ភ្នំពេញៈរដ្ឋាករទឹកភ្នំពេញបានប្រកាសផ្អាកការទទួលប្រាក់ថ្លៃទឹករហូតដល់ថ្ងៃទី៤ខែកញ្ញាទើបចាប់ផ្តើមទទួលឡើងវិញ។លោកស្រីងិន ចន្ទ្រា អគ្គនាយិការងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២៩ខែសីហាថា ការទទួលប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅត្រូវបានផ្អាកពីពេលនេះ(២៩ខែសីហា)រហូតដល់ថ្ងៃទី៤ខែកញ្ញាទើបបើកទទួលឡើងវិញ។ពេលនេះរដ្ឋាករទឹកកំពុងតែរៀបចំវិក្កយបត្រថ្មីតាមរបៀបចាស់ ដោយមានបន្ថែមប្រភេទ៤០០រៀលនិង៥០០រៀលហើយរៀបចំបែបបទបង្វិលប្រាក់លម្អៀងសងអតិថិជនវិញ។
នៅថ្ងៃទី២៩ខែសីហារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការទទួលប្រាក់ថ្លៃទឹកពីអតិថិជនជាបណ្តោះអាសន្នថា ក្នុងគោលបំណងធ្វើការទូទាត់សងជាសាច់ប្រាក់លម្អៀងលើសជូនអថិតិជនវិញនាថ្ងៃទី៤ខែកញ្ញារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកែសម្រួលប្រពន្ធ័ចេញវិក្កយបត្រ (Software)ដែលតម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្អាកការទទួលប្រាក់ថ្លៃទឹកពីអថិតិជនជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៤ខែកញ្ញា ទើបអាចដំណើរការទទួលប្រាក់ថ្លៃទឹកជាធម្មតាវិញបាន។
នៅថ្ងៃទី២៩ខែសីហាដដែលនេះរដ្ឋាករទឹកក្រុងភ្នំពេញក៏បានជូនដំណឹងមួយទៀតថារដ្ឋាករទឹកក្រុងភ្នំពេញឹងធ្វើការទូទាត់សងជាសាច់ប្រាក់លម្អៀងលើសជូនអតិថិជនវិញចាប់ពីថ្ងៃទី៤ខែកញ្ញានៅតាមបញ្ជរបេឡាទាំងអស់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៤ល្ងាច ដោយមិនមានការសម្រាកពេលថ្ងៃត្រង់ឡើយ ដោយគ្រាន់តែយកមកជាមួយនូវ វិក្កយបត្របង់ប្រាក់ថ្លៃទឹកថ្មី
(ក្រោយពីការកែសម្រួលតាមការគណនាចាស់)និងសក្ខីបត្រដែលនឹងចែកជូន ដោយភ្នាក់ងាររបស់រដ្ឋាករទឹកក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថាបន្ទាប់ពីមានប្រតិកម្មពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែននោះ កាលពីថ្ងៃទី២៨ខែសីហាក្រសួងឧស្សាហកម្មនិងសិប្បកម្មក៏បានចេញសេចក្តីជូនដំណឹងមួយអតិថិជនប្រើប្រាស់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទូទាំងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅថា ដោយអនុវត្តនយោបាយបញ្ចុះថ្លៃលក់ទឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលថ្លៃលក់ទឹកស្អាត ដែលផលិតនិងផ្គត់ផ្គង់ដោយ រដ្ឋាករទឹកស្វយត្ន័ក្រុងភ្នំពេញលេខ១៤៩MIH២០១៧ចុះថ្ងៃទី១៥ខែឧសភាដោយបានបន្ថែមកម្រិតប្រើប្រាស់ពី០ទៅ៣ម៉ែត្រគីប ថ្លៃត្រឹម៤០០រៀលក្នុងមួយម៉ែត្រគូបតែប៉ុណ្ណោះ ដែលពីមុនមានតម្លៃ ៥៥០រៀល ក្នុងមួយម៉ែត្រគូប។
ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថាអនុវត្តតាមសេចក្តីសម្រេចនេះ ដោយមានកំហុសបច្ចេកទេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការគណនា និង ចេញវិក្កយបត្រពុំត្រឹមត្រូវ បណ្តាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់របស់ប្រជាជន នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ។
ចំពោះការខុសឆ្គងនេះ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម សូមអភយ័ទោសពីសំណាក់ អតិថិជនទាំងអស់ ដែលមានផលប៉ះពាល់ពីការខុសឆ្គងនេះហើយសន្យាថានឹងមិនឲ្យមានការខុសឆ្គងជាលើកទីពីរឡើយ ។
ទន្ទឹមនេះក្រសួង បានបញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អនុវត្តគណនាតម្លៃទឹកតាមរបៀបគណនាចាស់ និង សងជូនអតិថិជនដែលមានផលប៉ះពាល់ទាំងអស់នូវទឹកប្រាក់លម្អៀងលើសជាបន្ទាន់៕MN
ដោយៈប.ខុន
