​រថយន្ត​ទំនើប​បើក​ថយក្រោយ​បុក​រះ​រថយន្ត​៥​គ្រឿង​ទៀត​ផ្អើល​ពេញមុខ​ផ្សារ TK

761
ចែករម្លែក

ភ្នំពេញៈ​ស្ត្រី​ជនជាតិ​កូ​រេ​ម្នាក់​រួម​ដំណើរ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បាន បើករថយន្ត ថយក្រោយ ជ្រុល​ទៅបុក រះ​រថយន្ត​៥​គ្រឿង​ផ្សេងទៀត បណ្ដាល​ឲ្យ​រង​ការខូចខាត រថយន្ត​យ៉ាងដំណំ នៅមុខ​ផ្សារ​TK​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅត្រង់ចំណុច​មុខ​ផ្សារ​TK ស្ថិតក្នុង​សង្កាត់​បឹងកក់ ទី​១ ខណ្ឌទួលគោក​យប់ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨​។

​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ ស្ត្រី​ម្នាក់ រួម​ដំណើរ បុរស​ម្នាក់ ទៀត ជា​ជនជាតិ​កូ​រេ​ក្នុងស្ថានភាព​ស្រវឹង ជោកជាំ បាន​បើករថយន្ត Lexus RX330​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-5350​។

​រថយន្ត​នោះ ថយក្រោយ តែ​ជាប់​ហ្គែ​រ ក៏​ជ្រុល​ទៅបុក រថយន្ត​៥ គ្រឿង​ទៀត ដែល​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ​មុខ​ផ្សារ​TK បណ្ដាល​ឲ្យ​រថយន្ត​ទាំង​៥ គ្រឿង ខាងលើ​នោះ​រង​ការខូចខាត​រថយន្ត​យ៉ាងដំណំ​។​

​សាក្សី​បាន​បន្តថា​រថយន្ត​រង​គ្រោះ​ទាំងអស់​រួមមាន​រថយន្ត ទី​១ ម៉ាក វី​ស្តូ ពណ៌ ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ.8211​។ ទី​២ ម៉ាក​កាម រី ហៃ​ប្រី​ដ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC.2199 ។​ទី​៣ ម៉ាក កូ​ឡា ពណ៌ ទឹកប្រាក់ ពាក់​ស្លាក លេខ​ភ្នំពេញ 2AL.1016 ។​ទី​៤ ម៉ាក​ព្រូស ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD1769 និង​រថយន្ត​ព្រូស ពណ៌​ផ្សែង​បារី គ្មាន ស្លាក​លេខ ពីព្រោះ​ទើបតែ​ទិញ រួមទាំង​កង់​តូច​មួយគ្រឿង​ទៀត​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​កន្លែងកើតហេតុ ទុកពេល​ឱ្យ​ភាគី​ខាង​រថយន្ត​បង្ក​ដោះស្រាយ​គ្នា​ជាមួយ​ភាគី​ខាង​រថយន្ត​រងគ្រោះ​ទាំង​៥​គ្រឿង​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕S/​

​រថយន្ត​ទំនើប​បើក​ថយក្រោយ​បុក​រះ​រថយន្ត​៥​គ្រឿង​ទៀត​ផ្អើល​ពេញមុខ​ផ្សារ TK