​រថយន្ត​ធុន​ធំ​មួយគ្រឿង​បើក​បុក​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ជ្រុល​ហួស​ផ្ទប់​ទៅនឹង​ដើមឈើ​

238

​(​ស្វាយរៀង​)៖​រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅបុក​ម៉ូតូ​ស្កុប​ពី ពេញទំហឹង​រួច​រុញ​ផ្ទប់​ទៅនឹង​ដើមឈើ​កិន​លើ​ម៉ូតូ និង​មនុស្ស​ជាប់​ពីលើ​របួស​ធ្ងន់ធ្ងរ​២​នាក់​។​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ កើតឡើង​នៅលើ​ផ្លូវបំបែក​ជា​បួន​លេខ​៣១៤​ស្ថិតនៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​យ៉ាង​លឿន​ពី​ទិស​ខាង​លិចទៅ​កើត​។ លុះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​កែង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ក៏មាន​រថយន្ត​ដឹកទំនិញ​មួយគ្រឿង បើក​ពី​ទិស​ខាងត្បូង​មក​ជើង​យ៉ាង​លឿន​។​ខណៈនោះ​ក៏​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ទទឹង​ពេញទំហឹង​រុញ​ផ្ទប់​ទៅនឹង​ដើមឈើ​លើ​ខឿន​ចិញ្ចើមថ្នល់​របង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត កិន​ពីលើ​ជាប់​ទាំង​មនុស្ស និង​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​បែកក្បាល​ធ្ងន់ធ្ងរ ។

​ប្រភព​ដ៏​ដែល​បាន​បន្តថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង ១G-៣៣៤៩ បើកបរ​ដោយ​ឈ្មោះ ឆន វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ស្រម៉ ឃុំ​បុស្ស​មន ស្រុក​រំដួល បើកបរ​ពី​លិចទៅ​កើត​ពាក់មួក​សុវត្ថិភាព​រងរបួស​ធ្ងន់ បាក់ជើង បែកក្បាល សន្លប់​នៅនឹងកន្លែង ។ អ្នករួមដំណើរ​ឈ្មោះ ទឹម សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​បុស​ផ្លាំ​ង ឃុំ​បុស្ស​មន ស្រុក​រំដួល មិន​ពាក់មួក​សុវត្ថិភាព រងរបួស​ធ្ងន់​បាក់ជើង​បែកក្បាល​សន្លប់​នៅនឹងកន្លែង ។​

​ចំណែក​រថយន្ដ​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២​ធ​-០៤៩១ បើកបរ​ដោយ​ឈ្មោះ វ៉ាន់ សាវ៉ា​ត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ឃ្លាំង ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ​។ អ្នករួមដំណើរ​ឈ្មោះ ម៉ៅ ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច ម៉ូតូ និង​រថយន្ដ​បង្ក សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាមច្បាប់ ៕S/​ដោយ​៖​ហូ​សាន់​