​រថភ្លើង​ឆ្លងកាត់​អាស៊ី​និង​អឺរ៉ុប​ខេត្ត​សាន​តុង​ដើរតួនាទី​យ៉ាងសំខាន់​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​

356
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖ រថភ្លើង​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​អាស៊ី អឺរ៉ុប ឈី​លុ​(Qilu Europe- Asia FreightTrain)​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រថភ្លើង​ល្បឿន​លឿន​ShandongHiSpeedGroup​របស់​ខេត្ត​សាន​តុង បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបើក​ច្រក​ពី​ចិន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ី​និង​អឺរ៉ុប ជំរុញ​កំណើនសេដ្ឋកិច្ច និង​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​

​លោកស្រី​លីវយី​ង​(LiuYing)​តំណាង​ក្រុមហ៊ុន​ShandongHiSpeedGroup​បាន​ប្រាប់​អ្នកយក​ពត៌មាន​មកពី​ជាង​១០​ប្រទេស​ខណៈ​ទស្សនកិច្ច​ក្រុមហ៊ុន​ShandongHiSpeedGroup​ថា​៖​រថភ្លើង​បានធ្វើ​ដំណើរ​ពី​ខេត្ត​សាន​តុង​ទៅកាន់​អឺរ៉ុប​អាស៊ី​កណ្តាល​និង​អាស៊ីអាគ្នេយ៍​។​វា​មាន​៣​ខ្សែ​។​ផ្លូវ​ទី​១:​ពី​ខេត្ត​សាន​តុង​ភាកខាងត្បូង​ឆ្លងកាត់​រុស្សី​និង​បេឡា​រូស​និង​ទៅដល់​បណ្តា​ប្រទេស​អឺរ៉ុប​ដូចជា​ប៉ូឡូញ​អាល្លឺម៉ង់​និង​ហុង​គ្រី​។​
​ខ្សែ​ទី​២:​ពី​ខេត្ត​សាន​តុង​ភាគ​កណ្តាល​ឆ្លងកាត់​អាស៊ី​កណ្តាល​ទៅកាន់​រុស្សី​និង​បេឡា​រូស​រួច​ឈប់​នៅ​ប៉ូឡូញ​អាល្លឺម៉ង់​និង​ហុង​គ្រី​។​ចំណែក​ខ្សែ​ទី​៣​ពី​សាន​តុង​ភាគខាងត្បូង​ទៅ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដូចជា​៖​វៀតណាម​មី​យ៉ាន់​ម៉ា​និង​ថៃ​។​ពី​ខែមករា​ដល់​កក្កដា​ឆ្នាំ​២០១៩​កន្លងទៅ​រថភ្លើង​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​អាស៊ី​អឺរ៉ុប​នេះ​បានធ្វើ​ដំណើរ​៦២១​ជើង​។​តម្លៃ​នៃ​ការដឹកជញ្ជូន​ទំនិញ​នាំចេញ​នាំចូល​មាន​ប្រមាណ​៦,៨១​ប៊ី​លាន​យ័ន​(៩៤៨,៧២​លាន​ដុល្លារ​)​។​

​គោលដៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​របស់​ខេត្ត​សាន​តុង​ត្រូវ​ដឹក​ជ​ញ្ចូ​ន​ឱ្យបាន​៥០០​ជើង​។​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​,​ទីក្រុង​Jinan​ខេត្ត​សាន​តុង​បាន​បើកផ្លូវ​រថភ្លើង​ជាច្រើន​ខ្សែ​ទៅកាន់​អឺរ៉ុប​និង​អាស៊ី​កណ្តាល​ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​(BRI)​កាន់តែ​ប្រសើរ​។​រថភ្លើង​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​អាស៊ី អឺរ៉ុប ឈី​លុ បានចាប់ផ្តើម​ពី​ជី​ណាន ទៅកាន់​ប្រទេស​ចំណួន​១២​។​

​ពី​ខែមករា​ដល់​មិថុនា​ឆ្នាំ​២០១៩​រថភ្លើង​បានធ្វើ​ដំណើរ​៨១​ជើង​ចេញពី​ជី​ណាន​និង​ដឹកទំនិញ​បាន​៦៥០០០​តោន​និង​មាន​ទំហំ​ទឹកប្រាក់​១៥៥​លាន​ដុល្លារ​។​ទំនិញ​ដែល​នាំចេញ​ចរាចរណ៍​រួមមាន​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ទំនិញ​តូចៗ​រថយន្ត​គ្រឿងបន្លាស់​រថយន្ត​ឧ​បរ​កណ៍​ក្នុងផ្ទះ​ម៉ាស៊ីន​និង​បរិក្ខារ​ជាច្រើន​ទៀត​។​ចំណែក​ទំនិញ​នាំចូល​រួមមាន​អំបោះ​(​ពី​អាស៊ី​កណ្តាល​) ឈើ ម្សៅ និង​គ្រឿងផ្សំ​ផ្លែឈើ​។​

​លោកស្រី​លីវយី​ង​បាន​គូសបញ្ជាក់ថា​៖​រថភ្លើង​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​អាស៊ី​អឺរ៉ុប​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ភស្តុភារ​អន្តរជាតិ​និង​ពាណិជ្ជកម្ម​សម្រាប់​ខេត្ត​សាន​តុង​ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​។​

​គួរ​ជម្រាប​ថា​៖​កាសែត​ដ៏​ធំ​របស់​ចិន​ChinaDaily​និង​រដ្ឋបាលខេត្ត​សាន​តុង​បាន​អញ្ជើញ​អ្នក​សារពត៌មាន​ជាង​១០​ប្រទេស​មកពី កម្ពុជា ចិន អង់គ្លេស អាម៉េរិក អ៊ុយ​ក្រែ​ន រុស្សី ប៉ា​គី​ស្ថាន ជប៉ុន កូរ៉េខាងត្បូង កា​ហ្សា​ក់​ស្ថាន ម៉ុង​ហ្គោ​លី និង ឡាវ ចូលរួម​ក្នុង​កម្មវិធី «Discover Jinan» ពីថ្ងៃ​ទី​៨​ដល់​១២​ខែកញ្ញា ឆ្នាំ​២០១៩៕S/