​រថយន្ត​ធំ​ពីរ​គ្រឿង​បុក​គ្នា​ធ្លាយ​ប្រេង​ខ្មៅ​ស្រោច​ពេញ​បង្ក​ឱ្យ​ស្ទះចរាចរណ៍​មួយ​ព្រឹក​

198
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​ធំ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​បែកធ្លាយ ប្រេង​ខ្មៅ​ហូរ ពាសពេញ​ផ្លូវ រអិល​មិន​អាចធ្វើ​ចរាចរណ៍​បាន​។​តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ដោយ​គ្រាន់តែ​កកស្ទះ​ចរាចរណ៍​អស់​មួយ​ព្រឹក​ទំរាំ​អាជ្ញាធរ​អន្តរាគមន៍​បាញ់​ទឹក​លាង​សម្អាត​រួចរាល់​។​

​ករណីនេះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​ត្រង់ចំណុច​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល​ចន្លោះ​គីឡូម៉ែត្រ​លេខ​(១០៣=១០៤)​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំសីមា​ទឹកដី​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថៃ្ង​ទី​២៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្តបុក​ប៉ះគ្នា​រវាង​រថយន្ដ​ដឹក​ប្រេង​ខ្មៅ​ក្រុមហ៊ុន​PTT ជាមួយ រថយន្ត​ដឹកទំនិញ​នៅ​ចំណុចកើតហេតុ​ខាងលើ​បណ្តាលឱ្យ​ធ្លាក់​រថយន្ដ​ពីលើ​ផ្លូវ ចូលទៅ​ក្នុងព្រៃ​។​បង្ក​ឱ្យ​ធ្លាយ​ប្រេង​ខ្មៅ​ហូរ​ស្រោច​លើផ្លូវ​តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ។

​ករណីនេះ​ក្រោយ​កើតហេតុ​អជ្ញាធរ​បាន​ផ្អាក​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​បណ្តោះអាសន្ន​ដើម្បី​លាង​សម្អាត​ប្រេង​ពីលើ​ផ្លូវ និង​អំពាវនាវ​ដល់​អ្នកបើក​បរ​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​នេះ បង្កើន​ការប្រុងប្រយ័ត្ន​និង​ស្តាប់​ការបញ្ជា​ចរាចរណ៍​ពី​សមត្ថកិច្ច​រហូតដល់​ការលាង​សម្អាត​ប្រេង​ពីលើ​ផ្លូវ​បាន​រួចរាល់​៕S/