​រថយន្ត​ទំនើប​បើក​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​ពេញទំហឹង​

325

(​ភ្នំពេញ​)៖​រថយន្ត​ទំនើប​មួយគ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ទំនង​ស្រវឹងស្រា​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​នោះ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង តាម​បណ្តោយ​មហា​វី​ថី​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​៣​ខែតុលា ឆ្នាំ​២០១៧​។​

​ប្រភព​ព័​ត៌​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ទំនង​ស្រវឹងស្រា​ខ្លាំង បាន​បើករថយន្ត​ម៉ាក BMW- X5 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA- 6951 បានធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើតមក​លិច​។

លុះ​ពេលមកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​ចំនួន ៣​ផ្ទាំង រង​ការខូចខាត និង​ធ្វើ​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​តែម្តង​។ ប៉ុន្តែ​សំណាងល្អ​ដែល​ល​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​។​

​ក្រោយពេល​កើតហេតុ បុរស​ជនជាតិ​ចិន​ខា​ង​លើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​។​ចំណែក​រថយន្ត​សមត្ថកិច្ច​ចុះមក​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕S/ដោយ៖ហូសាន់

​រថយន្ត​ទំនើប​បើក​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​ពេញទំហឹង​(រូប៖វ៉េបសាយ)