​រថយន្តបុក​ជាមួយ​ម៉ូតូ​ស្លាប់​២​នាក់​នៅ​ស្រុក​សូទ្រនិគម​

432
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តូយ៉ូតា​តា​កូ​ម៉ា​និង​ម៉ូតូ​ម៉ាក​ឌ្រី​ម​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ស្រម៉​ធំ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ស្រុក​សូទ្រនិគម​បានបញ្ជាក់​ថា​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​បានឃើញ​រថយន្ត​ម៉ាក​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង ២A ៦៩៦០​។​បាន​បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​C១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៧​ពាក់​ស្លាក​លេខ​១H.៣៤៤៧​ដែល​ជិះ​ឌុប​គ្នា​២​នាក់​បណ្តាលឱ្យ​ជនរងគ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

​លោក​បាន​បន្តថា​ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​ជនរងគ្រោះ​ទាំង​២​នាក់​នោះ មានឈ្មោះ​ហាន​ហាក់​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​ជន​ជុំ​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​។​អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ស្រម៉​ធំ​ឃុំ​ដាន​រុន​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។

សាកសព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក​កន្លែង​ប៉ូលីស​ស្រុក​សូទ្រនិគម​។ ៕S/

​រូបភាពៈ រថយន្ត​តា​កូ​ម៉ា​បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម ស្លាប់​២​នាក់​នៅ​ស្រុក​សូទ្រនិគម​
​ក្រោយពី​កើតហេតុ​តៃកុង​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់​៕​