ដោយៈចាន់តូ/ភ្នំពេញៈបុរសម្នាក់បើករថយន្ដទាំងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកជាមួយក្បាលនាគពុះទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងច្រង៉ាង។ បង្កការភ្ញាក់ផ្អើល នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧)ក្បែរស្ពានអាកាស ស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកលុចស៊ីល ពណ៌ស NX200t ពាក់ស្លាកលេខភ្នំពេញ 2BB-0088។
បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧)ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿង ព្រមទាំងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏បានរេង្កូចទៅបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដក្រឡាបផ្ងាជើងច្រង៉ាង រងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើករងរបួសស្រាល និងត្រូវសាច់ញាតិដឹកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕S/