​រតនគីរី​មាន​រោងចក្រ​ផលិត​ម្សៅ​មី​ធ្វើ​ឲ្យ​ដំឡូង​ឡើងថ្លៃ​បន្តិច​មកវិញ​

974

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រោងចក្រ​ផលិត​ម្សៅ​មី​ដែល​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បាន​តម្លើង​រួច​និង​ដំណើរ​ការផលិត​សាកល្បង​នៅ​ខេត្ត​រតនគីរី ធ្វើ​ឲ្យ​តម្លៃ​ដំឡូង​មី​នៅក្នុង​ខេត្ត​នេះ​កើន​តម្លៃ​ឡើង​មកវិញ​បន្តិច ។ រោងចក្រ​នេះ​ក្នុង​មួយថ្ងៃ​មាន​សមត្ថភាព​ផលិត​ម្សៅ​មី​បាន​៣០០​តោន។​តែ​ក្នុង​ជំហាន​សាកល្បង​នេះ​ក្នុង​មួយថ្ងៃ​ផលិត​បានតែ​ពី​១០​ទៅ​២០​តោន​ទេ​ដោយសា​ការផ្គត់ផ្គង់​ដំឡូង​ស្រស់​ត្រូវ​ដឹក​មកពី​ចម្ការ​ក្នុងព្រៃ​ជ្រៅ​មិនទាន់​។​

បណ្ឌិត​សយ​សូ​ណា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​រតនគីរី​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨​ថា ដំឡូង​មី​នៅ​ខេត្ត​រតនគីរី​ឆ្នាំនេះ​បាន​ថ្លៃ​ខ្ពស់ជាង​ឆ្នាំមុន បន្ទាប់ពី​រោងចក្រ​ផលិត​ម្សៅ​មី​មួយ​ត្រូវបាន​តម្លើង​រួច និង​បើក​ដំណើរការ​ផលិត​ម្សៅ​មី​នៅ​អូ​រយ៉ា​ដាវ​ក្បែរ​ព្រំដែន​កម្ពុជាវៀតណាម​រួចមក​។​

ប្រធាន​មន្ទីរ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​រោងចក្រ​ផលិត​ម្សៅ​មី​ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ​ជា​ទូច​នេះ​ក្នុង​មួយថ្ងៃ​មាន​សមត្ថភាព​ផលិត​ម្សៅ​មី​បាន​៣០០​តោន​ដោយ​ត្រូវការ​ដំឡូង​ស្រស់​ប្រមាណ​ជា ១.០០០​តោន តែ​នៅក្នុង​ជំហាន​សាកល្បង​នេះក្នុង​មួយថ្ងៃ​ផលិត​ម្សៅ​មី​បានតែ​ពី​១០​ទៅ​២០​តោន​ប៉ុណ្ណោះ​។

ការដែល​រោងចក្រ​ផលិត​ម្សៅ​មី​មិនទាន់បាន​ច្រើន​នេះ​ត្រូវបាន​បណ្ឌិត​សយ​សូ​ណា​​បញ្ជាក់ថា​មកពី​ការផ្គត់ផ្គង់​ដំឡូង​ស្រស់​ដែល​ប្រមូល​ទិញ​ពី​តាម​ចម្ការ​នានា​មិនទាន់​។​ចម្ការ​ដំឡូង​របស់​ប្រជាជន​ភាគច្រើន​នៅក្នុង​ព្រៃ​ដែល​គ្មាន​ផ្លូវ​រថយន្ត​ចូលដល់​។​ប្រជាជន​យក​ដំឡូង​មក​លក់​ដោយ​ដឹក​តាម​ម៉ូតូ​បាន​ចំនួន​មិន​ច្រើន​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​រោងចក្រ​ខ្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត​ម្សៅ​មីនោះ ។​

​លោក​ប្រធាន​មន្ទីរ​បាន​និយាយ​ដោយ​ក្តី​រំពឹងថា​នៅពេល​ខាងមុខ​អាច​នឹងមាន​គេ​កែឆ្នៃ​ពី​ការដឹកជញ្ជូន​តាម​ម៉ូតូ​ទៅជា​ដឹក​តាម​គោយន្ត​ពី​តាម​ចម្ការ​មក​ដាក់​នៅក្បែរ​ផ្លូវ​ដើម្បី​ដឹក​បន្ត​តាម​រថយន្ត​ទៅកាន់​រោងចក្រ​។​មាន​រោងចក្រ​ធ្វើ​ឲ្យ​តម្លៃ​ដំឡូង​ស្រល់​ស្ថិត​ថេ​ហើយ​នៅ​ខេត្ត​រតនគីរី​។ ទោះជា​យ៉ាងណា​ក៏​ប្រជាពលរដ្ឋ​ដែលមាន​ចម្ការ​នៅក្នុង​ព្រៃ​ជ្រៅ​ត្រូវ​ដឹកជញ្ជូន​ដំឡូង​ឆ្លង​ជ្រោះ​ចុះ​ភ្នំ​កាត់​អូរបាន​ដក​ដំឡូង​កាប់​ហាល​មុននឹង​ដឹក​ចេញពី​ចម្ការ ព្រោះ​វា​ចំណេញ​ជាង​ការដឹក​ដំឡូង​ស្រស់​។​

បណ្ឌិត​សយ​សូ​ណា​បាន​ឲ្យ​ដឹង​ទៀតថា​កាលពី​ឆ្នាំមុន​តម្លៃ​ដំឡូង​ស្ងួត​ថោក​គឺ​១​គីឡូក្រាម​បាន​ថ្លៃ​តែ​ពី​៤៥០​ទៅ​៥០០​រៀលតែ​ពេលនេះ​បាន​ថ្លៃ​ពី​៦០០​ទៅ​៦៥០​រៀល​ឯ​ដំឡូង​ស្រល់​បាន​ថ្លៃ​ដល់​៣០០​រៀល​។ ​ទោះជា​យ៉ាងណា​ក៏​ផ្ទៃដី​ដាំដំឡូង​មី​ឆ្នាំនេះ​បាន​ថយចុះ​ប្រមាណ​ជាង​មួយ​ពាន់​ហិកតា​ដោយសារ​ដំឡូង​ថោក​ពេក​កាលពី​ឆ្នាំមុន​។ ឆ្នាំនេះ​ដំឡូង​មី​ដាំ​បាន​នៅ​ខេត្ត​រតនគីរី​មាន​ចំនួន​ប្រមាណ​ជា​១,៦​ម៉ឺន​ហិកតា​ដោយ​ក្នុង​មួយ​ហិកតា​ទទួលបាន​ផល​ពី​១៥​ដល់​១៨​តោន​ដំឡូង​ស្រស់​៕S/

​រតនគីរី​មាន​រោងចក្រ​ផលិត​ម្សៅ​មី​ធ្វើ​ឲ្យ​ដំឡូង​ឡើងថ្លៃ​បន្តិច​មកវិញ​