​រថភ្លើង បុក​រថយន្ត​ស៊ីម៉ាក់ ក្រឡាប់​ផ្ងារជើង របួសស្រាល​ម្នាក់​

1023
ចែករម្លែក

​ដោយៈ​គ្រញូង​ /
​បាត់ដំបងៈ​អ្នកបើកប​រ​រថយន្ត​អង្គភាព​ស៊ីម៉ាក់​ម្នាក់ បាន​រងរបួស​ស្រាល ដោយសារតែ​រថភ្លើង បាន​បុក​រថយន្ត​របស់គាត់ មួយ​ទំហឹង បណ្តាល​ឳ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ នៅពេល​គាត់​កំពុងបើក​រថយន្ត​ឆ្លងកាត់​ផ្លូវ​រថភ្លើង​នោះ​។ គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ត​របស់​អង្គភាព​ស៊ីម៉ាក​នេះ កើតឡើង កាលពី​ម៉ោង​៦:១០ នាទី ល្ងាច​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។​

​ប៉ូលិស​មូលដ្ឋាន បាន​ឳ្យ​ដឹងថា រថយន្ត​ស៊ីម៉ាក់ ទំនង​បើក​ចេញពី​អង្គភាព ហើយ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ស្រាប់តែ​ត្រូវ​រថភ្លើង បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ហើយ​សំណាងល្អ អ្នកបើកបរ គ្រាន់តែ​រងរបួស​ស្រាល ប៉ុន្តែ​គេ មិន​ប្រាប់​ពី​អត្តសញ្ញាណ​អ្នកបើកបរ​នោះទេ ដោយ​គេ​គ្រាន់តែ​ប្រាប់ថា ធ្វើការ​នៅ​អង្គភាព​ស៊ីម៉ាក់​តែប៉ុណ្ណោះ​។​

​ប៉ូលិស​ដដែល បាន​បញ្ជាក់ថា រថភ្លើង​បានចេញ​ដំណើរ​ពី ខេត្តបាត់ដំបង ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ តែ​គេ​មិនទាន់​ដឹងថា ពេល​ជិត​មកដល់ ចំណុច​គ្រោះថ្នាក់​នោះ មាន​អ្នក​ឈរ​ផ្ដល់​សញ្ញា​ដែរ ឬ​អត់​នោះទេ ទើបបានជា​ត្រូវ​បុក​ជាមួយ​រថយន្ត​បែបនេះ​។ ទោះយ៉ាងណា រថភ្លើង​បាន​បន្តដំណើរ ទៅកាន់​គោលដៅ​ដោយសារ​ដឹក​អ្នកដំណើរ ហើយ​អង្គភាព នឹង​ដោះស្រាយ​តាម​ក្រោយ​។ នេះ​ជាការ​ធ្វេសប្រហែស របស់​អ្នកបើកបរ​រថយន្ត ដែល​បើក​ឆ្លងកាត់ ផ្លូវ​រថភ្លើង មិនបាន​ពិនិត្យ​។​

​បើតាម​សម្តី​របស់ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ត្រង់ចំណុច​កើតហេតុ​ការណ៍​នេះ បានឱ្យដឹងថា រថភ្លើង បានផ្ដល់​សញ្ញា​ដែរ មុនពេល​មកដល់ តែ​ទំនងជា​អ្នកបើករថយន្ត មិន​ចាប់អារម្មណ៍ ឬក៏​ផ្គើន​នឹង​ការផ្តល់​សញ្ញា របស់​រថភ្លើង ទើប​ជួប​គ្រោះថ្នាក់​បែបនេះ​។

​ប៉ូលិស​ចរាចរណ៍​ខេត្ត បាន​និយាយថា នេះ​ជា​លើក​ទី​១ ហើយ សម្រាប់​ខេត្តបាត់ដំបង ដែល​រថភ្លើង​បុក​ជាមួយ​រថយន្ត ចាប់តាំងពី​បើកសម្ពោធ ឳ្យ​ប្រើប្រាស់​បណ្តោះអាសន្ន តាំងពី​ចុងខែ​មេសា​មក ។ ដោយឡែក នៅ​ខេត្តបន្ទាយមានជ័យ មាន​គ្រោះថ្នាក់​រថភ្លើង បុក​ជាមួយ​រថយន្ត​តូចធំ ដល់​ទៅ​បី​លើក​៕v

រថយន្ត​របស់​មន្ត្រី​ស៊ីម៉ាក់ ក្រឡាប់​ផ្ងារជើង​ឡើងលើ