តរ​សភា IPU អន្តរ​សភា​អាស៊ាន AIPA សភា​តំបន់​អាស៊ី APA វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក APPF សភា​និយាយ​ភាសា​បារាំង​APF សភា​អាស៊ី​-​អឺរ៉ុប ASEP ជាដើម​។​

​នៅក្នុង​សិក្ខាសាលា​ស្តីពី​ពិធី​ស្វាគមន៍​និង​ការផ្តល់​ព័ត៌មាន​បឋម​សម្រាប់​សមាជិក​សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៦​នេះ អង្គការ​ដៃគូ​របស់​សភា​កម្ពុជា ក៏បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​បេសកកម្ម​របស់ខ្លួន ដែល​បាន​កំពុង​ជួយ​គាំទ្រ​ដល់​រដ្ឋសភា​ផងដែរ​។ អង្គការ​ដែលជា​ដៃគូ​រដ្ឋសភា​ទាំងនោះ​មាន​ទីភ្នាក់ងារ ឯកទេស​អាល្លឺម៉ង់ (CIM) មូលនិធិ​ខុនរ៉ាដ​អាដិនណៅអ៊ែរ ប្រចាំ​កម្ពុជា​។ វិទ្យាស្ថាន​សភា​កម្ពុជា និង​សមាគមន៍ សមាជិកសភា​ដើម្បី​ប្រជារាស្ត្រ និង ការអភិវឌ្ឍ​(CAPPD) ជាដើម​៕S/