​រថយន្តស្ទូច​ទាំង​២០​គ្រឿង​ត្រូវបាន​បំពាក់​ធុង​សម្រាប់​ដឹក​ទឹក​ចែក​ពលរដ្ឋ​

709
ចែករម្លែក
  • 452
    Shares

ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​បញ្ជា​ទៅគ្រប់​មន្ទីរ​ដែលជា​ខ្សែបណ្តោយ​របស់ខ្លួន​ឲ្យ​បំពាក់​ធុង​ទឹក​លើ​រថយន្ត​ស្ទួ​ច​ដែល​ក្រសួង​បានប្រគល់​ជូន​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សម្រាប់​ដឹក​ទឹក​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​តំបន់​ខ្វះ​ទឹក​។​

រថយន្ត​ស្ទួ​ច​របស់​ធនធានទឹក​ត្រូវបាន​បំពាក់​ធុង​សម្រាប់​ដឹក​ចែក​ពលរដ្ឋ​ខ្វះ​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា បន្ទាប់ពី​ក្រសួង​បាន​បំពាក់​ធុង​ទឹក​សម្រាប់​ដឹក​ទឹក ដោយ​ដាក់​នៅលើ​រថយន្ត​ស្ទួ​ច ដើម្បី​ដឹក​ទឹក​យកទៅ​ផ្គត់ផ្គង់​ដល់​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួលបាន​លទ្ធផល​ល្អ​រួចមក ឯកឧត្តម លឹម គានហោ បាន​បញ្ជា​ទៅគ្រប់​មន្ទីរ​ធនធានទឹក​ឲ្យ​បំពាក់​ធុង​ទឹក​នៅលើ​ឡាន​ស្ទួ​ច ដែល​ក្រសួង​បានផ្តល់​ឲ្យ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​សម្រាប់​ការងារ​អន្តរាគមន៍​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​ខ្វះ​ទឹក​ប្រើ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា រថយន្តស្ទូច​ធុន​មធ្យម ដែល​ក្រសួង​បានប្រគល់​កន្លង​ទៅបាន​ចំនួន​២០​ខេត្តហើយ​ខេត្ត​ដែល​មិនទាន់​ទទួលបាន​ឡានស្ទូច គឺមាន​ឡាន​បែន អាចដាក់​ធុង​ទឹកបាន​ដូច​ឡានស្ទូច​ដែរ ។ រថយន្តស្ទូច​មួយ​អាចដាក់​ធុង​ទឹកបាន​ពីរ ដែល​ធុង​នីមួយៗ មាន​ចំណុះ​ប្រាំ​ម៉ែត្រគូប និង មាន​បំពាក់​ម៉ាស៊ីនបូមទឹក​មួយ​ផងដែរ​។

​គួរ​រំលឹក​ឲ្យ​ដឹងថា​កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅនេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានប្រកាស​ប្រគល់​រថយន្ត​ស្ទួ​ច​ធន​មធ្យម​ឲ្យ​ទៅគ្រប់​មន្ទីរ​នៅតាម​ខេត្ត សម្រាប់​ដឹកជញ្ជូន​សម្ភារ​បរិក្ខា​បម្រើ​ដល់​វិស័យ​ធនធានទឹក ជាពិសេស​ការងារ​អន្តរាគមន៍​បូមទឹក​ដាក់​ដំណាំ​ស្រូវ និង​ពេលនេះ​កំពុង​ត្រូវបាន​យកទៅ​ប្រើប្រាស់​ដឹកជញ្ជូន​ទឹក​ចែក​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើ​ថែមទៀត​។ ខេត្ត​ចំនួន​២០​បានទទួល​រថយន្ត​ស្ទួ​ច​រួចហើយ​៕ ល​