​រថយន្ត​ដឹកឈើ បុក​រថយន្ត​កូន​ស្នងការរង នៅ​ខេត្តកំពង់ឆ្នាំង ផ្ទប់​នឹង​ដើម​គគីរ​

1111
ចែករម្លែក

​កំពង់ឆ្នាំង ៖ រថយន្ត​ម៉ាក​តូយ៉ូតា កាមរី បា​ឡែ​ន មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2G-99 19 ដែលមាន​ផ្ទុះ​ឈើប្រណិត​ពេញ បាន​បើក​បោះពួយ​យ៉ាង​លឿន និង​បាន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស មួយគ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-48 40 របស់​កូន​ស្នងការរង នគរបាល ខេត្តកំពង់ឆ្នាំង ពេញ​មួយ​ទំហឹង ហើយ​រុញ​ផ្ទប់​នឹង​គល់​ដើម​គគីរ ជាប់​របង​សាលាខេត្ត ត្រង់ចំណុច​ផ្លូវខ្វែង​ជា ៤ ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង ៩:៣០ យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ ។​

​អ្នកបើកបរ​រថយន្ត ដឹកឈើ ដែលជា​រថយន្ត​បង្ករ ឈ្មោះ សិទ្ធិ សៅ​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ពិនិត្យមើល សារធាតុ​ញៀន និង​សាកសួរ​យក​ចម្លើយ​។ រីឯ​រថយន្ត​បង្ករ​ត្រូវគេ​ស្ទូច​យក​ចេញពី​កន្លែងកើតហេតុ ។​

​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ត​ម៉ាក​តូយ៉ូតា កាមរី បា​ឡែ​ន ដឹកឈើ ធ្វើដំណើរ ក្នុងទិសដៅ​ពី​ទិស​ជើង​ទៅ​ត្បូង រីឯ​ឯ​រថយន្ត​ព្រូស ធ្វើដំណើរ​ពី​ខាងលិច ទៅខាង​កើត ក្នុងទិសដៅ​ខ្វែងគ្នា ខណៈ​ដល់​ចំណុចកើតហេតុ រថយន្ត​បា​ឡែ​ន ដឹកឈើ​នោះ បាន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស របស់​កូនលោក ជន ថា​រិ​ទ្ធ ជា​ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង ចំពាក់​កណ្តាល​រថយន្ត ហើយ​រុញ​ផ្ទប់​ទៅនឹង​គល់​ដើម​គគីរ មួយ​ដើម​ធំ ដែល​ដុះ​នៅជាប់​នឹង​របង​សាលាខេត្ត ខាងមុខ​ធនាគារជាតិ ទៅមុខ​លែងរួច​តែម្តង​។

​មជ្ឈដ្ឋាន​មួយចំនួន នៅក្នុង​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បច្ចុប្បន្ន គេ​សង្កេតឃើញ មាន​រថយន្ត​ដឹកឈើ រាប់សិប​គ្រឿង ក្នុង​មួយ​យប់ៗ ដែល​ដឹក​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង តាមផ្លូវ​ជាតិ​លេខ​៥ ប៉ុន្តែ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច ដែល​នៅ​បណ្តាក់​គ្នា តាមផ្លូវ​ជាតិ​ដូច​ខ្យង ស្ទាក់ចាប់ ឬ​បង្ក្រាប​បានឡើយ​។ យូរៗ ទើប​គេ​ឃើញ​បង្ក្រាបបាន​ម្តង ដោយសារតែ​ម្ចាស់​រថយន្ត ដឹកឈើ​ទាំងនោះ មិន​បង់លុយ ឬ ទាល់តែ​រថយន្ត​ដឹកឈើ ទាំងនោះ​ខូច បុក​គេ​ក្រឡាប់ ទៅមុខ​លែងរួច ទើប​លើកគ្នា​ទៅ​ដណ្តើម​ឈើ ដណ្តើម​រថយន្ត ៕​ដោយ៖ សន សក្តា / V