​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត​លើក​ទី​២៤ ធ្វើ​នៅ​ថ្ងៃ ៨ ធ្នូ​

165
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ថា ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត​លើក​ទី ២៤ នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ ខាង​មុននេះ​។​

ទិដ្ឋភាព​សន្ន​សីទ​កាសែត​

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​ផ្សងព្រេង និង​អ្នករត់​ប្រណាំង រាប់ពាន់នាក់ មកពី​ជុំវិញ​ពិភពលោក នឹង​មកកាន់​ឧ​ឡាន​បុរាណ​អង្គរ ក្នុង​ខេត្តសៀមរាប ដែលជា​ទីតាំង​បេ​តិក​ភ័​ណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត​លើក​ទី ២៤​នេះ​។​

​ការរត់​ប្រណាំង​នេះ មាន​គោលបំណង លើកកម្ពស់​សុខភាព និង​សុខុមាលភាព ព្រមទាំង​រៃអង្គាស​ថវិកា ដើម្បី​គាំទ្រ​ដល់​អង្គការ ដែល​ជួយ​ដល់​កុមារ​ក្រីក្រ និង​ជនរងគ្រោះ ដោយសារ​គ្រាប់មីន នៅ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ កាកបាទក្រហមកម្ពុជា និង​អង្គការ​សប្បុរសធម៌​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា​។​

ទិដ្ឋភាព​សន្ន​សីទ​កាសែត​

​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​មាន​សេចក្តីសោមនស្ស រីករាយ​ក្រៃលែង ដែល​បានឃើញ​កំណើន អ្នករត់​ប្រណាំង ជា​រៀងរាល់ឆ្នាំ ក្នុង​ព្រឹត្តិការណ៍​នេះ ជាពិសេស ពេលដែល​បានឃើញ អ្នកចូលរួម​កាន់តែច្រើន​ជាង​មុន ពិសេស​ប្រជាជន​ខ្មែរ​។ កាលពី​ឆ្នាំមុន អ្នករត់​ប្រណាំង​ជាង ១ ម៉ឺន​នាក់ មកពី​ជិត ៨០ ប្រទេស បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ជនជាតិខ្មែរ មាន​ចំនួន​ច្រើនជាង ៥០ ភាគរយ នៃ​អ្នករត់​ប្រណាំង​សរុប​។​

​លោក​បាន​បន្តថា នៅ​ឆ្នាំមុន ថវិកា​ជាង ១០ ម៉ឺន​ដុល្លារ ត្រូវបាន​រៃអង្គាស តាមរយៈ​ព្រឹត្តិការណ៍​នេះ ដើម្បី​គាំទ្រ​ដល់​សហគមន៍​កម្ពុជា​។ អ្នករត់​ប្រណាំង ប្រមាណ ៥០០ នាក់ បាន​ចូលរួម​ទិវា​រត់ប្រណាំង ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត ជា​លើកដំបូង នៅ​ឆ្នាំ​១៩៩៦ ហើយ​ព្រឹត្តិការណ៍​នេះ កាន់​តែមាន​ប្រជាប្រិយភាព ខ្លាំង​ឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត​លើក​ទី​២៤ ឥឡូវ មាន​អ្នក​ចុះឈ្មោះ ៣.៧០០ នាក់ ក្នុងនោះ​ជនជាតិ​បរទេស មាន​ចំនួន ២៨០ នាក់ និង​ជនជាតិខ្មែរ ៩០០ នាក់​។​

ទិដ្ឋភាព​សន្ន​សីទ​កាសែត​

​លោក វ៉ា​ត់ ចំរើន រំពឹងទុក​ថា នឹងមាន​អ្នកចូលរួម រត់ប្រណាំង​ច្រើនជាង​មុន នៅ​ឆ្នាំនេះ​។ ការរត់​ប្រណាំង​នេះ ចាប់ផ្តើម​នៅ​ម៉ោង ៥​និង​១៥ នាទី​ព្រឹក ហើយ​អ្នករត់​ប្រណាំង អាច​ចូលរួម​ក្នុង​ចម្ងាយ​ប្រកួត ចំនួន ៤ ប្រភេទ ដែល​ក្នុងនោះ មាន​ចម្ងាយ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ​។​

សូមបញ្ជាក់ថា ​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត ត្រូវបាន​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៦ មក​។ ដោយមាន​ការទទួលស្គាល់ ជា​លក្ខណៈ​អន្តរជាតិ ព្រឹត្តិការណ៍​នេះ បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​រៃអង្គាស​ថវិកា​សប្បុរស​ធម៌ ដើម្បី​គាំទ្រ​ដល់​ជនរងគ្រោះ ដោយសារ​គ្រាប់មីន នៅ​កម្ពុជា​។​

​ព្រឹត្តិការណ៍​នេះ ទទួលបាន​ការចូលរួម ពី​ជនរងគ្រោះ ដោយសារ​គ្រាប់មីន ជាច្រើន​នាក់ ហើយ​ការរត់​ប្រណាំង​នេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​តំបន់ ប្រាសាទអង្គរវត្ត ដែលជា​តំបន់​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ហើយ​ត្រូវ​បានរៀបចំ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់​ការលើកទឹកចិត្ត និង​ក្តីសង្ឃឹម​ដល់​ជនរងគ្រោះ​ទាំងនោះ ព្រមទាំង​អំពាវនាវ ដល់​ពិភពលោក ឲ្យ​គាំទ្រ​ដល់​ការហាមឃាត់ ការប្រើប្រាស់​គ្រាប់មីន ប្រឆាំង​មនុស្សជាតិ​៕v