​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​ប្តី​ស្លាប់​ប្រពន្ធ​របួសធ្ងន់​

243

(​ពោធិ៍សាត់​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ជា​ប្តី​ស្លាប់​និង​ប្រពន្ធ​បាន​រងរបួស​ធ្ងន់​ត្រូវបាន​គេ​ជួយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

ហេតុការណ៍​ដ៏​រន្ធត់​នោះបាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥០​និង​១៥១ ស្ថិតនៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​កាលពី​វេលា​ម៉ោង​១១៖៤០​នាទី​ព្រឹក នៅ​ថ្ងៃទី​០៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧​។​

​មន្ដ្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បង្កឡើង​ដោយសារតែ រថយន្តក្រុង​ដឹក​អ្នកដំណើរ ពណ៌​ស លាយ​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 3B-6982 ធ្វើ​ចរាចរណ៍ ពី​កើ​តទៅ​លិច ច្រាសទិស​គ្នា​។

លុះដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បង្ក​បត់​ឆ្វេង​ដៃ​ចូល​ហូបបាយ ស្រាប់តែ​ជ្រុល​ទៅបុក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ សេរី​២០១២ ពាក់​ផ្លាកលេខ បាត់ដំបង​1N-3017 បើកបរ​ដោយ​ឈ្មោះ សឿ សាម៉ន អាយុ​៥៤​ឆ្នាំ ភេទ​ប្រុស​ត្រូវជា​ប្តី​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​មន្ដ្រីនគរបាល បាន​បន្ដថា​អ្នករួមដំណើរ​ឈ្មោះ អ៊ុ ហៀ​ប អាយុ​៥៧​ឆ្នាំ ភេទ​ស្រី​ត្រូវជា​ប្រពន្ធ រងរបួស​ធ្ងន់​អ្នក​ទាំងពីរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ជន​រងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​បច្ចុប្បន្ន សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​។

រីឯ វត្ថុតាង រថយន្ត និង​ម៉ូតូ ប្រគល់ជូន​ការិយាល័យ​ចរាចរណ៍ ខេត្តពោធិ៍សាត់ យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕S/​ដោយៈ​ហូ​សាន់​

​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​ប្តី​ស្លាប់​ប្រពន្ធ​របួសធ្ងន់​(រូប៖វ៉េបសាយ)