​រថយន្ត​ធុន​យក្ស​ដឹកឈើ​លើស​ចំណុះ​កំពុង​បំផ្លាញ​ផ្លូវជាតិ​លេខ​៨​ព្រោះ​ជញ្ជីង​មិន​ហ៊ាន​ថ្លឹង​

3529

(​ព្រៃវែង​)៖​សកម្មភាព​រថយន្ត​វេ​អង​កាច់ចង្កេះ​រាប់សិប​គ្រឿង​ដែល​ដឹកឈើ​ពី​ភូមិភាគ​ឦ​សាន្ត​យកមក​លក់​ជា​រៀងរាល់ថ្ងៃ​នៅតាម​បណ្ដា​ដេប៉ូ​ក្នុង​ខេត្តព្រៃវែង​,​កណ្ដាល​,​និង​ភ្នំពេញ​ដោយ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៨​គឺ​បាន​ដឹក​លើស​ទម្ងន់​កំណត់​និង​លើស​លិខិតអនុញ្ញាត​យ៉ាងច្រើន​លើសលប់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៨​ទ្រាំទ្រ​លែងរួច​រង​ការខូចខាត​យ៉ាងដំណំ​ដូចជា​បាក់​ហូរ​ច្រោះ​ស្រុត​ប្រេះស្រាំ​ជួសជុល​មិន​ឈ្នះ​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៧​មាន​រថយន្ត​មួយគ្រឿង​ម៉ា​កវេ​អង​ដឹកឈើ​បាន​ជាប់ផុង​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៨​ត្រង់ចំណុច​ខាង​លិ​ខ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ប្រហែល​២០០​ម៉ែត្រ បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ព្រោះ​រថយន្ត​ផ្ទុក​ធ្ងន់​ពេក​។

​ក្រុម​អ្នកបើករថយន្ត​នោះបាន​ឲ្យ​ដឹងថា​សម្រាប់​រថយន្ត​វេ​អង​ដឹកឈើ​មួយគ្រឿង​គឺ​គេ​រត់ការ​ជាមួយ​សមត្ថកិច្ច​តាម​ដងផ្លូវ​អស់​ជាង​១​ម៉ឺន​ដុល្លារ គិត​ចាប់ពី​កន្លែង​ដឹក​ចេញ​ដល់​កន្លែង​លក់​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨ ជាពិសេស​ក្រុម​អា ជីវ​ករ ដែលមាន​រថយន្ត​រក​ស៊ី​ដឹកជញ្ជូន​គ្រប់​ប្រភេទ បាន​រិៈ​គន់​ថា រថយន្ត​ធុន​យក្ស​ដឹកឈើ រាប់សិប​គ្រឿងក្នុង​មួយថ្ងៃៗ កំពុង​បំផ្លាញ​ផ្លូវជាតិ​លេខ​៨ និង​ផ្លូវ​ដទៃទៀត​យ៉ាងធ្ងន់ធ្ងរ ដោយ សារ​តែ​រថយន្ត​ទាំងនោះ​មិនបាន​ចូល​ថ្លឹង​នៅ​ជញ្ជីង​ចំណុច​ឃុំ​ព្រៃ​ព្នៅ​ស្រុក​ពារាំង​ខេត្តព្រៃវែង​ទេ​។​

ប្រជាពលរដ្ឋ​បាន​និយាយ​ថាបើ​សម្រាប់​រថយន្ត​របស់​ពួកគាត់ ដែល​ដឹកស្រូវ និង​ដឹក ដំឡូង​វិញ គឺ​មិនដែល​ខកខាន​ឬ​ហួស​១​ជំហាន​ម្តងណា​ឡើយ​ក្នុង​ការចូល​ថ្លឹង​។
​មិនតែប៉ុណ្ណោះ​បើ​មាន​លើស ទម្ងន់​តែ បន្តិចបន្តួច​នោះ គឺ​ត្រូវ​បង់ប្រាក់​ផាកពិន័យ​ដែរ​។

​បើតាម​មន្ត្រី​តូចតាច​ដែល​ប្រចាំការ​នៅ​ជញ្ជីង​ចំណុច​ផ្លូវជាតិ​លេខ​៨​បាន​បង្ហើប​ថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​វេ​អង​កាច់ចង្កេះ​ធុន​យក្ស​ដឹកឈើ​ពាក់​ស្លាក​Logo​កង​ដឹកជញ្ជូន​(N70)​ជា​របស់លោក​ឧត្ដមសេនីយ៍ឯក​ផ្កាយ​បី​យោធា​ហាក់​ម៉ៅ​គឺ​បាន​ដឹកឈើ​ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង​គឺ​មិនដែល​ចូល​ថ្លឹង​ជញ្ជីង​ឡើយ រីឯ​ពួកគាត់​ក៏​មិន​ហ៊ាន​ឃាត់​អី​ដែរ​ខ្លាច​ក្រុម​រថយន្ត​ទាំងនោះ​បុក​។​

​ប្រភព​មួយ​បាន​បង្ហើប​ថា​រថយន្ត​ដឹកឈើ​ទាំងនេះ ក្នុង​មួយគ្រឿង​មាន លិខិតអនុញ្ញាត (PC) ត្រឹមតែ​១៧​ម៉ែត្រគូប​ទេ តែ​គេ​ដឹក​បាន​រហូតដល់ ចំនួន​៤៥​ម៉ែត្រគូប ទៅ​៥៥​ម៉ែត្រគូប ទើប​រត់ការ​ផ្លូវ​អស់​ច្រើន​។​គឺ​ក្នុង​មួយ​រថយន្ត​ទម្ងន់​សរុប​របស់​វា​ទាំង​រថយន្ត និង​ឈើ​គឺ​ចាប់ពី​៦០​តោន ទៅ​៧៥​តោន ដោយ​ទម្ងន់​រថយន្ត​ទទេ​ស្មើ​១៧​តោន​។

ដូចនេះ​រថយន្ត​មួយគ្រឿង​គេ​អាច​ដឹក​ឬ​ផ្ទុក​បាន​ចាប់ពី​៤០​តោន​ទៅ​៥៥​តោន តាម​ឈើ​ធ្ងន់​ឬ​ស្រាល សូម្បីតែ​ផ្លូវ​ស្ពាន​បានកំណត់​ឲ្យ​ដឹក​ផ្ទុក​តែត្រឹម​២៥​តោន​ចុះក្រោម​។​
​ចំពោះ​រថយន្ត​ដឹកឈើ​លើស​លិខិតអនុញ្ញាត​(pc)​នេះ​ផងដែរ លោក ឃឹម អូន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ព្រោះ​ទូរ​សព្ទ័​ចូល​ហើយ​លោក​មិន​ទទួល​។​

​ដោយឡែក​លោក អ៊ុន សុធា ប្រធាន​គ្រប់គ្រង​ជញ្ជីង​ព្រៃ​ព្នៅ និង​ជា​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​ចំពោះ​រថយន្ត​ដឹកឈើ​ដែល​ជាប់ផុង​នៅ​ខាងលិច​រង្វង់​មូល​នោះ​គឺ​ផុតពី​កៅស៊ូ​ទេ​។​ចំណែក​រថយន្ត​ដឹកឈើ​របស់លោក ហាក់ ម៉ៅ​ខាង លើ​នោះ ពិតជា​មិនបាន​ចូល​ថ្លឹង​ប្រាកដ​មែន លោក​ក៏បាន​បញ្ជាក់ដែរថា រថយន្ត​ដឹកឈើ​នេះ មិនមែន​លោក​មិន​ចង់​ចាប់​ថ្លឹង​ទេ តែ​លោក​មាន​ផល​លំបាក ដូច​ដឹង​ស្រាប់​ហើយ​។​

​លោក សេង ឈួន អនុរដ្ឋលេខាធិកា​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ទទួលបន្ទុក​ផ្នែក​ជញ្ជីង​នេះ បាន ឲ្យ​ដឹងថា ការងារ​គ្រប់គ្រង​ការ​ថ្លឹង​ទម្ងន់​នេះ ក្រសួង​មិនបាន​លម្អៀង ចំពោះ​រថយន្ត​ណាមួយ​ទេ គឺ​តម្រូវ និង​ចាប់​ថ្លឹង​ទាំងអស់ ហើយ​កន្លងមក​រថយន្ត​ដឹកឈើ​នេះ ក៏​ធ្លាប់បាន​ចាប់​ជា​ញឹកញាប់​ដែរ​ចំពោះ​បញ្ហា​ខាងលើនេះ​លោក​នឹង​ពិនិត្យមើល​ឡើងវិញ​៕S/​ដោយ​៖​ចាន់ ថន​